បង្គាគឺជាអាហារដ៏ពេញនិយមមនុស្សដែលប្រជាជនទូទាំងពិភពលោកចូលចិត្តទទួលទាន។ ថ្វីបើបង្គាជាអាហារពេញនិយមសម្រាប់ប្រទេសភាគច្រើនមែនក៏ដោយ តែមានមនុស្សជាច្រើនជឿថា វាអាចនឹងមិនមានសុវត្ថិភាពទេក្នុងការញ៉ាំទាំងឆៅនោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមរយៈអត្ថបទនេះខ្ញុំនឹងបង្ហាញថា តើវាមានសុវត្ថិភាពឬអត់នៅពេលញ៉ាំបង្គាទាំងឆៅ។
ក្នុងប្រទេសជប៉ុន សម្រាប់អាហារមួយឈ្មោះថា Sashimi ស្រស់ៗ គឺធ្វើឡើងដោយបង្គាឆៅ ខណៈពេលដែលប្រទេសចិនវិញ គេញ៉ាំបង្គាទាំងវានៅរសទៀតផងក្រោយពីលាងសមញអាតជាមួយនឹងទឹកមួយឈ្មោះថា Baijiu។ មែនហើយ បង្គាប្រហែលជាមានបាក់តេរី វីរុស និងប៉ារ៉ាសិតដែលអាចនាំឲ្យក្លាយទៅជាអាហារដែលពុល ឬបង្កជំងឺបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាប្រភពដ៏ល្អមួយនៃជីវជាតិជាច្រើន រួមទាំងអាស៊ីតខ្លាញ់អូមេហ្គាបី វីតាមីន B12 និង អ៊ីយ៉ូតផងដែរ។ ជាមួយគ្នានេះដែរ បាក់តេរីនិងវីរុសគ្រោះថ្នាក់ដែលអាចមានវត្តមានក្នុងបង្គា អាចនឹងងាប់វិញនៅពេលដែលមានការចម្អិនក្នុងសីតុណ្ហភាពខ្ពស់។ មួយវិញទៀត ដោយសារតែវាអាចប្រឈមនឹងការពុលអាហារ ដូច្នេះការញ៉ាំបង្គាឆៅត្រូវបានចាត់ទុកថាមិនមានសុវត្ថិភាពឡើយ។ ការញ៉ាំបង្គាទាំងឆៅ អាចប្រឈមនឹងគ្រោះថ្នាក់ធំៗពីរយ៉ាងដូចជា៖
មានបាក់តេរីដែលគ្រោះថ្នាក់
បង្គាឆៅច្រើនតែមានបាក់តេរីឈ្មោះថា Vibrio ដែលវាត្រូវបានគេដឹងថាអាចបង្កជាជំងឺលើមនុស្សយើងបាន។ តាមការសិក្សាទៅលើបង្គាឆៅ ២៩៩ក្បាល បានបញ្ចាក់ថា ៥៥ភាគរយនៃបង្គាទាំងនេះផ្ទុកទៅដោយបាក់តេរីគ្រោះថ្នាក់ Vibrios ដែលនាំឲ្យមានជំងឺដូចជា រលាកក្រពះ អាសន្តរោគ និងការបង្ករោគជាច្រើនទៀត។ លើសពីនេះទៅទៀត ការសិក្សាមួយទៅលើបង្គាចិញ្ចឹមបានរកឃើញប្រភេទបាក់តេរី Vibrios ចំនួន ១០០ប្រភេទ ដែលភាគច្រើនគឺស៊ាំនឹងការព្យាបាលដោយថ្នាំផ្សះតែម្តង។
នាំឲ្យកើតជាជំងឺ
ការពុលចំណីអាហារគឺជាជំងឺញឹកញាប់មួយដែលជាប់ទាក់ទងនឹងការញ៉ាំអាហារមានបាក់តេរី ឬមេរោគ។ អាការៈនៃការពុលចំណីនេះមានដូចជា ក្អយត ឈឺពោះបែបរមួល ក្តៅខ្លួន និងរាករូស។ តាមពិតទៅ ករណីពុលអាហារច្រើនជាង ៩០ភាគរយបង្កឡើងដោយបាក់តេរី Salmonella, E. Coli, Vibrio ឬ Bacillus ដែលវាសុទ្ធសឹងតែមានក្នុងបង្គាឆៅទាំងអស់។ លើសពីនេះទៅទៀត វីរុស Norovius គឺជាវីរុសឆ្លងខ្លាំងមួយដែលជាប់ទាក់ទងនឹងការញ៉ាំសត្វមានសម្បកដូចជាបង្គាទាំងឆៅដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងក្មេងតូចៗគួរតែមានការយកចិត្តទុកដាក់ជាពិសេសដើម្បីចៀសវាងការញ៉ាំបង្គាឆៅ ឬចម្អិនមិនបានល្អ ដោយសារតែពួកគេមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប្រឈមខ្ពស់នឹងជំងឺដែលគ្រោះថ្នាក់ដល់ជីវិតបាន៕