ជាទូទៅការឈឺចាប់ត្រង់សន្លាក់ គឺច្រើនតែបណ្ដាលមកពីជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះ
ជាយ៉ាងណា កុំបារម្ភពេក! បញ្ហាឈឺសន្លាក់ ជំងឺរលាកសន្លាក់ ក៏ដូចជាការរលាកផ្សេងៗក្នុងរាងកាយ អាចទប់ស្កាត់ជាមុន ឬសម្រាលអាការៈការឈឺចាប់បានតាមរយៈការទទួលទានអាហារមួយចំនួន។ ថា
តើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវប្រភេទអាហារនៃអាហារ រួមទាំងភេសជ្ជៈដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីរក្សាសុខភាពសន្លាក់ជៀសផុតពីជំងឺ ឬអាការៈរលាកផ្សេងៗ ៖
១. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ sulfuric ជួយរារាំងអង់ស៊ីមដែលផ្សារភ្ជាប់ជាមួយការរលាកសន្លាក់និងការបំផ្លាញ។
២. ខ្ញី
ក្រៅពីបន្ថែមក្នុងអាហារហើយនោះ អ្នកក៏អាចឆុងតែខ្ញីទទួលទានផងដែរ។
- របៀបឆុងតែខ្ញី
គ្រឿងផ្សំ ៖ ទឹកក្រូចឆ្មារស្រស់ចំនួន ២ ស្លាបព្រាបាយ, ទឹកធម្មតា ១ ពែង, ខ្ញីទំហំល្មមហាន់ជាចំណិតតូចៗចំនួន ១ មើម និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។
របៀបធ្វើ ៖ ដាក់ចំណិតខ្ញីចូលទឹក រួមដាំរហូតដល់ពុះសម្រាប់រយៈពេលប្រមាណ ១០ នាទី។ ស្រស់កាកខ្ញីចេញ រួចបន្ថែមទឹកក្រូចឆា្មរ និងទឹកឃ្មុំចូល។ កូរអោយសព្វ សឹមទទួលទានអោយទាន់ក្ដៅឧណ្ហៗជាការស្រេច។ បន្តទទួលទានតែខ្ញីអោយបានពី ២ ទៅ ៣ ពែងរាល់ថ្ងៃ រហូលដល់ការឈឺចាប់បានធូរស្បើយ។
៣. ផ្លែប៉ោមក្រហម
ប៉ោមក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។
៤. ម្នាស់
បរិមាណនៃវីតាមីន C និងសារធាតុ bromelain ក៏ជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង បន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរជ្រើសរើសទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ដែលស្រស់។
៥. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុត ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ។
៦. ត្រីសម្បូរខ្លាញ់
រួមបញ្ចូលទាំងត្រីធូណា ត្រីសាលម៉ុន ត្រី mackerel និងត្រី trout មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយសំខាន់ណាស់សម្រាប់អ្នកជំងឺរលាកសន្លាក់។ អ្នកអាចបន្ថែមត្រីក្នុងរបបអាហារប្រចាំថ្ងៃ ២ ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកមិនចូលចិត្តត្រី ចូរពិភាក្សាជាមួយគ្រូពេទ្យអំពីការទទួលទានថ្នាំគ្រាប់ជាតិអូមេហ្គា ៣៕