ខ្នុរ ជាផ្លែឈើហូបផ្លែមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ខ្នុរអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែខ្នុរក្នុងកម្រិតមធ្យម ៖

១. ជួយឱ្យស្រកទម្ងន់

នោះក៏ព្រោះតែខ្នុរមានផ្ទុកជាតិកាឡូរីទាបនិងគ្មានជាតិខ្លាញ់ ប៉ុន្តែសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពរាងកាយខ្ពស់។ ដូច្នេះហើយទើបអ្នកចង់សម្រកទម្ងន់អាចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារបាន។

២. សុខភាពឆ្អឹង

ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជួយពង្រឹង និងលើកកម្ពស់សុខភាពឆ្អឹងល្អរឹងមាំទប់ស្កាត់បញ្ហាឆ្អឹងផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយបង្កើនដង់ស៊ីតេឆ្អឹង និងកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូមតាមរយៈតម្រងនោមផងដែរ។

៣. បង្កើនថាមពលរាងកាយតាមបែបធម្មជាតិ

ផ្លែខ្នុរមានផ្ទុកនូវជាតិស្ករធម្មជាតិ fructose និង sucrose ដែលផ្ដល់នូវអ្នកនូវថាមពលបន្ថែមភ្លាមៗ។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ខ្នុរ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ប្រឆាំងនឹងរោគឆ្លងផ្សេងៗគួរឱ្យកត់សម្គាល់ផងដែរ។

៥. សុខភាពស្បែក

នោះក៏ព្រោះតែខ្នុរជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលមិនត្រឹមតែចាំបាច់សម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះស្បែកផងដែរដោយវាជួយបង្កើនការផលិតកោសិកាស្បែក។

៦. បង្កើនការរំលាយអាហារ

ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយបង្កើនការរំលាយអាហារ និងទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងប្រសើរ។

៧. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នោះក៏ព្រោះតែផ្លែខ្នុរជាប្រភពដ៏ប្រសើរនៃវីតាមីន  B6 ដែលមានប្រសិទ្ធិភាពកាត់បន្ថយកម្រិត homocystei ក្នុងឈាម។ Homocystein ជាសារធាតុដែលបង្កបញ្ហានៃជំងឺស្ទះសសៃឈាមបេះដូង។

៨. គ្រប់គ្រងសម្ពាធឈាម

ខ្នុរ ក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ហើយការរក្សាបាននូវសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺបេះដូង, ដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺលើសសម្ពាធឈាម។

៩. ទប់ស្កាត់ជំងឺមហារីក

ខ្នុរ ជាប្រភពដ៏ប្រសើរនៃសារធាតុ phyto-nutrients ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកតាមរយៈការកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺចេញពីរាងកាយ។

១០. បង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត

នោះក៏ព្រោះតែខ្នុរមានផ្ទុកសម្បូរទៅដោយជាតិរ៉ែទង់ដែងដែលដើរតួនាទីយ៉ាងសំខាន់ជួយដល់ក្រពេញទីរ៉ូអ៊ីតក្នុងការផលិតនិងស្រូបយកអ័រម៉ូន៕