វាមិនមែនជារឿងស្រួលខ្លួនប៉ុន្មានឡើយ ប៉ុន្តែវាពិតជារឿងធម្មតាទេក្នុងការមានអាការៈរាករូសមុនពេល និងក្នុងពេលមករដូវ។ ការប្រែប្រួលអ័រម៉ូនដូចគ្នាដែលធ្វើឲ្យស្បូនកន្ត្រាក់ និងជម្រុះស្រទាប់អង់ដូម៉ែត្រក៏អាចមានឥទ្ធិពលទៅលើផ្លូវក្រពះពោះវៀនដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលវាច្រើនតែគ្មានអ្វីដែលត្រូវបារម្ភក៏ដោយ តែមានរឿងជាច្រើនទៀតដែលអ្នកអាចធ្វើបានដើម្បីបង្ការ ឬបន្ថយការរាករូសដែលទាក់ទងនឹងការមករដូវបាន។ 

ហេតុអ្វីបានជាកើតជាការរាករូសបែបនេះ?

អ្នកជំនាញមិនបានដឹងច្បាស់ថាហេតុអ្វីបានជាមនុស្សមួយចំនួនមានការរាករូសក្នុងពេលមករដូវឡើយ។ ប៉ុន្តែភាគច្រើនគេជឿថា វាជាប់ទាក់ទងគ្នាយ៉ាងខ្លាំងទៅនឹងការកើនឡើងរបស់អ័រម៉ូន Prostaglandins ដែលត្រូវបានបញ្ចេញមុនពេលមករដូវ។ អ័រម៉ូនមួយនេះនឹងធ្វើឲ្យស្បូនកន្ត្រាក់ដើម្បីជម្រុះស្រទាប់អង់ដូម៉ែត្រដែលដុះក្រាសនោះចេញមកខាងក្រៅ។ ពេលខ្លះ វាក៏ធ្វើឲ្យកន្ត្រាក់ដល់ពោះវៀនដែរ ទើបធ្វើឲ្យមានអាការផ្លូវក្រពះពោះវៀនមួយចំនួនរួមទាំង រាករូសផង។ 

ជាមួយគ្នានេះដែរ អ័រម៉ូនខាងលើក៏ទៅបន្ថយសង្វាក់នៃការបឺតស្រូបជីវជាតិរបស់ពោះវៀន ដែលធ្វើឲ្យអាហារឆ្លងចូលទៅក្នុងពោះវៀនធំលឿនជាងមុន។ មួយវិញទៀត វាក៏បង្កើនការបញ្ចេញអេឡិចត្រូលីត្រ ដែលនាំឲ្យរាករូសកាន់តែខ្លាំងទៀត។ 

វាគឺជាបញ្ហាដែលកើតឡើងញឹកញាប់ដែរ។ ក្នុងការសិក្សាឆ្នាំ ២០១៤ ដែលមានការចូលរួមពីស្រ្តីប្រមាណ ១៥៦នាក់ បានរកឃើញថា ការឈឺចាប់នៅពោះ និងការរាករូស មានការកើតឡើងញឹកញាប់បំផុតដែលទាក់ទងនឹងការមករដូវ។ 

តើមានអ្វីអាចព្យាបាលបានទេ?

ដំបូងឡើយ ចូរប្រាកដថា អ្នកបានញ៉ាំទឹកច្រើនហើយដើម្បីជំនួសជាតិទឹកដែលបានបាត់បង់ក្នុងពេលរាករូស។ ជាទូទៅ អ្នកត្រូវតែញ៉ាំទឹកដោយធ្វើយ៉ាងណាឲ្យឃើញទឹកនោមទៅជាពណ៌លឿងខ្ចី។ ក្រៅពីនេះ យកល្អគួរតែចៀសវាងការញ៉ាំអាហារមួយចំនួនដែលថ្វើឲ្យការរាករូសកាន់តែធ្ងន់ធ្ងរដូចជា៖

  • ជាតិផ្អែមសិប្បនិមិត្ត
  • ជាតិកាហ្វេអ៊ីន
  • ផលិតផលធ្វើពីទឹកដោះគោ
  • អាហារហិរ
  • អាហារមានជាតិផ្អែមខ្លាំង

សម្រាប់រឿងដែលកម្រកើតឡើងនោះគឺថា អ្នកប្រហែលជាត្រូវការប្រើថ្នាំទប់ស្កាត់ការរាករូសដោយមិនបាច់មានវេជ្ជបញ្ជាហើយ ដូចជា Loperamide (Imodium)។ អ្នកក៏អាចសាកល្បងប្រើថ្នាំបំបាត់ឈឺបន្ថែមទៀតដូចជា Ibuprofen ដើម្បីជួយដល់ការឈឺចាប់ជាដើម។ 

តើមានមធ្យោបាយអ្វីដែលអាចបង្ការបានទេ?

បើសិនជាអ្នកឧស្សាហ៍រាកដោយសារតែមករដូវ មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបន្ថយការរាករូសនេះបាន។ ក្នុងរយៈពេលពីរបីថ្ងៃមុនពេលមករដូវ ចូរចាប់ផ្តើមញ៉ាំអាហារសម្បូរជាតិសរសៃ ព្រោះវានឹងធ្វើឲ្យលាមកធូរ ដើម្បីងាយបន្ទោបង់។ យកល្អគួរតែញ៉ាំនំបុ័ងធ្វើពីស្រូវសាលី និងបន្លែផ្លែឈើទាំងសម្បកដើម្បីទទួលបានជាតិសរសៃកាន់តែច្រើន។ 

ក្រៅពីនេះ ចូរពិចារណាបន្ថែមអាហារប្រភេទប្រូបាយអូទិចមួយចំនួនទៅក្នុងរបបអាហារដូចជា យ៉ាអួរជាដើម ព្រោះវានឹងបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀន ដើម្បីជួយបន្ថយការរាករូស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាចុងក្រោយ ចូរគិតគូរប្រើប្រាស់ថ្នាំ Ibuprofen មួយថ្ងៃពីរផងមុនពេលមករដូវ ដើម្បីបន្ថយឥទ្ធិពលនៃអ័រម៉ូន Prostaglandin ក្នុងរាងកាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង