ជាធម្មតា ស្រ្តីត្រូវមករដូវជារៀងរាល់ ២១ ទៅ៣៥ថ្ងៃម្តង។ ស្រ្តីម្នាក់ៗសុទ្ធតែមានលក្ខណៈនៃការមករដូវខុសៗគ្នា និងរៀងៗខ្លួនទាំងអស់។ ក្នុងករណីខ្លះ ការប្រែប្រួលតិចតួចក៏អាចធ្វើឲ្យប៉ះពាល់ដល់វដ្តរដូវបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែល ការធ្លាក់ឈាមរដូវច្រើនៗអាចធ្វើឲ្យអ្នកបារម្ភខ្លាំង តែការមករដូវតិចជាងធម្មតាវិញ ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អបណ្តោះអាសន្នបានដែរ។ យ៉ាងណាមិញ វាអាចបញ្ជាក់ថា មានបញ្ហាសុខភាពណាមួយកើតឡើងហើយទើបធ្វើឲ្យមានការមករដូវតិចជាងធម្មតាបែបនេះ។ 

រោគសញ្ញាមួយចំនួនដែលធ្វើឲ្យស្រ្តីមករដូវតិចជាងធម្មតានោះគឺ តិចជាង ២ថ្ងៃ មានឡើងស្នាមអ៊ុចៗលើស្បែក និងឧស្សាហ៍មករដូវរឹមៗ។ ទោះបីជាយ៉ាងណាក៏ដោយ មានមូលហេតុមួយចំនួនដែលអាចធ្វើឲ្យស្រ្តីមករដូវតិចជាងធម្មតាបែបនេះ ដូចជា៖ 

  • ទម្ងន់រាងកាយ៖ បើសិនជាអ្នកជាមនុស្សដែលស្គម នោះការមករដូវក៏តិចជាងធម្មតាបានដែរ។ 
  • មានផ្ទៃពោះ៖ ថ្វីត្បិតតែ ការបាត់រដូវគឺជាសញ្ញាចំបងមួយនៃការមានផ្ទៃពោះក៏ដោយ តែស្រ្តីខ្លះអាចនឹងជួបបញ្ហារដូវមកតិចទៅៗដែរ។
  • ប្រើថ្នាំពន្យាកំណើត៖ ថ្នាំពន្យាកំណើតខ្លះធ្វើការដោយ ធ្វើឲ្យស្ទះដល់ដំណើការណ៍ជ្រុះអូវ៉ុល ដូច្នេះវាអាចនឹងបណ្តាលឲ្យមកឈាមរដូវរឹមៗដែរ។ 
  • អាយុ៖ ការដែលស្ថិតក្នុងវ័យជំទង់ ស្រ្តីអាចនឹងមានការប្រែប្រួលលំហូរឈាមរដូវដែរ ប៉ុន្តែដល់ពេលជិតរ៉ាំងរដូវ ក៏អាចបណ្តាលឲ្យរដូវមកតិចៗដែរ។ 
  • ការបំបៅដោះកូន៖ ក្នុងពេលបំបៅដោះកូន រាងកាយស្រ្តីនឹងបញ្ចេញអ័រម៉ូនប្រូឡាក់ទីន ដែលវាមិនត្រឹមតែជំរុញដល់ការចេញទឹកដោះទេ តែក៏ពន្យាពេលការមករដូវដែរ។ 
  • ស្រ្តេស៖ ស្រ្តេសគឺជាមូលហេតុចំបងមួយនៃបញ្ហាសុខភាពជាច្រើនចាប់ពី ជំងឺបេះដូង បាក់ទឹកចិត្ត រហូតដល់ទឹកនោម ហើយក្នុងនោះការប៉ះពាល់ដល់វដ្តរដូវក៏មិនលើកលែងដែរ។ 
  • ចង្កោមរោគសញ្ញាពងគីសច្រើនក្នុងក្រពេញអូវ៉ែ៖ វាគឺជាជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុង ដែលបណ្តាលឲ្យអតុល្យភាពអ័រម៉ូន ដូច្នេះការមករដូវក៏រងផលប៉ះពាល់ដែរ។ 
  • លើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត៖ នៅពេលរាងកាយផលិតអ័រម៉ូននេះច្រើនជ្រុល វានឹងនាំឲ្យមានភាពភ័យខ្លាច ថប់អារម្មណ៍ បេះដូងដើរញ៉ាប់ បែកញើសខ្លាំង និងគេងមិនលក់ ព្រមទាំងធ្លាក់ឈាមរដូវរឹមៗដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សរុបមក រាល់ការប្រែប្រួលលំហូរវដ្តរដូវ គួរតែជារឿងដែលត្រូវប្រុងប្រយ័ត្នផង។ ព្រោះវាអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរមួយចំនួនតូចដែរ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង