ខួរក្បាលត្រូវបានបង្កើតឡើងដោយកោសិកាប្រមាណ ១០០ប៊ីលានកោសិកា។ ហេតុដូច្នេះហើយទើបវាបានក្លាយទៅជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយទាំងមូល។ បើគ្មានខួរក្បាលទេ មនុស្សយើងនឹងមិនអាចរស់ឡើយ។ ហេតដូច្នេះហើយវាគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែយកចិត្តទុកដាក់ថែរក្សាខួរក្បាលឲ្យបានល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកវិទ្យាសាស្រ្តនិយាយថា ខួរក្បាលដូចជាសាច់ដុំអ៊ីចឹងដែរ កាលណាអ្នកប្រើវាកាន់តែច្រើន វាកាន់តែរឹងមាំ។ ប៉ុន្តែមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលត្រូវបានគេរកឃើញថា ផ្តល់ផលអាក្រក់ដល់សុខភាពខួរក្បាលដូចជា៖

ជក់បារី

គ្រប់គ្នាដឹងហើយថា ការជក់បារីគឺមិនល្អចំពោះបេះដូង និងខួរក្បាលឡើយ។ សម្រាប់អ្នកដែលយកចិត្តទុកដាក់នឹងសម្រស់ខ្លួនវិញក៏ដឹងច្បាស់អំពីទម្លាប់មួយនេះថា ធ្វើឲ្យឆាប់ចាស់ និងស្បែកជ្រីវជ្រួញដែរ។ យ៉ាងណាមិញអ្នកជំនាញបានប្រាប់ឲ្យដឹងថា ការជក់បារីអាចធ្វើឲ្យខួរក្បាលស្វិត និងបន្ថយភាពឆ្លាតវៃថែមទៀត។ 

ញ៉ាំគ្រឿងស្រវឹងច្រើនៗ

ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមត្រូវបានគេចាត់ទុកថា មានផលល្អចំពោះសុខភាព ដោយបុរសអាចញ៉ាំបាន ២កំប៉ុង និងស្រ្តីបានមួយកំប៉ុងក្នុងមួយថ្ងៃ។ តែបើច្រើនជាងនេះនឹងផ្តល់ផលអាក្រក់ខ្លាំងចំពោះសុខភាពវិញ ហើយក៏ធ្វើឲ្យខួរក្បាលស្វិតផងដែរ។ 

មិនបានញ៉ាំទឹកគ្រប់គ្រាន់

ការដែលញ៉ាំទឹកប្រហែលបាន ២លីត្រក្នុងមួយថ្ងៃគឺអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនបានយ៉ាងល្អ។ ការដែលធ្វើបែបនេះបាន វានឹងធ្វើឲ្យកោសិកា ជាលិក និងសរីរាង្គក្នុងខ្លួនអាចធ្វើការងាររបស់វាកាន់តែល្អ។ យ៉ាងណាមិញ រាងកាយមនុស្សយើងគឺផ្សំឡើងដោយជាតិ ៧៥ភាគរយទៅហើយ ដូច្នេះអាចគិតបន្ថែមថា បើសិនជាមិនអាចញ៉ាំទឹកគ្រប់គ្រាន់តែ វានឹងមិនត្រឹមតែមិនល្អចំពោះរាងកាយទេ តែក៏ធ្វើឲ្យខួរក្បាលរួញស្វិតដែរ។ 

ញ៉ាំផ្អែមច្រើនៗ

ប្រភពថាមពលដ៏សំខាន់របស់ខួរក្បាលគឺជាតិស្ករ។ វាស្ទើរតែ ៥០ភាគយទៅហើយនៃជាតិស្ករទាំងអស់ក្នុងរាងកាយត្រូវបានខួរក្បាលប្រើប្រាស់ដើម្បីធ្វើការងាររបស់វា។ ជាអកុសល ការដែលញ៉ាំជាតិស្ករច្រើនពេកមិនមែនជារឿងល្អចំពោះខួរក្បាលឡើយ។ ការសិក្សាបានបង្ហាញថា ការញ៉ាំផ្អែមច្រើនពេកអាចបំផ្លាញកន្លែងតភ្ជាប់ រវាងកោសិកាខួរក្បាលមួយទៅខួរក្បាលមួយ (Synapse) និងធ្វើឲ្យខួរក្បាលកង្វះអុកស៊ីសែន និងជីវជាតិផងដែរ ដោយសារតែជាតិស្ករក្នុងឈាមខ្ពស់ពេក។ 

គេងមិនបានគ្រប់គ្រាន់

អ្នកជំនាញនិយាយថា អ្នកគួរតែគេងឲ្យបាន ៧ ទៅ៩ម៉ោងក្នុងមួយយប់។ ការដែលគេងបានចំនួនប៉ុនហ្នឹង វានឹងផ្តល់ផលល្អដល់ខួរក្បាលធ្វើការកាន់តែមានប្រសិទ្ធភាព ដោយសារតែសម្រាកជួសជុលអ្វីដែលខូចខាតបានគ្រប់គ្រាន់។ ប៉ុន្តែការដែលគេងមិនបានគ្រប់ អាចនឹងធ្វើឲ្យខួរក្បាលពោរពេញទៅដោយជាតិពុល និងបណ្តាលឲ្យកោសិកាខួរក្បាលឆាប់ស្លាប់ផង។ 

ចូលចិត្តគេងគ្របក្បាល

ដោយសារតែអ្នកគេងបានច្រើនក្នុងមួយយប់មិនមែនមានន័យថា ខួរក្បាលមិនរងភាពគ្រោះថ្នាក់នោះទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តើអ្នកកំពុងតែចំណាយពេលគេងលក់ស្រួលដោយដាក់ខ្នើយ ឬភួយគ្របក្បាលមែនទេ? បើសិនជាអ៊ីចឹងមែន មានន័យថា អ្នកកំពុងតែធ្វើឲ្យខួរក្បាលរងទុក្ខហើយ។ រឿងនេះនឹងធ្វើឲ្យអ្នកដកដង្ហើមស្រូបជាតិកាបូនឌីអុកស៊ីតច្រើនវិញ ដូច្នេះខួរក្បាលនឹងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង