រាងកាយត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗទៀតដើម្បីដំណើរការមុខងារល្អប្រសើរ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែរបបអាហាររបស់ពួកយើងភាគច្រើនគ្មានផ្ទុកសារធាតុចិញ្ចឹមគ្រប់ប្រភេទដែលរាងកាយត្រូវការឡើយ ហើយបញ្ហានេះជះឥទ្ធិពលអវិជ្ជមានគួរឱ្យព្រួយបារម្ភចំពោះសុខភាពទាំងមូល។ ហើយតើយើងអាចសម្គាល់ដឹងថារាងកាយកំពុងខ្វះវីតាមីនអ្វីតាមរបៀបណាទៅ? កុំបារម្ភ
មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗដើម្បីសម្គាល់ថាតើរាងកាយកំពុងខ្វះវីតាមីនអ្វី ៖
១. ដំបៅក្នុងមាត់
នៅពេលអ្នកងាយ ឬឧស្សាហ៍ជួបប្រទះបញ្ហាដំបៅក្នុងមាត់ ក៏ដូចជាជុំវិញមាត់នោះអាចបញ្ចាក់បានថារាងកាយកំពុងប្រឈមមុខនឹងបញ្ហានៃកង្វះវីតាមីន B ឬជាតិដែកហើយ។
២. ខ្សោយក្រពេញទីរ៉ូអ៊ីត
កង្វះបរិមាណនៃជាតិអ៊ីយ៉ូតក្នុងរាងកាយអាចនាំឱ្យកើតជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។
៣. ក្រចកនិងសក់ប្រែជាផុយស្រួយ
មូលហេតុទូទៅបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះនៃសារធាតុបាយអូទីន ឬដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចច្រើនពេក។
៤. ឧស្សាហ៍រមួលក្រពើនិងស្ពឹកជើង
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈរមួលក្រពើនិងស្ពឹកស្កៀបជើងនោះមានន័យថា រាងកាយកំពុង
តែខ្វះនូវជាតិកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិដែកហើយ។ បញ្ហានេះក៏អាចកើតមានឡើងផងដែរនៅពេលអ្នកធ្វើលំហាត់ប្រាណ ឬហាត់កីឡាច្រើនពេក ដោយការបែកញើសបណ្ដាលអោយជាតិរ៉ែជាច្រើនត្រូវហូរចេញពីរាងកាយ។ បញ្ហាស្ពឹកជើងក៏អាចកើតឡើងដោយសារតែកង្វះនៃវីតាមីន
B6 B12 និង B9 ដែរក៏ព្រោះវីតាមីនទាំងនេះមានឥទ្ធិពលរាំងស្ទះអាហារូបត្ថម្ភដែលត្រូវបានប្រើសម្រាប់ផលិតកោសិកាឈាមដែលមានសុខភាពល្អចាំបាច់សម្រាប់ដឹកនាំអុកស៊ីសែនទៅកោសិកាផ្សេងៗទៀត។
៥. ហូរឈាមអញ្ចាញ
ប្រសិនបើអ្នកសម្គាល់ឃើញថាអញ្ចាញធ្មេញតែងតែហូរឈាមរាល់ពេលអ្នកដុសធ្មេញនោះអាចមាន
ន័យថា រាងកាយកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ធ្ងន់ធ្ងរហើយ។ វីតាមីន C គឺជាសារធាតុចិញ្ចឹមចាំបាច់ជួយពន្លឿនការព្យាបាល ក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំ និងថែមទាំងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិការពីការខូចខាតផងដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។
សម្គាល់ ៖ ទោះជាយ៉ាងណាមិនមែនរោគសញ្ញាទាំងអស់នេះសុទ្ធតែអាចបញ្ចាក់ច្បាស់ថា រាងកាយកំពុងជួបប្រទះបញ្ហាខ្វះវីតាមីនឡើយ ក៏ព្រោះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ដូច្នេះដើម្បីជាការប្រសើរមិនហួសពេល អ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមានបើទោះបីជាអ្នកព្យាយាមផ្លាស់ប្ដូររបបអាហារបានត្រឹមត្រូវហើយក៏ដោយ៕