សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើគួរធ្វើយ៉ាងណាខ្លះទៅដើម្បីរក្សាបានសុខភាពឆ្អឹងល្អប្រសើរជៀសផុតពីបញ្ហាពុកឆ្អឹង? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ 
ព្រមទាំងអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖

  • ទម្លាប់ដែលអ្នកគួរបញ្ឈប់ 

១. ជក់បារី

មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ ឬត្រូវបំផ្លាញដោយសារការជក់បារី ប៉ុន្តែសរីរាង្គផ្សេងៗទៀតក៏រងគ្រោះដូចគ្នាផងដែរ។ រាងកាយលែងមានប្រសិទ្ធិភាពក្នុងការបង្កើតកោសិកាឆ្អឹងថ្មីឡើយ ដោយសារតែឥទ្ធិពលអវិជ្ជមាននៃការជក់បារីលើអ័រម៉ូន។ ប្រសិនបើអ្នកជាអ្នកជក់បារី ចូរព្យាយាមផ្ដាច់ទៅ ដើម្បីអាចជៀសផុតពីបញ្ហាខ្សោយឆ្អឹង និងជំងឺពុកឆ្អឹង។

២. ទទួលទានជាតិសូដ្យូមច្រើនពេក

ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទាន ឬទទួលយកនូវជាតិសូដ្យូមច្រើនពេកចូលក្នុងរាងកាយ គឺមិនល្អឡើយចំពោះសម្ពាធឈាម និងបេះដូង រួមទាំងឆ្អឹងផងដែរ។ លើសពីនេះទៅ
ទៀត អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់បណ្ដាលអោយតម្រងនោមបញ្ចេញនូវជាតិកាល់ស្យូមចេញពីរាងកាយ។

៣. មិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណរាងកាយណាមួយសោះនោះ គឺអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ការធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ក៏អាចបង្កើនហានិភ័យនៃការបាត់បង់ម៉ាសឆ្អឹង និងជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថាការធ្វើលំហាត់ប្រាណសសៃឈាមបេះដូងដូចជា ការដើរ, ការរត់ត្រឹកៗ និងការឡើងជណ្ដើរ គឺជួយលើកកម្ពស់ការលូតលាស់នៃជាលិកាឆ្អឹង។

៤. គេចពន្លឺព្រះអាទិត្យ

ក្នុងបរិមាណ ឬកម្ដៅល្មម ពន្លឺព្រះអាទិត្យ គឺពិតជាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពរាងកាយ
ទាំងមូល រួមទាំងឆ្អឹងល្អប្រសើរ។ រាងកាយអាចទទួលបាននូវវីតាមីន D តាមរយៈការស្ថិតក្រោម ឬប៉ះ
ពាល់នឹងពន្លឺព្រះអាទិត្យ។ វីតាមីន D ជាវីតាមីនដែលជួយបង្កើនលើកកម្ពស់ឆ្អឹងក្នុងការស្រូបយកនូវជាតិកាល់ស្យូម។ បរិមាណនៃជាតិកាល់ស្យូមគ្រប់គ្រាន់ គឺជួយអោយឆ្អឹងរក្សាបាននូវសុខភាពល្អរឹងមាំ ជៀសឆ្ងាយពីជំងឺពុកឆ្អឹង។

  • អ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ

១. សណ្ដែកបារាំង

បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញជាតិកាល់ស្យូមតាមទឹកនោមទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។ 

២. ស៊ុត

ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។

៣. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង

ចង់ដឹងមែនទេថាអ្វីដែលធ្វើត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុងជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថាការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។

៤. ទឹកដោះគោស្រស់

ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់សស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12, វីតាមីន D និងជាតិរ៉ែដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងផូស្វ័រផងដែរ។

៥. ផ្កាខាត់ណា

ផ្កាខាត់ណាមានផ្ទុកវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែនជួយការពារសន្លាក់និងឆ្អឹងពីការរលាក។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃវិតាមីន K ដែលដើរតួនាទីជួយក្នុងការទប់ស្កាត់បញ្ហាបាត់បង់ម៉ាសនៃឆ្អឹងចំពោះទាំងបុរសនិងស្ត្រី។

៦. ផ្លែបឺរ

ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង