ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផល
ប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗដើម្បីព្យាបាលអាការៈទល់លាមកឆាប់រហ័ស ៖

១. ទទួលទានទឹក

ការទទួលទានទឹក គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារផងដែរ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗជួយសម្រួលដល់ការរំលាយអាហារឱ្យកាន់តែប្រសើរ​​​និងសកម្ម។

២. ទទួលទានទឹកផ្លែឪឡឹកស្រស់

ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ នោះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលអោយទល់លាមកទៀតផង។ 

៣. ធ្វើលំហាត់ប្រាណ

សកម្មភាពរាងកាយមួយចំនួនក៏អាចជួយទប់ស្កាត់ព្យាបាលអាការៈទល់លាមកបានយ៉ាងប្រសើរផងដែរ។ អ្នកអាចចាប់ផ្ដើមជាមួយលំហាតប្រាណងាយៗ ដូចជា ដើរយឺតៗសម្រាប់រយៈ ៣០ វិនាទី រហូតដល់មានអារម្មណ៍ធូរស្រាលជាងមុន។ ការធ្វើលំហាត់ប្រាណមួយចំនួនអាចជួយម៉ាស្សាពោះវៀន ដូច្នេះអ្នកនឹងមិនជួបប្រទះបញ្ហាទាក់ទងជាមួយលាមកទៀតឡើយ។

៤. ទទួលទានផ្លែព្រូន

មិនថាទទួលទានផ្លែ ឬទឹកផ្លែព្រូននោះទេ គឺសុទ្ធតែផ្ដល់លទ្ធផលល្អប្រសើរចំពោះការដោះស្រាយបញ្ហាពិបាកក្នុងការបត់ជើងធំ។ ផ្លែឈើប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសសៃនិងសារធាតុ sorbitol ដែលជួយបន្ទន់លាមក។ ដូច្នេះដើម្បីបង្ការក៏ដូចជាព្យាបាលបញ្ហាទល់លាមក ចូរទទួលទានទឹកផ្លែព្រូនឲ្យបាន ២ កែវ ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់។

៥. ទទួលទានយ៉ាអ៊ួរ

Gut flora ឬពពួកបាក់តេរីការពារភ្នាសពោះវៀននិងជួយរំលាយអាហារ គឺត្រូវតែមានសុខភាពល្អ ដើម្បីទប់ស្កាត់បញ្ហាទល់លាមក ឬរាក។ នៅពេលបាក់តេរីល្អនិងអាក្រក់ក្នុងពោះវៀនគ្មានតុល្យភាព នោះបញ្ហាទាក់ទងការរំលាយអាហារប្រាកដជាកើតឡើង។ វិធីដ៏ល្អបំផុតដើម្បីនាំយកនូវតុល្យភាពនៃ 
Gut flora ត្រឡប់ទៅដូចប្រក្រតីវិញបាន គឺការទទួលទានយ៉ាអ៊ួរសុទ្ធគ្មានលាយគ្រឿងផ្សំបន្ថែមរសជាតិអោយបានពី ១ ទៅ ៣ ពែង ក្នុងមួយថ្ងៃ។ ទទួលទាន ១ នៅពេលព្រឹក ហើយនៅសល់ទុកទទួលទានជាអាហារសម្រន់។

៦. ទទួលទានផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងប៉ូតាស្យូម ដែលសម្រួលដល់ការរំលាយអាហារធ្វើអោយអ្នកបត់ជើងបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែចេកអោយបាន ១ ក្នុងមួយថ្ងៃដើម្បីជៀសឆ្ងាយពីបញ្ហាទល់លាមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង