ននោង គឺជាបន្លែបៃតងដែលល្អបំផុតមួយសម្រាប់សុខភាពរាងកាយនិងសម្រស់។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ននោង អាចយកទៅច្នៃធ្វើជាអាហារមានរសជាតិឆ្ញាញ់បានជាច្រើនមុខ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាឧស្សាហ៍ទទួលទានទានបន្លែនេះ ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងថា វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំជៀសឆ្ងាយពីជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយ Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍ដ៏មិនគួរអោយជឿនៃការទទួលទានផ្លែននោង ៖

១. ទប់ស្កាត់ជំងឺមហារីក

ផ្លែននោងមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយរាងកាយអោយកាន់តែរឹងមាំក្នុងការប្រយុទ្ធប្រឆាំងតបតនឹង
ផលប៉ះពាល់ផ្សេងៗនៃរ៉ាឌីកាល់សេរី ហើយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។

២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

អត្ថប្រយោជន៍សុខភាពមួយទៀតនៃផ្លែននោង គឺទប់ស្កាត់ជំងឺទឹកនោមផ្អែម។ ជាតិម៉ង់កាណែស គឺចាំបាច់ក្នុងការផលិតអង់ស៊ីមរំលាយអាហារដែលមានប្រយោជន៍ណាស់សម្រាប់ដំណើរការនៃការបង្កើតគ្លុយកូស gluconeogenesis។ ម៉ង់កាណែសអាចជួយក្នុងការបង្កើនការបញ្ចេញអាំង
ស៊ុយលីនត្រឹមត្រូវនិងធ្វើអោយមុខងារ mitochondrial មានលក្ខណៈកាន់តែប្រសើរឡើង។

៣. សុខភាពស្បែក

ផ្លែននោងជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពស្បែកជួយកាត់​​​បន្ថយស្នាមជ្រីវជ្រួញ ស្បែកស្ងួត ទប់ស្កាត់ភាពចាស់មុនអាយុ។ វីតាមីន C ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រូតេអ៊ីនដើម្បីបង្កើតសាច់ដុំ សសៃឈាម និងសសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ផងដែរ។ អត្ថប្រយោជន៍អស្ចារ្យមួយទៀតនៃវីតាមីន C គឺជួយអោយរបួសឆាប់ជាសះស្បើយ។

៤. សុខភាពភ្នែក

ផ្លែននោង ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អចាំបាច់បំផុតសម្រាប់ភ្នែក ដើម្បីអាចរក្សាបាននូវសុខភាពល្អមើលឃើញច្បាស់។ លើសពីនេះទៅទៀត ផ្លែននោង ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកខ្សោយដែលទាក់ទងទៅនឹងអាយុ (macular degeneratio) ផងដែរតាមរយៈវីតាមីន A, វីតាមីន C, ស័ង្កសី និងជាតិទង់ដែងដែលវាមានផ្ទុក។

៥. ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម

ផ្លែននោង គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B6 ដែលហៅថា pyridoxine។ វីតាមីន B6 មានតួនាទីចាំបាច់ក្នុងការបង្កើតអេម៉ូក្លូប៊ីនក្នុងឈាមដែលជួយក្នុងការប្រមូលផ្ដុំជាតិដែក ហើយដឹកនាំអុកស៊ីសែនទៅគ្រប់កោសិកានៃរាងកាយ។ លើសពីនេះទៅទៀត ននោង ក៏មានផ្ទុកនូវជាតិស័ង្កសីដែលជួយក្នុងការរក្សាដំណើរការឈាម។

៦. ព្យាបាលឈឺក្បាលប្រកាំង

នោះក៏ព្រោះតែននោងមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។ អ្នកដែលជួបប្រទះអាការៈឈឺក្បាលប្រកាំងភាគច្រើន គឺមានបញ្ហាខ្វះជាតិម៉ាញ៉េស្យូម ឬកម្រិតនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយធ្លាក់ចុះទាប។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង