លំពែងរបស់មនុស្សយើងមានតួនាទីសំខាន់បំផុតពីរយ៉ាងគឺ៖ ជួយដល់ការរំលាយអាហារ ដែលអ្នកបានញ៉ាំ តាមរយៈការបញ្ចេញអង់ស៊ីមរំលាយអាហារចូលទៅក្នុងពោះវៀនតូច។ វាជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាមតាមរយៈការផលិត និងបញ្ចេញអ័រម៉ូនអាំងស៊ុយលីន។
ដោយសារតែមុខងារសំខាន់ទាំងនេះហើយ ទើបការដែលមានបញ្ហាជាមួយនឹងសរីរាង្គមួយនេះអាចនាំឲ្យប៉ះពាល់យ៉ាងច្រើនដល់រាងកាយ។ មានបញ្ហាខុសៗគ្នាច្រើនណាស់ដែលអាចកើតឡើងលើលំពែងចាប់ពី ការរលាក ដល់មហារីក។ ដូច្នេះតើមានអ្វីកើតឡើងលើរាងកាយទៅបើសិនជាលំពែងមិនកំពុងតែមានមុខងារ ឬធ្វើការងាររបស់វាបានល្អនោះ?
លាមកពណ៌ស្លេក
ដោយសារតែមុខងារមួយរបស់លំពែងគឺជួយដល់ដំណើរការណ៍នៃការរំលាយអហាារ អ្នកប្រហែលជាសម្គាល់ដឹងអំពីការប្រែប្រួលដ៏ចម្លែងមួយចំនួនជាមួយនឹងលាមកដែលអ្នកបានបន្ទោបង់រួច ជាពិសេសនៅពេលលំពែងមានបញ្ហាតែម្តង។ គ្រូពេទ្យនិយាយថា លាមកអ្នកប្រហែលជាមើលទៅស្លេកជាងមុន ហើយក៏ទំនងជាអណ្តែតលើទឹកទៀតផង។ ប៉ុន្តែអ្នកក៏មិនបាច់បារម្ភអ្វីដែលបើសិនជាលាមកមើលទៅគួរឲ្យអស់សំណើចម្តងម្កាលនោះ។ ប៉ុន្តែបើសិនវាកើតឡើងគ្រប់ពេល ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។
ចង្អោ និងក្អួតក្រោយញ៉ាំអាហាររួច
ប្រព័ន្ធរំលាយអាហារនឹងមានបញ្ហាបើសិនជាមានអ្វីមួយខុសប្រក្រតីចំពោះលំពែង ដោយសារតែវាជាសរីរាង្គដែលអាចចូលរួមក្នុងការរំលាយអាហារបាន។ ជាពីសេសក្រោយពីញ៉ាំអាហារមានជាតិខ្លាញ់រួច អ្នកប្រហែលជាងាយនឹងក្អួត និងចង្អោតែម្តង។ ការចង្អោ និងក្អួតក្រោយពីញ៉ាំអាហាររួចគឺជារឿងដែលអ្នកត្រូវខ្វល់អំពីការរលាកលំពែង ដែលរឿងនេះអាចដោយសារតែអង់ស៊ីមរំលាយអាហាររបស់វាផ្ទាល់តែម្តង។
ឈឺពោះ
រឿងនេះកើតឡើងជាពិសេសក្រោយពីញ៉ាំអាហាររួចតែម្តង។ ការឈឺចាប់នេះ (ច្រើនតែជាការក្រហាយៗ) អាចកើតឡើងនៅផ្នែកខាងលើនិងខាងឆ្វេងនៃពោះ ដោយសារតែវាជាទីតាំងរបស់លំពែងតែម្តង។ អ្នកដែលធ្លាប់មានការឈឺចាប់នៅពោះដោយសារតែបញ្ហាជាមួយលំពែង និយាយថា ការឈឺចាប់នេះអាចចាក់ទៅឆ្អឹងដងកាំបិតខាងឆ្វេង និងងាយនឹងឈឺខ្លាំងនៅពេលគេងផ្ងា។
ស្រកទម្ងន់ដោយមិនដឹងខ្លួន
ការដែលមានបញ្ហាណាមួយជាមួយលំពែង ពេលខ្លះប្រហែលជាធ្វើឲ្យលែងឃ្លានអាហារដែរ។ វាគឺជាការពិតមួយត្រង់ថា អ្នកងាយនឹងមានការឈឺចាប់ក្រោយពីញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន។ ដោយសារតែញ៉ាំអាហារមិនបានល្អ អ្នកងាយនឹងស្រកទម្ងន់ណាស់។ ប៉ុន្តែទោះបីជារបបអាហារអ្នកធម្មតាក៏ដោយ ក៏វាទំនងជាធ្វើឲ្យអ្នកស្រកទម្ងន់ដោយសារតែអាហារដែលអ្នកញ៉ាំមិនត្រូវបានរំលាយល្អ ហើយនេះដោយសារតែមុខងាររបស់លំពែងធ្វើការមិនបានល្អ។
ជាតិស្ករក្នុងឈាមឡើងខ្ពស់
វាដូចខ្ញុំបានបញ្ជាក់ពីខាងដើមមកអ៊ីចឹងគឺថា លំពែងមាននាទីបញ្ចេញអាំងស៊ុយលីន ដែលជាអ័រម៉ូនជួយសម្រួលដល់ជាតិស្ករក្នុងឈាម។ បើសិនជាមិនមានអាំងស៊ុយលីនគ្រប់គ្រាន់ទេ ជាតិស្ករនឹងកើនឡើងក្នុងឈាមកាន់តែខ្ពស់។ រឿងនេះអាចធ្វើឲ្យកើតជាជំងឺទឹកនោមផ្អែម ព្រមទាំងផលវិបាកផ្សេងៗនៃការលើសជាតិស្ករក្នុងឈាមទៅទៀត៕