កង្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភបំផុតមួយដែលបង្កផលប៉ះពាល់យ៉ាងច្រើន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះបញ្ហាខ្វះគ្រាប់ឈាមក្រហមភាគច្រើនអាចព្យាបាលបានតាមរយៈការទទួលទានអាហារនិងមានរបៀបរស់នៅត្រឹមត្រូវ។ ខាងក្រោម
វេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម ព្រមជាមួយអាហារគួរចៀសវាង ៖
- អាហារគួរទទួលទាន
១. ផ្លែទទឹម
មានផ្ទុកសម្បូរទៅដោយជាតិដែក រួមទាំងជាតិរ៉ែសំខាន់ៗផ្សេងទៀតដែលចាំបាច់សម្រាប់បង្កើនការផលិតកោសិកាឈាមក្រហមកាន់តែច្រើនក្នុងរាងកាយ។ លើសពីនេះទៅទៀត ទទឹមក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយបង្កើនសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែក។
២. ត្រយូងចេក
ក៏ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលនឹងជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយវាបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។
៣. ទឹកដូង
នោះក៏ព្រោះតែបរិមាណនៃជាតិប៉ូតាស្យូមក្នុងទឹកដូងមានប្រសិទ្ធិភាពអាចជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។
៤. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃអាស៊ីត folic វីតាមីន C ក៏ដូចជាជាតិដែក។ ដូច្នេះចូរព្យាយាមទទួលទានបន្លែបៃតង ប្រសិនបើអ្នកចង់ជៀសផុត ឬសះស្បើយពីបញ្ហាខ្វះគ្រាប់ឈាមក្រហម។
៥. ថ្លើម
មានផ្ទុកសម្បូរទៅដោយជាតិដែក រួមជាមួយវីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនផ្សេងទៀត។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ចូរបន្ថែមថ្លើមក្នុងរបបអាហារប្រចាំថ្ងៃ។
៦. សាច់
អ្នកអាចដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានសាច់ ជាពិសេសសាច់ក្រហម គឺមានផ្ទុកសម្បូរទៅដោយជាតិដែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកគួរទទួលទានសាច់លាយជាមួយនឹងបន្លែបៃតងផ្សេងៗ។
- អាហារគួរចៀសវាង
១. តែបៃតង
ដោយសារតែ “តែបៃតង” មានផ្ទុកសារធាតុ tannins នោះវាមិនមែនជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហមឡើយ។ សារធាតុ tannins អាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។
២. តែខ្មៅ
ក៏មិនខុសពីតែបៃតងដែរ តែខ្មៅក៏មានផ្ទុកសម្បូរទៅដោយសារធាតុ tannins ដូចគ្នា។ ដូច្នេះខណៈពេលដែលអ្នកកំពុងទប់ទល់ជាមួយជំងឺខ្វះគ្រាប់ឈាមក្រហម ចូរកុំទទួលទានតែខ្មៅ។
៣. កាហ្វេ
ក៏ព្រោះតែភេសជ្ជៈនេះក៏មានផ្ទុកសារធាតុ tannins ដែលទប់ស្កាត់ការស្រូបយកជាតិដែកដោយរាងកាយបានត្រឹមត្រូវដែរ។
៤. ទំពាំងបាយជូរ
ទំពាំងបាយជូរ ក៏មានផ្ទុកសារធាតុ tannins ដែរ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរសិន ខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែរ។
៥. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ
ថ្វីត្បិតតែគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ ជាប្រភពដ៏ប្រសើរនៃជាតិដែកក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ phytates ដែលអាចរាំងស្ទះដល់ការស្រូបយកជាតិដែកនៃរាងកាយគួរអោយកត់សម្គាល់។ ដូច្នេះ
ខណៈពេលព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរបញ្ឈប់ការទទួលទានអាហារសម្រន់ប្រភេទនេះសិន៕