ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាឃ្មុំទិចអាចបង្កការឈឺចាប់ខ្លាំងនិងហើមរលាក ជាពិសេសប្រសិន
បើអ្នកប្រតិកម្មនឹងពិសនៃសត្វឃ្មុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកអាចព្យាបាលបញ្ហាឃ្មុំទិចឆាប់រហ័សជាមួយរូបមន្តបែបធម្មជាតិងាយៗ។ ទោះជាយ៉ាងណាត្រូវចាំថា អ្នកបានដកឬយកទ្រនិចឃ្មុំចេញ
សិនសឹមអនុវត្តរូបមន្តមួយចំនួនដែល Health.com.kh បង្ហាញខាងក្រោម ៖ 

១. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងរួចចិញ្ច្រាំ ឬច្របាច់យកទឹក។ លាបទឹកខ្ទឹមបារាំងស្រស់លើកន្លែងឃ្មុំទិចនិងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោងជាការស្រេច។

២. ថ្នាំដុសធ្មេញ

គ្រាន់តែលាបថ្នាំដុសធ្មេញមួយចំនួនលើកន្លែងឃ្មុំទិចជាការស្រេច។ អ្នក​អាច​បន្តលាបថ្នាំ​ដុសធ្មេញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​លែង​មាន​អារម្មណ៍​ឈឺចាប់ ហើមក្រហម និង​រលាក​ទៀត ។

៣. ទឹកខ្មេះផ្លែប៉ោម

ដើម្បីបន្ថយការឈឺចាប់និងហើម អ្នកលាបទឹកខ្មេះផ្លែប៉ោម ឬប្រើក្រណាត់ស្អាតជ្រលក់ទឹកខ្មេះផ្លែប៉ោមមកស្អំលើកន្លែងឃ្មុំទិចសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី។

៤. ខ្ទឹមស

ចិញ្ច្រាំ ឬបុកកំទេចខ្ទឹមសដើម្បីយកទឹករបស់វា រួចលាបទឹកខ្ទឹមសស្រស់លើកន្លែងឃ្មុំទិចជាការស្រេច។

៥. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើដើម្បីបំបាត់ការឈឺចាប់ ហើម និងរមាស់នោះ គឺគ្រាន់តែលាបទឹកឃ្មុំបន្តិចលើកន្លែងឃ្មុំទិច រួចប្រើស្បៃស្អាតរុំពីលើសម្រាប់រយៈពេល ១ ម៉ោង។

៦. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើដោយផ្ទាល់ត្រង់កន្លែងឃ្មុំទិចជាការស្រេច៕