ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ផ្លែឈើ គឺជាប្រភពដ៏ប្រសើរបំផុតមួយនៃសារធាតុចិញ្ចឹម
សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែ រួមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលជួយរក្សាសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំងឺទឹកនោមផ្អែមក៏អាចទទួលទានផ្លែឈើបានដែរគ្រាន់តែត្រូវទទួលទានក្នុងកម្រិតមធ្យមដើម្បីទប់ស្កាត់មិនឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ថាតើផ្លែឈើអ្វីខ្លះទៅដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកជំងឺទឹកនោមផ្អែមគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ផ្លែប៉ោម
មានផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើនបំផុត។
២. ផ្លែបឺរ
ជាជម្រើសផ្លែឈើដ៏ប្រសើរបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះវាមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិសសៃ និងអាស៊ីតខ្លាញ់ល្អ monounsaturated ខ្ពស់ដែលជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម ក៏ដូចជាកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។
៣. ផ្លែត្របែក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
៤. ផ្លែគីវី
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែគីវីក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary, ប៉ូតាស្យូម និងវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នេះហើយជាមូលហេតុធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៥. ក្រូច
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
៦. ឪឡឹក
មានផ្ទុកជាតិស្ករធម្មជាតិខ្ពស់ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលចាំបាច់សម្រាប់រក្សាមុខងារតម្រងនោមប្រក្រតីចំពោះអ្នកជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត ឪឡឹកក៏មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជួយទប់ស្កាត់កាត់បន្ថយការខូចខាតសសៃប្រសាទផងដែរ។ ដូច្នេះការទទួលទានឪឡឹកក្នុងកម្រិតមធ្យម គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៧. ម្នាស់
ជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃខ្ពស់ដែលជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យកម្រិតនៃអាំងស៊ុយលីនកាន់តែប្រសើរឡើង។ ប៉ុន្តែទោះជាយ៉ាងណា កុំទទួលទានច្រើនលើសពេក។
៨. ស្ត្របឺរី
ផ្លែឈើប្រភេទនេះមានអង់ទីអុកស៊ីដង់ Anthocyanins ខ្ពស់ដែលធ្វើអោយវាទៅជាពណ៌ក្រហម។ ហើយសារធាតុ Anthocyanins អាចបន្ថយកម្រិតអាំងស៊ុយលីននិងកូឡេស្តេរ៉ុលមិនល្អ។ វាក៏ជួយពង្រឹងដល់សុខភាពបេះដូងនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ៕