ស្រ្តេសអាចមានឥទ្ធិពលខ្លាំងក្លាទៅលើសុខភាពមនុស្សយើងនៅពេលធំឡើង ចាប់ពីបំផ្លាញគុណភាពនៃការគេង រហុតដល់ប្រឈមកាន់តែខ្ពស់នឹងបញ្ហាបេះដូង។ ហើយដោយសារតែស្រ្តេសមិនបង្កជាផលរំខានអ្វីច្រើន ដូច្នេះយើងនឹងដឹងថាមានបញ្ហានៅពេលដែលអ្វីៗធ្ងន់ធ្ងររួចទៅហើយ។ យ៉ាងណាមិញ ស្រ្តេសមានពីរប្រភេទគឺ
- ស្រ្តេសល្អ៖ វាអាចជាអារម្មណ៍នៅពេលដែលអ្នកចូលរួមក្នុងកម្មវិធីណាមួយដូចជា រៀបអាពាហ៍ពិពាហ៍ ឬការប្រលងដែលធំដុំ។ រឿងនេះច្រើនតែជាស្រ្តេសធម្មតាដែលនឹងបាត់ទៅវិញក្រោយពីហេតុការណ៍ទាំងនេះចប់ហើយ។
- ស្រ្តេសអាក្រក់៖ ជាស្រ្តេសមួយប្រភេទដែលមិនបាត់ទៅវិញ ហើយអាចនាំឲ្យមានជំងឺជាច្រើនដូចជា ថប់អារម្មណ៍ បាក់ទឹកចិត្ត និងគេងមិនលក់ជាដើម។
ស្រ្តេសបែបបំពុល គឺជាស្រ្តេសមួយប្រភេទទៀតដែលមិនបាត់ទៅវិញទេ ហើយក៏មានឥទ្ធិពលអាក្រក់ចំពោះរាងកាយ និងចិត្តគំនិតដែរ។ ឧទាហរណ៍ដ៏ល្អដែលងាយយល់សម្រាប់ឪពុកម្តាយនោះគឺថា ពួកគេព្យាយាមគម្រាមគំហែងកូនរបស់ខ្លួនដោយការប្រើវិធីពិន័យនៅពេលពួកគេរៀនមិនបានពូកែ ជាងការបង្រៀនកូនឲ្យចេះវិធីរៀនសូត្រ។ នៅពេលកូនមិនអាចធ្វើដូចអ្វីដែលឪពុកម្តាយរំពឹងទុកនោះ សម្ពាធកាន់តែច្រើន និងស្រ្តេសកាន់តែច្រើនកើតឡើងលើពួកគេ ហើយក៏ធ្វើឲ្យពួកគេកាន់តែគួរឲ្យអាណិតដែរ។ ជាអកុសល វាមានរឿងច្រើនជាងស្រ្តេសបំពុលទៅទៀត ក្នុងការធ្វើឲ្យកូនមានអារម្មណ៍ថាគួរឲ្យអាណិត។ វាពិតជាប៉ះពាល់ដល់សុខភាពទូទៅរបស់ពួកគេបានតាមរយៈលក្ខណៈដូចខាងក្រោមនេះ៖
ប្រឈមខ្លាំងនឹងការញៀនថ្នាំ
កុមារដែលច្រើនតែស្រ្តេសជាញឹកញាប់ទំនងជាត្រូវការប្រើសារធាតុអ្វីមួយដើម្បីចៀសផុតពីអារម្មណ៍ស្រ្តេស និងឈឺចាប់របស់ពួកគេ។ ដូច្នេះការដែលទទួលបានថ្នាំញៀនខ្លះអាចនឹងបំបាត់អារម្មណ៍នេះបានមួយគ្រាដែរ។
ងាយនឹងមានបញ្ហាផ្លូវចិត្ត
អ្នកដែលមានគ្រួសារកើតជំងឺស្រ្តេសរ៉ាំរ៉ៃក្នុងពេលជាកុមារភាព ទំនងជាងាយនឹងបាក់ទឹកចិត្តនៅពេលពួកគេធំឡើងជាងក្មេងដែលមានជីវិតជាកុមារភាពរីករាយ។ រឿងនេះប៉ះពាល់ដល់ការព្យាបាលផងដែរ ដោយមាន ៤៣ភាគរយមិនឆ្លើយតបនឹងការព្យាបាលទេ។ ថ្វីបើមិនមានករណីបាក់ទឹកចិត្តទាំងអស់បង្កឡើងដោយស្រ្តេសបំពុលក៏ដោយ តែវានៅតែជាដើមហេតុនាំឲ្យប្រឈមមុខដែរ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
បើសិនជាកូនអ្នកមានអារម្មណ៍ស្រ្តេសរយៈពេលខ្លី វានឹងមិនប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំឡើយ ប៉ុន្តែបើសិនជាស្រ្តេសនេះកើតឡើងរ៉ាំរ៉ៃ សារធាតុគីមីដូចជា Adrenaline និង Cortisol ក្នុងខ្លួននឹងកើនឡើងជាប់ ដែលនាំឲ្យប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការទប់ស្កាត់ការបង្ករោគបាន។ កាលណាប្រព័ន្ធភាពស៊ាំធ្វើការមិនបានល្អ ពួកគេពិតជាប្រឈមនឹងជំងឺជាច្រើនបាន។
ងាយនឹងមានការឈឺចាប់រ៉ាំរ៉ៃ និងឈឺក្បាលបែបប្រកាំង
ស្រ្តេសបំពុលអាចជាដើមហេតុនាំឲ្យមនុស្សយើងឆាប់ឈឺក្បាលបែបប្រកាំង។ កុមារដែលធ្លាប់មានបញ្ហាផ្លូវអារម្មណ៍ និងកាយ ទំនងជាឆាប់មានការឈឺចាប់ខ្លាំងពីការឈឺចាប់រ៉ាំរ៉ៃដូចជា ប្រកាំង រលាកសន្លាក់ រលាកពោះវៀន និងអស់កម្លាំងរ៉ាំរ៉ៃមិនខាន។
ឆ្លើយតបនឹងភាពស្រ្តេសកាន់តែខ្លាំងនៅពេលធំឡើយ
ការសិក្សាបានបង្ហាញថា នៅពេលមនុស្សធំមិនលែងប៉ះពាល់នឹងមជ្ឈដ្ឋានដែលបង្កភាពស្រ្តេសទៀតក៏ដោយ ក៏ពួកគេងាយនឹងឆ្លើយតបនឹងស្រ្តេសកាន់តែខ្លាំងដែរចំពោះស្ថានភាពប្រចាំថ្ងៃដូចជា ការស្ទះចរាចរណ៍ជាដើម។ រឿងនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន និងនាំឲ្យមានបញ្ហាផ្លូវកាយ និងចិត្តដែរបើសិនជាមិនបានព្យាបាលលឿនទេនោះ៕