ផុត​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​តែ​បន្តិច គឺ​ស្ថិតនៅ​ចន្លោះ​ព្រែក​សូ​ជី​មី​កូ (Xochimico) អ្នក​អាច​ឃើញ​កោះ​តូច​មួយ ដែលមាន​ប្រវត្តិ​ដ៏​សោកសៅ និង​មិនដែល​នឹកស្មានថា​នឹង​ក្លាយជា​ទិសដៅ​ទេសចរណ៍​នោះទេ​។ កោះ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា Isla de las Munecas (​កោះ​តុក្កតា​) ។​

​កោះ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រលឹង​ក្មេងស្រី​ដ៏​កម្សត់​ម្នាក់ ដែល​ស្លាប់​ទាំង​វ័យក្មេង​ក្នុងស្ថានភាព​ដ៏​ចម្លែក​។​

​តំបន់​នេះ​មាន​មនុស្ស​រស់នៅ​រាប់ពាន់នាក់ ប៉ុន្តែ​កោះ​តូច​នេះ​គឺជា​លំនៅដ្ឋាន​របស់​តុក្កតា​គួរឱ្យខ្លាច​រាប់រយ​។ អវយវៈ​ដាច់ដោច ក្បាល​តុក្កតា និង ភ្នែក​លៀនៗ​របស់​តុក្កតា​ទាំងអស់នេះ​ត្រូវបាន​លម្អ​លើ​ដើមឈើ​។​

​តុក្កតា​ទាំងអស់នេះ​មើលទៅ​គួរឱ្យខ្លាច​ណាស់ សូម្បី​នៅ​កណ្តាល​ថ្ងៃ​ចែស​ក៏​ខ្លាច​ដែរ ក៏ប៉ុន្តែ​នៅពេល​មេឃងងឹត​វិញ គឺ​មិនបាច់​ថ្លែង​នោះឡើយ​។​

​គេ​បាន​និយាយថា​ក្មេងស្រី​នោះ​ត្រូវគេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​ក្នុងស្ថានភាព​អាថ៌កំបាំង​ជាច្រើន​ឆ្នាំ​មកហើយ នៅលើ​កោះ​នេះ ហើយ​ថា​តុក្កតា​ទាំងនោះ​ត្រូវបាន​វិញ្ញាណ​ក្មេងស្រី​នេះ​សណ្ឋិត​។​

​រឿងព្រេង​ក្នុងស្រុក​និយាយថា កូនក្រមុំ​តុក្កតា​ចេះ​ងាកក្បាល​និង​កម្រើក​ដៃ​របស់​ពួកគេ ហើយ​ថែមទាំង​ចេះ​បើកភ្នែក​ទៀតផង​។​

​សាក្សី​ខ្លះ​អះអាងថា​ពួកគេ​បានឮ​សំឡេង​តុក្កតា​ខ្សឹប​គ្នា ខណៈ​អ្នក​ខ្លះទៀត​ដែល​ជិះ​លើ​ទូក​ក្បែរ​កោះ​នេះ បាន​និយាយថា តុក្កតា​ទាំងនោះ​បាន​អន្ទង​ចិត្ត​ពួកគេ​ឱ្យ​ចុះទៅ​កោះ​នេះ​។​

​ជាការ​ពិតណាស់ សាក្សី​ទាំងនេះ​គឺ​និយាយ​បំផ្លើស​សុទ្ធសាធ ហើយ​កោះ​នេះ​គ្មាន​ព្រលឹង​ខ្មោច​សណ្ឋិត​អី​នោះទេ ប៉ុន្តែ​ការពិត​គឺថា​កោះ Isla de las Munecas គឺជា​កន្លែង​ដែល​គួរឱ្យខ្លាច ដូច្នេះហើយ​ទើប​ក្លាយជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​នៅ​ម៉ិ​ក​ស៊ិ​ក​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង