សៀមរាប​: រថយន្ត​ចាស់ៗ​ចំនួន​២​គ្រឿង ត្រូវបាន​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ជា​ភាព​ទាក់ទាញ និង​បង្ហាញ​អំពី​អ្វីដែល​គេ​ធ្លាប់​និយាយថា រថយន្ត​ជិះ​ទាល់តែ​ដាំ​ខ្ទឹម​។ ឥឡូវ​មនុស្ស​មួយចំនួន បានឃើញ​ផ្ទាល់​ភ្នែក​ហើយ ពិតជា​យក​រថយន្ត​ទៅ​ដាំ​ខ្ទឹម​មែន​។​

​រថយន្ត​ទាំង​២​គ្រឿង គឺជា​រថយន្ត​កាលីហ្វ័រ​នីញ៉ា ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ហើយ​រថយន្ត​នេះ​ជា​ប្រភេទ​រថយន្ត​ចាស់ៗ មួយគ្រឿង​ពណ៌​ទឹកប៊ិច និង​មួយគ្រឿង​ទៀត​ពណ៌​ឈាមជ្រូក ដែល​គេ​ដាក់តាំង​នៅមុខ​បុរី​ភូមិឋាន​សំណាង ស្ថិតនៅក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​រថយន្ត​ទាំង​២​គ្រឿង​នេះ ត្រូវបាន​គេ​ដាំ​ខ្ទឹម​ពិតប្រាកដ​មែន នៅ​ផ្នែក​កៅអី​ខាងក្រោយ​ទាំង​២​គ្រឿង ដែល​គេ​ដោះ​គ្រឿងគ្រៅ​ចេញ​អស់ ហើយ​ផ្សា​រដែ​កបាំង និង​ចាក់ដី​ឲ្យ​ពេញ និង​ផ្នែក​គូទ​ខាងក្រោយ​ក៏​យ៉ាង​ដូច្នោះ​ដែរ គែ​ចាក់ដី​ឲ្យ​ពេញ​ហើយ​ដាំ​ខ្ទឹម​ដូចគ្នា​។​

​គេ​មិនបាន​ពណ៌នា​ឲ្យ​បាន​លំអិត​ទេ រឿង​ឡាន​ដាំ​ខ្ទឹម​ទាំង​២​នេះ ប៉ុន្តែ​អ្នកទទួលខុសត្រូវ​លក់​គំរោង​ផ្ទះ​នៅ​ទីនោះ បាន​និយាយថា កន្លងមក​គេ​មិនដែល​ឃើញ​មាន​រថយន្ត​ចាស់ៗ ដែល​ប្រើ​មិនកើត យកមក​ដាំ​ខ្ទឹម​ទេ ប៉ុន្តែ​ពេលនេះ​គឺធ្វើឡើង​ពិតមែន ដោយ​ម្ចាស់​បាន​ទិញ​រថយន្ត​កញ្ចាស់ៗ​ដែល​ប្រើ​មិនកើត មក​ដាំ​ខ្ទឹម ហើយ​លំអរ​នៅមុខ​បុរី​របស់ខ្លួន​។ ទាំងនេះ​បញ្ជាក់ថា កន្លងមក​លឺ​តែ​ថា​រថយន្ត​ជិះ​ទាល់តែ​ដាំ​ខ្ទឹម ឥឡូវ​គេ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ គឺ​រថយន្ត​ដាំ​ខ្ទឹម​ពិតមែន​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង