ការទទួលទានអាហារផ្អែមលើសកម្រិតមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ឬជាតិស្ករក្នុងឈាមឡើងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផ្សេងៗទៀតផង
ដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះហើយទើបការបន្សាបជាតិផ្អែមចេញពីរាងកាយជាគំនិតដ៏ប្រសើរបំផុតមួយទប់ស្កាត់ជំងឺផ្សេងៗដែលអាចនឹងកើតឡើងក្រោយការទទួលទានផ្អែមច្រើន។ ប៉ុន្តែថាតើគួរធ្វើបែបណាទៅទើបអាចបន្សាប ឬកម្ចាត់ជាតិផ្អែមចេញពីប្រព័ន្ធរាងកាយបាន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកម្ចាត់ជាតិផ្អែមពីរាងកាយ ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
នៅរាល់ពេលអ្នកឃ្លានទទួលទានអ្វីដែលផ្អែម ចូរទទួលទានទឹកមួយកែវ។ ការធ្វើបែបនេះមិនត្រឹមតែជួយបំបាត់អារម្មណ៍ឃ្លានផ្អែម ឬឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែក៏បន្សាបជាតិពុលផ្សេងៗចេញពីរាងកាយផងដែរ។
២. ទទួលទានបន្លែផ្លែឈើ
ត្រូវប្រាកដថារបបអាហារប្រចាំថ្ងៃរបស់អ្នកមានរួមបញ្ចូលផ្លែឈើនិងបន្លែស្រស់ៗ។ ជាតិសសៃដែលមានផ្ទុកនៅក្នុងបន្លែផ្លែឈើនឹងជួយកម្ចាត់សារធាតុពុលរ រួមទាំងជាតិផ្អែមដែលលើសចេញពីរាងកាយ។លើសពីនេះទៅទៀត បន្លែផ្លែឈើក៏មានផ្ទុកសម្បូរទៅដោយវីតាមីននិងជាតិរ៉ែដែលចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរផងដែរ។
៣. ទទួលទានគ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់សុខភាពល្អមានប្រសិទ្ធិភាពជួយទប់ស្កាត់និងដោះស្រាយការរលាកផ្សេងក្នុងរាងកាយដែលបង្កឡើងដោយការទទួលទានជាតិផ្អែម ឬស្ករច្រើន។ ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៤. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់
របបអាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានផ្ទុកនូវអាហារដែលអាចផ្ដល់អោយរាងកាយនូវប្រូតេអ៊ីនគុណភាពខ្ពស់គ្រប់គ្រាន់។ សាច់ទ្រូងមាន់ ស៊ុត និងត្រីជាដើមសុទ្ធតែជាអាហារមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់។ ប្រូតេអ៊ីន គឺចាំបាច់ណាស់ក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតី។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
មិនថាអ្នកចង់បន្សាបជាតិពុលប្រភេទបែបណាទេ ការធ្វើលំហាត់ប្រាណជាផ្នែកដ៏សំខាន់បំផុតមួយដែលគួរត្រូវបានរួមបញ្ចូល។ ការធ្វើលំហាត់ប្រាណមិនត្រឹមតែមានប្រសិទ្ធិភាពកម្ចាត់ជាតិពុលផ្សេងៗពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដុតបំផ្លាញជាតិខ្លាញ់ដែលរបបអាហារមានជាតិស្ករខ្ពស់នាំមកផង
ដែរ៕