ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យអ្នកគួរតែទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានទឹកគ្រប់គ្រាន់ គឺសំខាន់ខ្លាំងណាស់សម្រាប់រាងកាយទាំងមូលដំណើរការមុខងារបានត្រឹមត្រូវ។ នៅពេលស្រេកទឹក អ្នកគួរតែទទួលទានទឹកដោយសារវាជាសញ្ញាមួយដែលបញ្ចាក់ថារាងកាយកំពុងត្រូវការ។ ទោះជាយ៉ាងណាប្រសិនបើអ្នកចេះតែស្រេកទឹកសឹងគ្រប់ពេលនោះវាអាចជាសញ្ញានៃភាពមិនប្រក្រតីណាមួយកំពុងកើតឡើងចំពោះសុខភាពរាងកាយហើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួននៃបញ្ហាស្រេកទឹកមិនឈប់ ៖
១. កង្វះគ្រាប់ឈាមក្រហម
កង្វះគ្រាប់ឈាមក្រហមដែលបណ្ដាលមកពីការបាត់បង់ឈាមអាចជាមូលហេតុចម្បងមួយនៃបញ្ហាស្រេកទឹកមិនឈប់ ក៏ព្រោះរាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីស្ដារបរិមាណឈាមឱ្យធម្មតាឡើងវិញ។ ហើយស្ត្រីជាអ្នកដែលងាយនឹងជួបប្រទះអាការៈស្រេកទឹកបែបនេះបំផុតខណៈពេលមករដូវដោយពួកគេត្រូវបាត់បង់ឈាមមួយចំនួន។ ដើម្បីជាការប្រសើរប្រសិនបើការស្រេកទឹកមិនឈប់មានអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាស្បែកស្លេកស្លាំង ភាពខ្លីនៃដង្ហើម អស់កម្លាំង វិលមុខ និងបេះដូង
លោតញាប់ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម។
២. សម្ពាធឈាមចុះទាប
មានកត្តាច្រើនណាស់ដែលបណ្ដាលឱ្យសម្ពាធឈាមចុះទាបក្នុងនោះរួមបញ្ចូលទាំងបញ្ហាបេះដូង ការបាត់បង់ឈាម បញ្ហាប្រព័ន្ធអង់ដូគ្រីន អាឡែកស៊ីធ្ងន់ធ្ងរ ការមានផ្ទៃពោះ ស្ត្រេសរ៊ាំរ៉ៃ កង្វះជាតិទឹកក្នុងរាងកាយ និងទម្លាប់មិនល្អនៃការទទួលទានជាដើម។ ហើយមួយក្នុងចំណោមអាការៈផ្សេងៗដែលអ្នកមានបញ្ហាសម្ពាធឈាមចុះទាបជួបប្រទះ គឺការស្រេកទឹកមិនឈប់។ នោះក៏ព្រោះរាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីបង្កើនសម្ពាធឈាមប្រក្រតី។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាសម្ពាធឈាមចុះទាបរួមមានធីងធោងក្នុងខ្លួន អស់កម្លាំង ព្រិលភ្នែក ធ្លាក់ទឹកចិត្ត និងសន្លប់បាត់ស្មារតី។
៣. ទឹកនោមផ្អែម
រោគសញ្ញាចម្បងបំផុត ៣ នៃជំងឺទឹកនោមផ្អែម គឺឃ្លានខ្លាំង នោមញឹក និងស្រេកទឹកមិនឈប់។ អ្នកជំងឺទឹកនោមផ្អែមស្រេកទឹកមិនឈប់ដោយសារតែកម្រិតនៃជាតិស្ករគ្លុយកូសកើនឡើងខ្ពស់ក្នុងឈាម។ម្យ៉ាងទៀតការស្រេកទឹកមិនឈប់នេះក៏បណ្ដាលមកពីអ្នកជំងឺនោមញឹកជាងធម្មតាផងដែរ។ ការទទួល
ទានទឹកកាន់តែច្រើនជួយរំលាយបរិមាណជាតិស្ករដែលលើសក្នុងចរន្តឈាមនិងបំពេញជាតិទឹកដែលបាត់បង់។ ប្រសិនបើការស្រេកទឹកមិនឈប់ ឃ្លានខ្លាំង នោមញឹកមានអមមកជាមួយអាការៈផ្សេងទៀតដូចជាអស់កម្លាំង ព្រិលភ្នែក ស្រកទម្ងន់ខ្លាំង ស្ពឹក ឬឈឺចាក់ឆៀបៗត្រង់ដៃជើង និងរបួសមិនងាយជា
ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម៕