ថ្វីបើមានជំនឿបុរាណខ្លាំងក៏ពិតមែន តែជនជាតិដើមភាគតិច បានភ្ជាប់ជំនឿរបស់ខ្លួនទៅនឹងវិទ្យាសាស្ត្រពិត ឬអាចនិយាយបានថា ស្រដៀងជនជាតិខ្មែរយើង។
កាលពីអត្ថបទមុន ក្រុមការងារ Sabay បានជម្រាបជូនពីជំនឿសំខាន់ ៤ចំណុច ដែលជាចំណេះដឹងទូទៅថ្មី១ ដែលយើង គួរដឹងមុនចូលទៅក្នុងភូមិ ឬសហគមន៍របស់ជនជាតិដើមភាគតិច។
Sabay មានចំណេះដឹងបន្ថែម ៥ចំណុចទៀត ជូនលោកអ្នកជ្រាប អំពីជំនឿបុរាណ របស់ជនជាតិដើមភាគតិច ដែលបន្តគោរពខ្លាំងនាពេលបច្ចុប្បន្ន។
តាមការបកស្រាយ លោក ង៉ាច សាមីន ប្រធានសមាគមយុវជន ជនជាតិដើមភាគតិច បានប្រាប់ Sabay ថាជាបទពិសោធន៍ ដែលលោកបានដឹង និងបានរៀនសូត្រពីឪពុកម្ដាយ ឬ ចាស់ទុំរបស់ជនជាតិដើមភាគតិចកន្លងមក មានជំនឿ ៥ចំណុចបន្ថែម ដែលជនជាតិដើមភាគតិចមានជំនឿខ្លាំង។
លោកបញ្ជាក់ថា ជនជាតិដើមភាគតិច នៅតែមានការអនុវត្ត និងគោរពចោលមិនបាន រហូតដល់បច្ចុប្បន្ន របស់ជនជាតិ មានលំនាំលក្ខណៈស្រដៀងៗគ្នា ទៅតាមតំបន់នីមួយៗ។
១. មុនពេលអាពាហ៍ពិពាហ៍
មុនរៀបការ គូដណ្ដឹង ឬកូនកំលោះ កូនក្រមុំ មិនត្រូវដើរលេង ឬធ្វើអ្វីជ្រុលជ្រួស ដែលផ្ទុយនឹងក្រមសីលធម៌ ឬច្បាប់ប្រពៃណីនោះទេ។ ក្នុងនោះមានដូចជា ការរួមនីតិសង្វាសមុនពេលរៀបអាពាហ៍ពិពាហ៍ ហៅថា ការរួមភេទ ព្រោះគេត្រណមខ្លាចមានគ្រោះថ្នាក់ណាមួយ ដល់សមាជិកគ្រួសារ ឬសមាជិកសហគមន៍។ ចំណុចនេះ គឺចង់សំដៅដល់ ការគោរព និងឲ្យតម្លៃចំពោះអ្នកដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា ពិសេសព្រលឹងដូនតា អារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី កុំឲ្យខឹង ឬអាចធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ។
ចំណុចនេះ ស្រដៀងនឹងទំនៀមទម្លាប់ខ្មែរយើង ពីបុរាណ តដល់សព្វថ្ងៃ ដើម្បីរក្សាភាពស្អាតស្អំ គោរពសិទ្ធិ និងឲ្យតម្លៃ មិនរំលោភបំពានគ្នា រហូតដល់ក្រាលក្បាលដល់កន្ទេល និងរួមរស់យូរអង្វែង។
២. អ្នកមកពីឆ្ងាយ
និយាយឲ្យស្រួលស្ដាប់ គឺអ្នកមិនមែនម្ចាស់ស្រុក ដែលចូលក្នុងភូមិតែម្ដង។ អ្នកចំណូលថ្មី គឺជនជាតិដើមភាគតិច មិនអាចអនុញ្ញាតឲ្យទៅងូតទឹកអូរ ក្នុងភូមិដែលខ្លួនទើបបានទៅដល់ភ្លាមនោះទេ។ ជំនឿនេះ ការពារការចម្លងជំងឺនានា និងបង្ការខ្លាចមានករណីស្ត្រីដែលធ្លាប់រំលូតកូន។ ជនជាតិដើមភាគតិចភាគច្រើនរស់នៅបែបធម្មជាតិ ក្នុងព្រៃភ្នំ និងអាចងាយឆ្លង។
ដូច្នេះជំនឿនេះ ខ្លាចអ្នកមកថ្មី នៅមានជំងឺឈឺនៅឡើយ ហើយអាចជះឥទ្ធិពលដល់ក្រុមអ្នកក្នុងភូមិ ជាពិសេសអារក្សទឹកគេប្រកាន់ណាស់។ ត្រណម ឬវិន័យនេះ ក៏ត្រូវបានអនុវត្តផងដែរ ចំពោះស្ត្រីដែលរស់នៅក្នុងសហគមន៍នោះ ឬស្ត្រីដែលទើបនឹងឆ្លងទន្លេរួចថ្មីៗផងដែរ។
៣. ពេលចូលព្រៃជ្រៅ
ដាច់ខាត មិនត្រូវនិយាយផ្ដេសផ្ដាស ចំអកឡកឡឺយគ្នាលេង ឬពោលពាក្យមិនសមរម្យ ឬនិយាយពីអ្វីដែលយើងមើលឃើញក្តី ឬមើលមិនឃើញក្តី។ ចំណុចនេះជនជាតិដើម គេគិតថា ក្នុងព្រៃមានសត្វសាហាវ ឬព្រលឹងវិញ្ញាណក្នុងព្រៃជ្រៅ ដែលនៅជុំវិញទីនោះ។ ជាក់ស្ដែង ពេលចូលព្រៃជ្រៅគួរប្រុងប្រយ័ត្នខ្លួន ជាជាងនិយាយលេងប៉ប៉ាច់ប៉ប៉ោច ភ្លេចភ្លាំង អាចនាំទុក្ខ ឧទាហរណ៍ អាចជាន់សត្វ ឬពស់ពិសជាដើម។
ជនជាតិដើមជឿថា នៅព្រៃមានត្រណម ព្រោះព្រលឹង ឬវិញ្ញាណខ្លះ អាចមកធ្វើទុក្ខដល់យើង ពេលកំពុងធ្វើដំណើរក្នុងព្រៃ ឬពេលត្រលប់មកវិញ ដែលអាចបណ្ដាលឲ្យ ឈឺគ្រុន និងជួនកាលអាចនឹងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្ដាលមកពីការនិយាយផ្ដេសផ្ដាសទាំងនោះ។
៤. ពេលកូនចេញពីផ្ទះ ឬទៅណាឆ្ងាយ
ពេលមានកូនចៅត្រូវចេញឆ្ងាយម្ដងៗ ម្ចាស់ស្រុក ឬចាស់ទុំក្នុងភូមិ មានដូចជា លោកយាយ លោកតា ឬឪពុកម្ដាយ និងសាច់ញាតិ ច្រើននិយមធ្វើពិធីសែន ដើម្បីសុំសេចក្ដីសុខ និងសុវត្ថិភាពក្នុងពេលបំពេញបេសកកម្មនោះ។ បើគិតពីផ្នែកវិទ្យាសាស្ត្រ វិធីនេះ គឺជាជំនួយផ្លូវចិត្ត១ ដែលពង្រឹងស្មារតីដល់បុគ្គលដែលត្រូវធ្វើដំណើរទៅទីណាឆ្ងាយ។
បើជនជាតិខ្មែរយើង ច្រើនតែនិយមធ្វើពិធីជប់លាងស្វាគមន៍គ្នា ឬបើពេលមានបែកគ្នាទៅកន្លែងផ្សេងគ្នា គឺមានពិធីលាគ្នាជាដើម ដែលភាសាអង់គ្លេសហៅថា Farewell party។
៥. ត្រណមសម្រាប់ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ
ជនជាតិដើមភាគតិច ត្រណមមិនត្រូវឲ្យដើរទៅណាឆ្ងាយតែម្នាក់ឯង ឬដើរទៅណាមកណាយប់ជ្រៅពេកទេ។ ម្យ៉ាងទៀត គេមិនឲ្យហូបបាយកក មិនត្រូវងូតទឹកយប់ជ្រៅពេក និងមិនឲ្យធ្វើកិច្ចធ្ងន់ៗ ពីព្រោះអាចបង្កឲ្យគ្រោះថ្នាក់ដល់ម្ដាយ ឬប៉ះពាល់កូន។ ជាការពិត រឿងនេះដូចគ្នានឹងស្ត្រីទូទៅ មិនថាជនជាតិអ្វីទេ គឺប្រយ័ត្នខ្លាំង ដើរម្នាក់ឯងមិនល្អទេ ព្រោះខ្លាចប៉ះចំពេលកូនកើតមុនខែ ឬមានបញ្ហាសុខភាពបន្ទាន់នានា គ្មានអ្នកជួយ។
បន្ថែមពីនេះ ជនជាតិភាគតិច មានជំនឿថា ជិតគ្រប់ខែ ស្ត្រីមានផ្ទៃពោះងាយប្រឈមនឹងមានវិញ្ញាណអាក្រក់ផ្សេងៗ តាមបៀតបៀន ដូច្នេះត្រូវមានត្រណមខ្លាំង។
លោក ង៉ាច សាមីន ប្រធានសមាគមយុវជន ជនជាតិដើមភាគតិច បានបញ្ជាក់ថា បើសិនមានបុគ្គលណាម្នាក់មិនគោរពតាមទំនៀមទម្លាប់ ឬច្បាប់ប្រពៃណីទេ នោះចាស់ទុំនិងអ្នកភូមិនឹងចាប់ជននោះមកដាក់ពិន័យទៅតាមប្រភេទ នៃបទល្មើសដែលបានកំណត់ក្នុងច្បាប់ប្រពៃណី និងផ្អែកតាមស្ថានទម្ងន់ទោសដែលប្រព្រឹត្តិ ឬបានបំពានដោយបុគ្គល ទៅតាមជនជាតិដើមភាគតិចនីមួយៗ។
ប្រភព៖ sabay.com.kh