ជាធម្មតាបញ្ហាអង្គែស្បែកក្បាល គឺបង្កឡើងពីរោគផ្សិតម្យ៉ាងហៅថា Malassezia ដែលលូតលាស់
លើស្បែកក្បាល។ ​ អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើសនិងភាពស្ងួតពេកនៃស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីដ៏ងាយបំផុតកម្ចាត់អង្គែចេញពីស្បែកក្បាល ដោយចំណាយអស់តិចតែមានប្រសិទ្ធិភាពខ្ពស់ ៖

១. ប្រេងដូង និងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឲ្យសព្វ សឹមលាបម៉ាស្សាលើសក់និងស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី រួចទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី ហើយកក់សម្អាតសក់ចេញជាមួយសាប៊ូជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកធម្មតាចំនួន ២ ពែងជាមួយទឹកខ្មេះផ្លែប៉ោម ២ ពែង។ កូរឱ្យសព្វ សឹមចាក់ល្បាយចូលដបស្ព្រៃយ៍ ឬដបដែលមានក្បាលបាញ់។ បន្ទាប់មកចាប់ផ្ដើមបាញ់ឱ្យពេញគល់នៃ
សក់របស់អ្នក។ ចងសក់ឡើង ហើយយករុំសក់ជាមួយថង់ផ្លាស្ទិក។ ទុកចោលបែបនេះសម្រាប់រយៈពេលពី ១៥ នាទី ទៅ ១ ម៉ោង អាស្រ័យលើប្រភេទនៃសក់របស់អ្នកវែង ឬខ្លី​ ក្រាស់ ឬស្ដើង។ ចុងក្រោយគ្រាន់តែកក់សម្អាតសក់ជាមួយសាប៊ូកក់សក់និងក្រែមបន្ទន់ដូចធម្មតាជាការស្រេច។ គួរអនុវត្តឱ្យបានពី ២ ទៅ ៣ ដងរាល់សប្តាហ៍។

៣. ម្ស៉ៅ Baking Soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសញីសក់ជាមួយម្ស៉ៅ Baking Soda នៅពេលងូតទឹក រួចលាង
សម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អ្នកមិនគួរប្រើសាប៊ូកក់សក់ឡើយនៅពេលអនុវត្តរូបមន្តនេះ។

៤. ទឹកខ្ពុរមាត់

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកខ្ពុរមាត់ចំនួន ១ ស្លាបព្រាបាយជាមួយទឹកធម្មតា ៩ ស្លាបព្រាបាយ។ ជាដំបូងត្រូវកក់សម្អាតសក់ជាមួយសាប៊ូធម្មតាសិន បន្ទាប់មកសឹមលាបល្បាយទឹកខ្ពុរមាត់លើសក់ ហើយទុកចោលសម្រាប់រយៈពេល ១ ម៉ោង រួចលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។

៥. ប្រេងអូលីវ

អ្នកត្រូវកម្ដៅប្រេងអូលីវឱ្យក្ដៅឧណ្ហៗជាមុនសិន សឹមលាបម៉ាស្សាវាលើសក់ ហើយរុំឱ្យជិតសម្រាប់
រយៈពេលយ៉ាងហោចណាស់ ៤៥ នាទី។ ក្រោយមកកក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។

សម្គាល់ ៖ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសក៏ជាមូលហេតុចម្បងនៃការកើតអង្គែផងដែរ។ ដូច្នេះចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយកម្រិតនៃភាពតានតឹងរបស់អ្នក ប្រសិនបើអ្នកចង់កម្ចាត់អង្គែអស់ពីសក់ និងស្បែកក្បាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង