ពេលយើងនិយាយដល់សុខភាពស្បែក គ្រប់គ្នាតែងតែចង់បានស្បែកដែលភ្លឺរលោងតាមបែបធម្មជាតិជាមិនខានទេ។ ហេតុដូច្នេះហើយមនុស្សយើងភាគច្រើនតែងប្រើប្រាស់ផលិតផលជាច្រើនដើម្បីលាក់បាំងស្នាមជាំ មុន ឬធ្វើឲ្យស្បែកភ្លឺបែបមិនពិតប្រាកដ ប៉ុន្តែតើអ្នកពិតជាត្រូវការធ្វើបែបនេះឬអត់ទេ? យ៉ាងណាមិញ កាលណាអ្នកប្រើប្រាស់គ្រឿងថែរក្សាសម្ផស្សកាន់តែច្រើន ស្បែកនឹងរងការរលាកកាន់តែច្រើន ជាពិសេសនៅពេលគល់រោមរងការកកកុញប្រេង ធូលីដី និងញើសច្រើនតែម្តង។ សំណាងដែរ អ្នកនឹងអាចកែខៃបញ្ហាស្បែកខ្លួនឯងបាន ដោយចាប់ផ្តើមជ្រើសរើសអាហារដែលត្រឹមត្រូវសម្រាប់ទទួលទានដូចខាងក្រោមនេះ៖
ផ្លែឪឡឹក
ផ្លែឪឡឹកផ្ទុកទៅដោយជាតិទឹកច្រើន ដែលអាចជួយផ្តល់បង្គ្រប់ជាតិទឹកដែលបាត់បង់បាន។ ជាមួយគ្នានដែរ ការញ៉ាំផ្លែឈើមួយនេះនៅរដូវក្តៅគឺល្អបំផុតដោយសារតែមានជាតិស្ករទាប ដែលអាចជួយការពារអ្នកមិនឲ្យកើតបញ្ហាស្បែកជ្រីវជ្រួញបាន។
ប្រេងអូលីវ
អាហារមួយផ្សេងទៀតដែលអាចពង្រឹងដល់សុខភាពស្បែកបាននោះគឺប្រេងអូលីវតែម្តង។ ប្រេងនេះផ្ទុកទោដោយអាស៊ីតខ្លាញ់ Monounsaturated ដែលអាចជួយរក្សាភាពភ្លឺរលោងដល់ស្បែកតាមបែបយុវវ័យបាន។ អង់ទីអុកស៊ីដង់ដែលមានក្នុងប្រេងនេះនឹងជួយបង្ការការខូចខាតដែលបង្កឡើងដោយរ៉ាឌីកាលសេរីបានថែមទៀត។
ដំឡូងជ្វា
ដំឡូងជ្វាត្រូវបានគេស្គាល់ថាមានវីតាមីន A ឬ Beta-carotene ដែលអាចផ្តល់ជាភាពភ្លឺរលោងដល់ស្បែកតាមបែបយុវវ័យបាន។ គ្រូពេទ្យច្រើនតែណែនាំថា យើងគួរតែញ៉ាំវីតាមីន A ពីរបបអាហារ ដោយសារតែវាល្អក្នុងការកំចាត់បញ្ហាមុន និងការពារភាពជ្រីវជ្រួញលើស្បែកទៀត។
ផ្លែក្រូច
អ្នកដែលញ៉ាំអាហារសម្បូរវីតាមីន C គឺមិនងាយនឹងមានបញ្ហាស្បែកជ្រីវជ្រួញ និងស្ងួតឡើយ។ ក្រៅពីផ្លែក្រូច ម្ទេសប្លោកពណ៌ក្រហម ស្ត្របឺរី និងក្រូចខ្វិចក៏ជាជម្រើសដ៏ល្អដែលមានវីតាមីន C ផងដែរ។
ផ្លែបឺរី
ផ្លែឈើមួយនេះសម្បូរទៅដោយអង់ទីអុកស៊ីដង់ណាស់។ ការញ៉ាំផ្លែឈើប្រភេទបឺរី ដូចជា រ៉ាសបឺរី និងផ្លែឈើរី អាចជួយបង្កើនចំនួនអង់ទីអុកស៊ីដង់ក្នុងខ្លួនដើម្បីជួយការពារស្បែកពីរ៉ាឌីកាលសេរីបាន៕