យើងទាំងអស់គ្នាដឹងហើយថា របបអាហារមានកូឡេស្តេរ៉ុលខ្ពស់អាចធ្វើឲ្យកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ហើយវាក៏ជាកត្តាប្រឈមកាន់តែខ្លាំងទៅនឹងជំងឺបេះដូងសរសៃឈាមផងដែរ។ ប៉ុន្តែដោយសារតែអ្នកមិនបានញ៉ាំអាហារសម្បូរកូឡេស្តេរ៉ុលផង មិនមែនមានន័យថា កូឡេស្តេរ៉ុលក្នុងឈាមដឹងតែស្ថិតក្នុងសភាពធម្មតាទាំងអស់នោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ វាមានរឿងបន្ថែមច្រើនទៀតក្រៅពីចំណីអាហារ ដែលអាចធ្វើឲ្យកូឡេស្តេរ៉ុលនៅតែអាចឡើងខ្ពស់ជាងធម្មតាទៀតដូចជា៖
ធាត់ជ្រុល
ការដែលធាត់ជ្រុលអាចធ្វើឲ្យថយចុះចំនួនកូឡេស្តេរ៉ុលល្អបាន។ យ៉ាងណាមិញ យកល្អគួរតែព្យាយាមសម្រកទម្ងន់ឲ្យបាន។ រឿងនេះមិនត្រឹមតែជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមឡើយ តែវាក៏អាចកាត់បន្ថយជំងឺជាច្រើនទៀតដូចជា ការលើសសម្ពាធឈាម គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកជាដើម។
កង្វះការហាត់ប្រាណ
ការសិក្សាបានឲ្យដឹងថា ការដែលមានភាពអសកម្មខាងរាងកាយ អាចជំរុញឲ្យកូឡេស្តេរ៉ុលអាក្រក់កើនឡើងក្នុងចរន្តឈាមបាន។ ផ្ទុយទៅវិញ ការរស់នៅដែលមានភាពសកម្មរាងកាយវិញ គឺជារឿងដែលជំរុញដល់កូឡេស្តេរ៉ុលល្អក្នុងឈាមវិញ។ ដូច្នេះចូរប្រាកដថា អ្នកចំណាយពេលវេលាច្រើនក្នុងការហាត់ប្រាណចៀសវាងការអង្គុយមើលទូរទស្សន៍។ ចូរជ្រើសរើសលំហាត់ប្រាណណាមួយដែលអ្នកចូលចិត្ត និងងាយស្រួលអនុវត្តរាល់ថ្ងៃ។
ស្រ្តេសខ្លាំងពេក
អ្នកជំនាញនិយាយថា មនុស្សយើងគឺចៀសមិនផុតពីភាពស្រ្តេសរាល់ថ្ងៃឡើយ។ ប៉ុន្តែបើសិនជាអ្នកកើតវាច្រើនថ្ងៃ ច្រើនសប្តាហ៍ ឬច្រើនខែជាប់គ្នា វាមិនមែនជារឿងល្អឡើយ ព្រោះភាពស្រ្តេសលក្ខណៈខ្លាំងក្លាបែបនេះអាចធ្វើឲ្យមានផលវិបាកច្រើន ហើយក្នុងនោះក៏មានការលើសកូឡេស្តេរ៉ុលក្នុងឈាមដែរ។
ជក់បារី និងញ៉ាំគ្រឿងស្រវឹង
គ្រប់គ្នាដឹងថា ការជក់បារីមិនមែនជារឿងល្អចំពោះសួតឡើយ ប៉ុន្តែវាក៏មិនល្អចំពោះបេះដូងដែរ។ ហេតុផលនោះគឺថា ការជក់បារីអាចធ្វើឲ្យកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់បាន។ មួយវិញទៀត ការញ៉ាំគ្រឿងស្រវឹងច្រើនៗក៏ធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់ក្នុងឈាមផងដែរ។ បើសិនជាអ្នផ្តាច់គ្រឿងស្រវឹងមិនបានទេ អ្នកអាចញ៉ាំវាក្នុងកម្រិតមធ្យមបាន ដោយបុរសញ៉ាំបានពីរកែវ និងស្រ្តីបានមួយកែវក្នុងមួយថ្ងៃច្រើនបំផុត។
ប្រវត្តិគ្រួសារ
ការលើសកូឡេស្តេរ៉ុលក្នុងឈាមគឺជារឿងដែលកើតឡើងជាលក្ខណៈគ្រួសារតែម្តង។ រឿងមានន័យថា ឪពុកម្តាយដែលត្រៀមនឹងលើសកូឡេស្តេរ៉ុលក្នុងឈាមហើយ ប្រហែលជាចម្លងបញ្ហានេះទៅឲ្យកូនចៅខ្លួនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមានសជិកគ្រួសារខ្លះដែលត្រូវបានគ្រូពេទ្យប្រាប់ថា មានកូឡេស្តេរ៉ុលលើសខ្ពស់ជាងធម្មតា យកល្អគួរតែយល់ថាខ្លួនឯងក៏នឹងអាចមានវាសនាដូចគ្នាដែរ៕