ការបែកញើសក្រោយទទួលទានអាហារអាចបណ្ដាលមកពីមូលហេតុមួយចំនួនដែលអ្នកប្រហែលជាមិនធ្លាប់ដឹងឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាអ្វីខ្លះទៅដែលបង្កអោយមានការបែកញើសក្រោយទទួលទានអាហាររួច? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុទាំងនោះ ៖
១. អាហារផ្អែម
ប្រសិនបើអ្នកចូលចិត្តទទួលទានអាហារណាដែលមានផ្ទុកជាតិស្ករច្រើននោះអ្នកប្រាកដជាងាយនឹងបែកញើសបំផុតក្រោយទទួលទានរួច។ ក៏ព្រោះនៅរាល់ពេលអ្នកទទួលទានអាហារផ្អែម រាងកាយនឹងផលិតអាំងស៊ុុយលីនយ៉ាងច្រើនដើម្បីបញ្ជូនជាតិស្ករពីចរន្តឈាមទៅក្នុងកោសិកា។ ហើយអាំងស៊ុយ
លីនច្រើនពេកអាចបណ្ដាលអោយកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំងដែលបង្កអាការៈបែកញើស ថប់បារម្ភ ភ័ន្តភាំង ញ័រដៃ និងបញ្ហាចង្វាក់បេះដូងលោតញាប់ជាដើម។
២. សីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់
តើអ្នកចូលចិត្តទទួលទានអ្វីដែលហិរ ឬក្ដៅៗមែនទេ? នោះគ្មានអ្វីគួរអោយឆ្ងល់ឡើយប្រសិនបើអ្នកងាយនឹងបែកញើសជាងអ្នកដទៃទៀតក្រោយពេលទទួលទានអាហារ។ ការទទួលទានអ្វីដែលហិរ ឬក្ដៅអាចបណ្ដាលអោយសីតុណ្ហភាពស្នូលក្នុងរាងកាយកើនឡើង ហើយខណៈនោះក្រពេញញើសនឹងបញ្ចេញសកម្មភាពដើម្បីបន្ថយសីតុណ្ហភាពរាងកាយត្រឡប់មកធម្មតាវិញ។ ដូច្នេះដំណោះស្រាយបញ្ហាបែកញើសក្រោយទទួលទានអាហារ គឺកាត់បន្ថយការទទួលទានអ្វីដែលបណ្ដាលអោយសីតុណ្ហភាពស្នូលក្នុងរាងកាយកើនឡើង។
៣. ការដុតរំលាយអាហារក្នុងរាងកាយកើនឡើង
អាហារមួយចំនួនពិបាកនឹងរំលាយ ដូច្នេះក្រពះរបស់អ្នកប្រាកដជាប្រឈមមុខជាមួយឧបសគ្គ ហើយវាប្រើប្រាស់ថាមពលកាន់តែច្រើនដើម្បីដំណើរការមុខងារអោយមានប្រសិទ្ធភាព។ នៅពេលបញ្ហានេះកើតឡើងកម្រិត ឬអត្រានៃការដុតរំលាយអាហារក៏កើនឡើងខ្ពស់ជាងធម្មតាដែលនឹងធ្វើអោយអ្នកបែកញើសហួសប្រមាណ។ ហើយអាហារដែលមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន គឺពិបាកនឹងរំលាយបំផុត។
៤. អត្រានៃចង្វាក់បេះដូងលោតញាប់
ដំណើរការនៃការដុតរំលាយអាហារ គឺទាមទារឈាមច្រើនដើម្បីបង្វែរចូលទៅក្នុងបំពង់អាហារសម្រួលដល់ការរំលាយនិងបញ្ជូនសារធាតុចិញ្ចឹមទៅគ្រប់កោសិកា ជាលិកា និងសរីរាង្គ។ ហើយដើម្បីនាំយកឈាមច្រើនទៅកាន់បំពង់រំលាយអាហារ បេះដូងរបស់អ្នកត្រូវតែលោតលឿនជាងមុនដែលនាំអោយសសៃឈាមរីកធំ។ នេះជាអ្វីដែលធ្វើអោយអ្នកបែកញើសក្រោយទទួលទានអាហារ។
៥. ពិបាករំលាយអាហារ
ប្រសិនបើអ្នកចូលចិត្តទទួលទានច្រើន ជាពិសេសអាហារសម្បូរខ្លាញ់និងអាហារហិរទៀតនោះអ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហាបែកញើសក្រោយទទួលទានជាមិនខានដែលនេះជាលទ្ធផលនៃការពិបាករំលាយអាហារ។ ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា បញ្ហាពិបាករំលាយអាហារ គឺជាអ្វីមួយដែលអាចបណ្ដាលអោយមានឈឺចាប់ក្នុងពោះ ក្រហាយទ្រូង និងហើមពោះ។ ហើយវាក៏អាចធ្វើអោយបែកញើសហួសប្រមាណផងដែរក៏ព្រោះរាងកាយស្ថិតក្នុងស្ថានភាពលំបាក៕