ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រៅពីការ៉ុតហើយនោះក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាទប់ស្កាត់បញ្ហាភ្នែកនានា ៖

១. ផ្លែក្រូច

ជាប្រភពដ៏ប្រសើរនៃវីតាមីន C កាត់បន្ថយហានិភ័យនៃជំងឺខ្សោយភ្នែកនិងជំងឺភ្នែកឡើងបាយ។

២. ត្រីសម្បូរខ្លាញ់

ដើម្បីការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយ ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត ចូរទទួលទានត្រីសម្បូរខ្លាញ់ដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាឌីន ត្រីធូណាត្រីសាលម៉ុននិងត្រី mackerel ឱ្យបានច្រើន។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានត្រីសមុទ្រទាំងនេះ ចូរទទួលទានគ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ឬថ្នាំគ្រាប់ខ្លាញ់ត្រីជំនួសវិញក៏បាន។

៣. សណ្ដែកបារាំង

ជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ភ្នែក នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុ Zeaxanthin និង lutein ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បញ្ហាភ្នែកនានា។

៤. ផ្នែកពណ៌លឿងនៃស៊ុត

ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។

៥. គ្រាប់ផ្កាឈូករ័ត្ន

មានផ្ទុកសម្បូរទៅដោយជាតិសង្កសីនិងវីតាមីន E ជួយពង្រឹងសុខភាពភ្នែកបង្កើនការមើលឃើញនិងទប់ស្កាត់ជំងឺភ្នែកជាច្រើន។

៦. បន្លែស្លឹកបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតង​ឱ្យបានច្រើន។

៧. ដំឡូងផ្អែម

មានផ្ទុកសម្បូរទៅដោយសារធាតុ beta carotene និងវីតាមីន E ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ។

៨. សណ្ដែកកួរ

ក៏ជាប្រភពនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់៕