Join with Health.com.kh on Telegram

តើបងប្អូនជឿទេថា របៀបរស់នៅបែបស៊ីដេកៗ ឬអង្គុយច្រើនជាងដើរ គឺជាមូលហេតុមួយដែលនាំឲ្យកើតជំងឺជាពិសេសជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយ ការប្រើប្រាស់ជីវិតរស់នៅដែលមានភាពសកម្មរយៈពេលមួយម៉ោងទៅ ពិតជាអាចកាត់បន្ថយការប្រឈមមុខនឹងជំងឺខាងលើបានយ៉ាងអស្ចារ្យជាមិនខាន។ យ៉ាងណាមិញ ផ្នែកល្អមួយគឺថា ការហាត់ប្រាណអាចជួយអ្នកកាត់បន្ថយការប្រឈមនឹងផលវិបាកជាច្រើនដែលទាក់ទងនឹងជំងឺបេះដូង។ មិនត្រូវគិតថា វាយឺតពេលឡើងក្នុងការចាប់ផ្តើមហាត់ប្រាណ ឬយកឡេះថា ជំងឺបេះដូងមិនអាចហាត់ប្រាណបានឡើយ។ ដូច្នេះបើសិនជាអ្នកមានជំងឺបេះដូងមែន ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដែលវាត្រូវបានណែនាំពីអ្នកជំនាញខាងជំងឺបេះដូងផ្ទាល់តែម្តង។ 

  • បើសិនជាអ្នកត្រូវបានគ្រូពេទ្យកំណត់រោគវិនិច្ឆ័យថាមានបញ្ហាបេះដូងមែន ឬកំពុងតែស្ថិតក្នុងការព្យាបាល ការហាត់ប្រាណខ្លាំងក្លាពេកគឺជាអ្វីដែលត្រូវហាមឃាត់ហើយ ព្រោះវានឹងដាក់សម្ពាធដល់បេះដូង និងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត។ 
  • បើសិនជាអ្នកទើបតែវះកាត់បេះដូងថ្មីៗនេះ ឬកំពុងតែរៀបគម្រោងហាត់ប្រាណ ចូរចាប់ផ្តើមដោយការដើរវិញ។ ការដើរលឿនៗជាទម្រងហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែចូរប្រាកដថា អ្នកអាចដើរពី ៤ ទៅ៦គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកអាចចាប់ផ្តើមហាត់ប្រាណក្រោយពីវះកាត់បេះដូងរួចរយៈពេល ៤ ទៅ៦សប្តាហ៍ក្រោយ។ 
  • បើសិនជាអ្នកមានគម្រោងហាត់ប្រាណនៅផ្ទះ ឬក្នុងក្លិបហាត់ប្រាណ ចូរហាត់ត្រឹម ៥ ទៅ៦ដងក្នុងមួយសប្តាហ៍បានហើយ ដោយប្រើពេល ៥ ទៅ១០នាទីសម្រាប់ការដកដង្ហើមជ្រៅៗ ឬហាត់យូហ្គា។ បើសិនជាអ្នកមានជំងឺបេះដូង ហើយមិនខ្វល់ថាវះកាត់ឬអត់ទេ ចូរប្រាកដថា ចូរហាត់ប្រាណពី ១៥ ទៅ២០នាទី ដោយប្រើពេល ៥នាទីដើម្បីកម្តៅសាច់ដុំសិន និង ៥នាទីសម្រាប់ឈប់សម្រាក ដើម្បីសុខភាពបេះដូង។
  • អ្នកអាចចាប់ផ្តើមដោយការហាត់ប្រាណធម្មតាៗដូចជា ការរត់យឺតៗ ឬហែលទឹក។ ការឡើងកាំជណ្តើរជំនួសការជិះជណ្តើរយន្ត និងប្រាកដថាអាចដើរបាន ៣០នាទីជារៀងរាល់ថ្ងៃ វានឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងមួយចំពោះសុខភាពបេះដូង ព្រមទាំងអាចគ្រប់គ្រងជាតិស្ករក្នុងឈាម និងសម្ពាធឈាមបានទៀត។ 
  • អ្នកក៏អាចហាត់ប្រាណបែបអ៊ែរ៉ូប៊ិក ឬហាត់ប្រាណដើម្បីបេះដូងដើរញ៉ាប់បាន ប៉ុន្តែហាមហាត់ប្រាណដោយលើករបស់ធ្ងន់ៗ។ ការហាត់ប្រាណបែបអ៊ែរ៉ូប៊ិកមានដូចជា ការលេងវ៉ៃសី ជិះកង់ រាំជាដើម។ 
  • ចូរកុំចាប់ផ្តើមហាត់ប្រាណដោយការអាវ៉ង់ព្រោះវាអាចដាក់សម្ពាធដល់បេះដូងកាន់តែខ្លាំង ប៉ុន្តែគួរតែជ្រើសរើសលំហាត់ប្រាណណាដែលបង្កើនកម្លាំងសាច់ដុំ ឬពង្រីកសាច់ដុំវិញ។ 
  • នៅពេលហាត់ប្រាណអ្នកគួរតែថែរក្សាគោលដៅចង្វាក់បេះដូងឲ្យបានហ្នឹងនរផង និងកុំឲ្យដើរញ៉ាប់ពេក។ ឧទាហរណ៍ បើសិនជាអ្នកអាយុ ៤០ឆ្នាំ នោះត្រូវយក ២២០ – ៤០ = ១៨០ មានន័យថា ចង្វាក់បេះដូងអ្នកត្រូវឲ្យទាបជាង ១៨០ដងក្នុងមួយនាទីនេះក្នុងពេលកំពុងហាត់ប្រាណ។ ដោយជាទូទៅត្រឹម ១៣៥ដងក្នុងមួយនាទីគឺគ្រប់គ្រាន់ហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការៈឈឺទ្រូងភ្លាមៗខណៈពេលកំពុងតែហាត់ប្រាណ ឬពិបាកដកដង្ហើម ចូរបញ្ឈប់ការហាត់ប្រាណ និងទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕