បើទោះជាភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួលទានផ្លែស្ពឺ ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាផ្លែឈើមួយប្រភេទនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែស្ពឺល្អយ៉ាងណាទៅ ហើយមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់អ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែស្ពឺ ៖
១. ប្រឆាំងនឹងការរលាកក្នុងរាងកាយ
នោះក៏ព្រោះតែផ្លែស្ពឹមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុប្រឆាំងការរលាកដែលជួយទប់ស្កាត់បញ្ហាស្បែកផ្សេងៗដូចជា ជំងឺរលាកស្បែក dermatitis។ លើសពីនេះទៅទៀត ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយរាងកាយបញ្ចេញជាតិពុលនិងរក្សានូវសុខភាពរាងកាយល្អរឹងមាំផងដែរ។
២. ទប់ស្កាត់ជំងឺមហារីក
ផ្លែស្ពឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរី មុនពេលវាអាចបង្កបញ្ហាធ្ងន់ធ្ងរផ្សេងៗចំពោះសុខភាពរាងកាយ រួមទាំងជំងឺមហារីក។ ជាតិសសៃខ្ពស់ដែលមានវត្តមានក្នុងផ្លែស្ពឺក៏ជួយកម្ចាត់ជាតិពុលនៅក្នុងពោះវៀនធំកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំគួរអោយកត់សម្គាល់។
៣. ជួយអោយស្រកទម្ងន់
បរិមាណនៃជាតិសសៃក្នុងផ្លែស្ពឺមានប្រសិទ្ធិភាពពន្លឿនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយជួយអោយស្រកទម្ងន់។ លើសពីនេះទៅទៀតជាតិសសៃក៏ជួយអោយឆ្អែតបានយូរផងដែរ។
៤. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ការទទួលទានផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃមិនរលាយដូចជា ផ្លែស្ពឺ គឺអាចជួយទប់ស្កាត់ការបញ្ចេញជាតិស្ករគ្លុយកូសលើសកម្រិត។ ហើយការបញ្ចេញជាតិគ្លុយកូសត្រឹមត្រូវជួយក្នុងការគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដូច្នេះវាជាជម្រើសនៃផ្លែឈើល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយក៏ល្អសម្រាប់អ្នកដែលមិនចង់កើតជំងឺនេះផងដែរ។
៥. ទប់ស្កាត់ព្យាបាលអាការៈទល់លាមក
សារធាតុ Dietary fibre ដែលមានផ្ទុកនៅក្នុងផ្លែស្ពឺដើរតួនាទីយ៉ាងសំខាន់ចាំបាច់មួយជួយបង្កើនការរំលាយអាហារ។ វាអាចជម្រុញចលនានៃលាមកតាមរយៈបំពង់រំលាយអាហារដែលជួយកាត់បន្ថយអាការៈហើមពោះ ទល់លាមក និងរមួលឆ្អល់ពោះ។
៦. ល្អសម្រាប់សុខភាពបេះដូង
បរិមាណខ្ពស់ជាតិប៉ូតាស្យូម និងសូដ្យូមដែលមានផ្ទុកនៅក្នុងផ្លែស្ពឺ ដើរតួជាសារធាតុអេឡិចត្រូលីត្រក្នុងរាងកាយដែលជួយក្នុងការគ្រប់គ្រង់រក្សាភាពប្រក្រតីនៃសម្ពាធឈាម។ ហើយក៏ធ្វើឲ្យអត្រាចង្វាក់បេះដូងលោតមានភាពប្រក្រតី និងលំហូរឈាមមានសុខភាពល្អផងដែរ។
៧. ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែស្ពឺ គឺមានផ្ទុកនូវវីតាមីន C ខ្ពស់ ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់វត្តមាននៃវីរុស និងបាក់តេរីផ្សេងៗឲ្យនៅឆ្ងាយពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែឈើនេះក៏មានផ្ទុកសារធាតុ epicatechin, quercetin និងអាស៊ីត gallic ដែលមានប្រសិទ្ធិភាពអាចកាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវមួយចំនួនបានផងដែរ។
៨. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
នោះក៏ព្រោះតែផ្លែស្ពឺជាប្រភពដ៏ប្រសើរនៃជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី និងកាល់ស្យូមដែលចាំបាច់សម្រាប់សុខភាពឆ្អឹងរឹងមាំទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹង៕