គ្រប់គ្នានរណាក៏ចង់មានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុន ស្នាមជាំ អ៊ុចខ្មៅ និងគួរឱ្យទាក់ទាញដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការព្យាបាលបែបទំនើប និងការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗ មិនត្រឹមតែតម្រូវឲ្យអ្នកចំណាយប្រាក់អស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះផ្ដល់ប៉ះពាល់ចំពោះសុខភាពទៀតតាមរយៈសារធាតុគីមីដែលផលិតផលទាំងនោះមានផ្ទុក។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗមួយចំនួនដោះស្រាយកម្ចាត់បញ្ហាស្នាមជាំអ៊ុចខ្មៅលើផ្ទៃមុខប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចជូតពេញលើស្បែកដែលមានបញ្ហាស្នាមជាំនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ ខែ។ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានស្បែកមុខស្ដើងងាយប្រតិកម្ម គួរលាយទឹកផ្កាកុលាបប៉ុន្មានដំណក់ចូលជាមុនសិនសឹមលាបល្បាយលើផ្ទៃមុខ។ រីឯអ្នកដែលមានរបួសលើផ្ទៃមុនមិនគួរអនុវត្តរូបមន្តនេះឡើយ។
២. ដំឡូងបារាំងឆៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតដំឡូងបារាំងជាបន្ទះក្រាស់មួយរួចបន្តក់ទឹកធម្មតាប៉ុន្មានដំណក់ពីលើបន្ទះដំឡូងនៅមុនពេលដុសវាលើស្បែកសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តអោយបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេល
ពី ១ ទៅ ២ ខែ។
៣. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺយកម្ស៉ៅរមៀត ១ ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរអោយសព្វចូលគ្នា សឹមលាបល្បាយលើតំបន់ស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១ ខែ។
៤. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។
៥. សំបកផ្លែប៉ោមក្រហមនិងប៉េងប៉ោះ
អ្វីដែលអ្នកត្រូវការ គឺផ្លែប៉ោមក្រហម ១ ផ្លែ ប៉េងប៉ោះទំហំតូចល្មម ១ ផ្លែ និងទឹកដោះគោស្រស់។ អ្វីដែលអ្នកត្រូវធ្វើ គឺចិតយកសំបកផ្លែប៉ោម។ បន្ទាប់មកយកសំបកប៉ោម និងប៉េងប៉ោះទៅកិនក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ដ្ឋ រួចបន្ថែមទឹកដោះគោ ១ ស្លាបព្រាបាយចូល។ កូរឱ្យសព្វសឹមលាបល្បាយនេះលើផ្ទៃមុខ ។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញដោយប្រើសាប៊ូលាងមុខនិងទឹកធម្មតាជាការស្រេច។ អនុវត្ត ២ ដងក្នុងមួយសប្តាហ៍រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត៕