Join with Health.com.kh on Telegram

នរណាក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់បញ្ហាសក់ជ្រុះដោយគ្រាន់តែទទួលទានអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ស្កាត់សក់ជ្រុះ ៖ 

១. គ្រាប់ឪឡឹក

មានផ្ទុកសម្បូរទៅដោយជាតិដែក ប្រូតេអ៊ីន ជាតិទង់ដែង និងម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សុខភាពនៃសក់ល្អប្រសើរ។ ប្រូតេអ៊ីន គឺជាធាតុសំខាន់មួយជួយក្នុងការលូតលាស់នៃសក់ ដូច្នេះហើយទើបគ្រាប់ឪឡឹក គឺជាអាហារសម្រន់ដ៏សំខាន់មួយសម្រាប់អ្នកដែលមានបញ្ហាសក់ជ្រុះ ឬសក់ស្ដើង។  រីឯជាតិម៉ាញ៉េស្យូមវិញ គឺជាធាតុចាំបាច់មួយជួយរក្សាឱ្យសក់មានសភាពរឹងមាំ និងបង្ការបញ្ហាបែកចុង។ ខណៈដែលជាតិទង់ដែង គឺដើរក្នុងការផលិតមេឡានីនដែលផ្ដល់ពណ៌ដល់សក់ និងធានាបានថាសក់មានសភាពភ្លឺរលាស់ស្រស់ស្អាត។

២. បង្គា

នោះក៏ព្រោះតែបង្គាជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសី ហើយកង្វះនៃជាតិស័ង្កសីជាកត្តាចម្បងបំផុតមួយដែរនៃបញ្ហាជ្រុះសក់។ ដូច្នេះចូរបន្ថែមបង្គាក្នុងរបបអាហារប្រចាំថ្ងៃ ឬបង្កើនការទទួលទានបង្គា ដើម្បីទទួលបាននូវជាតិស័ង្កសីគ្រប់គ្រាន់។

៣. ការ៉ុត

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលចាំបាច់សម្រាប់ការផលិតជាតិប្រេងធម្មជាតិនៃសក់ ដើម្បីរក្សាបាននូវស្បែកក្បាលមានសុខភាពល្អ។ ប្រសិនបើគ្មានជាតិប្រេងគ្រប់គ្រាន់ទេនោះស្បែកក្បាលនឹងប្រែជាស្ងួត ងាយជ្រុះ ហើយរមាស់។

៤. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព និងបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។

៥. ស៊ុត

ជាប្រភពដ៏ប្រសើរនៃសារធាតុ Biotin និង Protein ដែលសំខាន់សម្រាប់សុខភាពស្បែកក្បាល ព្រមទាំងការលូតលាស់នៃសក់។

៦. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម៕