មិនខ្វល់ថាអ្នកត្រូវចំណាយពេលរៀននៅឆ្ងាយពីផ្ទះដែលធ្លាប់តែរស់នៅ ឬត្រូវធ្វើការនៅកន្លែងឆ្ងាយៗពីផ្ទះ វាច្រើនតែធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកនឹងរស់នៅជាមួយមនុស្សដែលមិនស្គាល់គ្នា និងកើតជាអារម្មណ៍នឹកផ្ទះបាន។ ដូច្នេះបើសិនជាអ្នកស្ថិតក្នុងស្ថានភាពបែបនេះមែន ចូរកុំបារម្ភអីព្រោះតាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗដើម្បីសម្រាលអារម្មណ៍មួយនេះ៖

រក្សាទំនាក់ទំនង ប៉ុន្តែកុំច្រើនពេក

រឿងនេះគួរតែអរគុណដល់ប្រព័ន្ធអ៊ីនធើណេតហើយ ដែលអាចធ្វើឲ្យអ្នកមានទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នានៅផ្ទះគ្រប់ពេលបាន។ អ្នកអាចផ្ញើរសា ឬអ៊ីម៉ែលទៅពួកគេដើម្បីកាត់បន្ថយការនឹកផ្ទះបាន។ យ៉ាងណាមិញ មិនត្រូវធ្វើបែបនេះច្រើនពេកទេ ដោយសារតែវានឹងគ្រាន់តែធ្វើឲ្យអ្នកនឹកផ្ទះកាន់តែច្រើនប៉ុណ្ណោះ។ 

ចេញទៅខាងក្រៅ

មានហេតុផលពីរយ៉ាងដែលវាគឺជាគំនិតល្អមួយសម្រាប់អ្នកត្រូវចេញទៅខាងក្រៅចៀសជាងសម្ងំនៅតែក្នុងបន្ទប់ និងមានអារម្មណ៍សោកសៅ ដោយសារតែគ្រួសារ និងមិត្តភក្តិនៅឆ្ងាយពីខ្លួនខ្លាំង។ ដំបូងឡើយ វានឹងជួយឲ្យរាងកាយទទួលបានវីតាមីន D ពីព្រះអាទិត្យ ហើយវីតាមីននេះក៏ជួយធ្វើឲ្យមានអារម្មណ៍ល្អដែរ។ ទីពីរ ការចេញទៅខាងក្រៅអាចជួយឲ្យអ្នកស្វែងយល់នូវអ្វីដែលជាផ្ទះថ្មីរបស់អ្នកបាន។ អ្នកអាចរកមើលកន្លែងដែលអ្នកចូលចិត្តទៅ ឬកន្លែងដែលយល់ថាវាសប្បាយសម្រាប់អ្នក។ 

បង្កើតមិត្តថ្មីៗ

ដោយសារតែមិត្តចាស់ដែលអ្នកធ្លាប់តែរាប់អាននៅឆ្ងាយពីអ្នកហើយ យកល្អគួរតែជួបមនុស្សថ្មីដើម្បីបង្កើតមិត្តភាពថ្មីវិញ។ រឿងនេះមិនមែនមានន័យថា អ្នកត្រូវយកមនុស្សថ្មីជំនួសមនុស្សចាស់ទេ ប៉ុន្តែជាការបង្កើតមិត្តភាពឲ្យបានច្រើន ឬធំជាងមុនវិញ។ វាគឺជារឿងល្អមួយដែរដែលអ្នកអាចបង្កើតមិត្តភាពថ្មីៗជាមួយសិស្សរួមថ្នាក់ ឬអ្នកធ្វើការជាមួយគ្នា។ ចូរស្រមៃមើលថា តើជីវិតរបស់អ្នកមានភាពសប្បាយ ឬភ្ញាក់ផ្អើលប៉ុនណ្ណានៅពេលដែលអ្នកបានរស់នៅកន្លែងថ្មីជាមួយគ្នានឹងមិត្តភក្តិដែលចូលចិត្តអ្វីៗដូចអ្នកដែរនោះ។ 

កុំទៅលេងផ្ទះញឹកពេក

ជាចុងក្រោយនេះ ចូរព្យាយាមចៀសវាងការទៅលេងផ្ទះជារៀងរាល់ចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក ដោយសារតែវានឹងគ្រាន់តែធ្វើឲ្យការនឹកផ្ទះកាន់តែធ្ងន់ធ្ងរទៅវិញទេ។ ការទៅលេងផ្ទះម្តង ឬពីរដងក្នុងមួយឆ្នាំគឺជារឿងមួយល្អបំផុតហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង