ជំងឺមហារីកក្រពេញប្រូស្តាតកើតឡើងលើមនុស្សយើងនៅពេលដែលកោសិកាក្រពេញមួយនេះចាប់ផ្តើមប្រែខ្លួនទៅជាខុសធម្មតា និងបំបែកខ្លួនច្រើន។ អាការៈដែលជាប់ទាក់ទងនឹងមហារីកមួយនេះមានដូចជា នោមញឹក មានឈាមក្នុងទឹកកាម មិនស្រួលក្នុងតំបន់អាងត្រគាក ពិបាកនោម កម្លាំងទឹកនោមបាញ់កាន់តែខ្សោយ និងងាប់លិង្គជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើមិនមានគម្រោងការពារជំងឺមហារីកក្រពេញប្រូស្តាតដែលល្អឥតខ្ចោះក៏ដោយ តែខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយបន្ថយការប្រឈមនឹងជំងឺនេះបាន៖
សណ្តែកសៀង
ការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារសម្បូរសណ្តែកសៀងអាចការពារបុរសពីជំងឺមហារីកក្រពេញប្រូស្តាតបាន។ សារធាតុ Phytoestrogens ដែលមានក្នុងផលិតផលសណ្តែកសៀងនឹងជួយបន្ថយការប្រឈមនឹងមហារីកក្រពេញប្រូស្តាតបាន។ ចូរជ្រើសរើសការញ៉ាំទឹកសណ្តែកសៀង តៅហ៊ូ និងគ្រាប់សណ្តែកសៀងទាំងមូលដើម្បីបង្ការជំងឺមហារីកនេះ។
វីតាមីន C
វីតាមីនមួយនេះនឹងជួយបង្ការកោសិកាមហារីកកុំឲ្យបំបែកខ្លួនកាន់តែខ្លាំងទៀតបាន។ វានឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដែលអាចប្រឆាំងនឹងជំងឺមហារីកបានយ៉ាងមានសុវត្ថិភាព។ វាជំរុញដល់ប្រសិទ្ធភាពថ្នាំមួយចំនួនសម្រាប់ប្រើលើជំងឺមហារីកដែរ។ ផ្លែក្រូច និងផ្លែម្នាស់គឺជាជម្រើសដ៏ល្អ។
ប៉េងប៉ោះ
សារធាតុ Lycopene គឺជាសារធាតុបំពាក់ពណ៌ក្រហមដល់ប៉េងប៉ោះផង និងជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចជួយយើងកុំឲ្យកោសិកាមហារីករាលដាលទៅឆ្ងាយទៀត រួមទាំងកោសិកាមហារីកក្រពេញប្រូស្តាតផង។ សារធាតុ Phytonutrient និង Carotenoids ដែលមានក្នុងប៉េងប៉ោះក៏ជួយប្រឆាំងជំងឺមហារីកដែរ។
ទឹកផ្លែទទឹម
ការញ៉ាំទឹកផ្លែទទឹមរាល់ថ្ងៃប្រហែលជាបន្ថយការលូតលាស់មហារីកក្រពេញប្រូស្តាតបាន ដោយសារតែវាផ្ទុកទៅដោយសារធាតុ Polyphenols និង Isoflavones។ ទឹកផ្លែទទឹមអាចទប់ស្កាត់សកម្មភាពរបស់រ៉ាឌីកាលសេរី ដែលថ្វើឲ្យកោសិកាខូចខាត និងជាប់ទាក់ទងនឹងមហារីកបាន។
ប្រូខូលី
ប្រូខូលីគឺជាបន្លែមួយប្រភេទដែលផ្ទុកទៅដោយសារធាតុជាច្រើនសម្រាប់ការពារមនុស្សយើងពីជំងឺមហារីកបាន។ អ្នកស្រាវជ្រាវបានឲ្យដឹងថា សារធាតុ Phytochemical ដែលមានក្នុងបន្លែទាំងនេះហៅថា Sulforaphane មាននាទីសម្លាប់កោសិកាមហារីកយ៉ាងត្រឹមត្រូវ ខណៈពេលដែលកោសិកាល្អៗគឺមិនប៉ះពាល់ឡើយ។
តែបៃតង
ការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត ហើយញ៉ាំតែបៃតងទៀត គឺមិនសូវមានការរលាកដល់ជាលិកាក្រពេញប្រូស្តាតឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែបៃតងគឺមានសារធាតុ Polyphenols ខ្ពស់ ដែលអាចជួយប្រឆាំងនឹងជំងឺមហារីកបាន៕