តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស, បញ្ចេញកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម, ផលិតអ័រម៉ូន និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមដោយជៀសវាងការទទួលទានអាហារមួយចំនួនជាបន្ទាន់ និងជំនួសដោយអាហារដែលល្អសម្រាប់សុខភាពតម្រងនោមវិញ។ ថាតើអាហារអ្វីខ្លះទៅដែលជួយលាងសម្អាត និងថែរក្សាតម្រងនោម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលគួរទទួលទានឱ្យបានច្រើន រួមជាមួយទម្លាប់ដែលអ្នកត្រូវបញ្ឈប់ដើម្បីជៀសផុតពីហានិភ័យនៃជំងឺខ្សោយតម្រងនោម ឬខ្សោយក្រលៀន ៖

  • អ្វីដែលគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ

១. ត្រីសម្បូរខ្លាញ់

ប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់សុខភាពតម្រងនោមល្អប្រសើរផងដែរ។ ហើយប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីន គឺត្រីសម្បូរខ្លាញ់ រួមមានត្រីធូណា ត្រីសាលម៉ុន និងត្រីសាឌីនជាដើម។ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកបរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍មិនមែនតែសម្រាប់រក្សាសុខភាពសសៃឈាមបេះដូងឡើយ ប៉ុន្តែក៏ប្រសើរចំពោះតម្រងនោមគួរអោយកត់សម្គាល់។

២. ផ្លែប៉ោម

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពកម្ចាត់ជាតិពុលពីបំពង់រំលាយអាហារនៅមុនពេលរាងកាយ ហើយដំណើរការនេះជួយសម្រាលបន្ទុកលើតម្រងនោម។ ផ្លែប៉ោមក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងការរលាកផ្សេងៗក្នុងរាងកាយផងដែរ។

៣. ម្ទេសប្លោកក្រហម

នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលល្អសម្រាប់សុខភាពតម្រងនោម។ សារធាតុ lycopene ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោមផងដែរ។

៤. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ folate វីតាមីន C វីតាមីន K ជាតិសសៃ និងសារធាតុចិញ្ចឹម phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម ព្រមទាំងភាពតានតឹងលើតម្រងនោម, ប្រយុទ្ធប្រឆាំងការរលាក រក្សាតុល្យភាពនៃជាតិស្ករក្នុងឈាម បង្កើនការផលិតទឹកនោម ហើយក៏លាងសម្អាតតម្រងនោមផងដែរ។

៥. ខ្ទឹមសនិងខ្ទឹមបារាំង

ជាឱសថបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយព្យាបាលបញ្ហាផ្សេងៗនៃតម្រង
នោម។ ខ្ទឹមស និងខ្ទឹមបារាំងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allicin ដែលជួយក្នុងការសម្អាតតម្រងនោមបានយ៉ាងប្រសើរ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងការរលាក, សម្លាប់មេរោគបាក់តេរី និងកម្ចាត់រោគផ្សិត។

  • ទម្លាប់ដែលត្រូវបញ្ឈប់

១. ទប់នោមយូរ

ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។

២. ទទួលទានទឹកតិចពេក

តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។

៣. ទទួលទានគ្រឿងស្រវឹងច្រើន

ប្រសិនបើអ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹងច្រើនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃបញ្ហាតម្រងនោមមិនខានឡើយ។

៤. ទទួលទានអាហារប្រៃច្រើនពេក

ការទទួលទានអំបិល ឬអាហារប្រៃច្រើនពេកជាប្រចាំមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូល រួមទាំងតម្រងនោម។ តម្រងនោមបំបែកជាតិសូដ្យូមប្រមាណ ៩៥% ពីអាហារដែលអ្នកទទួលទាន។ នេះមានន័យថាការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើអោយតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។

៥. ទទួលទានជាតិប្រូតេអ៊ីនច្រើនពេក

រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ៕