ក្នុងករណីដែលញ៉ាំស្រាបៀរក្នុងកម្រិតមធ្យមនឹងផ្តល់ប្រយោជន៍មួយចំនួនដល់សុខភាពមនុស្សយើង។ តើអ្នកមានដឹងទេថា អ្នកវិទ្យាសាស្រ្តជាច្រើនកំពុងតែនិយាយថា ស្រាបៀរប្រភេទខ្មៅៗគឺជារឿងដែលផ្តល់ប្រយោជន៍ដល់សុខភាពជាងស្រាបៀរប្រភេទផ្សេងទៅទៀត។
ការញ៉ាំស្រាបៀរដែលល្អចំពោះសុខភាពឬចាត់ទុកថាជាកម្រិតមធ្យមនោះមានន័យថា សម្រាប់មនុស្សប្រុសអាចញ៉ាំស្រាបៀរនេះមិនឲ្យច្រើនជាងពីរកំប៉ុងក្នុងមួយថ្ងៃ និងស្រ្តីមិនឲ្យច្រើនជាងមួយកំប៉ុង។ ប៉ុន្តែបើសិនជាអ្នកញ៉ាំច្រើនជាងនេះ វានឹងផ្តល់រឿងផ្ទុយគ្នាវិញ ជាពិសេសប៉ះពាល់ដល់សុខភាពតែម្តង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៃការញ៉ាំស្រាបៀរប្រភេទខ្មៅៗក្នុងកម្រិតមធ្យម៖
បន្ថយការប្រឈមនឹងជំងឺភ្នែកឡើងបាយ
តើអ្នកចង់រក្សាភ្នែកឲ្យមានសុខភាពល្អរហូតទេ? បើសិនជាចង់ ចូរប្រាកដថា អ្នកបានញ៉ាំស្រាបៀរប្រភេទខ្មៅៗនេះក្នុងកម្រិតមធ្យម។ តាមការសិក្សា សារធាតុ Flavonoids ដែលមានក្នុងស្រាបៀរមួយនេះអាចជួយការពារភ្នែកកុំឲ្យកើតជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកផ្សេងៗទៀតផងដែរ។
បង្ការជំងឺកង្វះគ្រាប់ឈាមដោយសារកង្វះជាតិដែក
ស្រាបៀរខ្មៅៗមានជាតិដែក ហើយវាក៏ជាជាតិរ៉ែដ៏សំខាន់មួយសម្រាប់រាងកាយប្រើប្រាស់ដើម្បីបង្កើតគ្រាប់ឈាមក្រហមសម្រាប់ដឹកនាំអុកស៊ីសែនដែរ។ ការបញ្ចូលស្រាបៀរខ្មៅៗក្នុងរបបអាហារក្នុងកម្រិតមធ្យមអាចជួយការពារកុំឲ្យមានជំងឺកង្វះគ្រាប់ឈាមដោយសារកង្វះជាតិដែកបាន។
បង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម
ជឿឬអត់ថា ស្រាបៀរខ្មៅៗមានសមត្ថភាពបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងចរន្តឈាម។ តើអ្វីទៅដែលធ្វើឲ្យវាល្អអីល្អយ៉ាងនេះ? មែនហើយ នៅពេលដែលចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាមកើនឡើង កូឡេស្តេរ៉ុលអាក្រក់ដែលត្រូវបានគេដឹងថាជាប់ទាក់ទងនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលនោះនឹងថយចុះដោយខ្លួនឯង។
បើសិនជាអ្នកពេញចិត្តនូវអ្វីដែលជាអត្ថប្រយោជន៍ចំពោះសុខភាពដែលខ្ញុំបានរៀបរាប់ពីខាងលើនេះ ចូរប្រាកដថា អ្នកបានជ្រើសរើសប្រភេទស្រាបៀរខ្មៅៗដែលមានគុណភាពខ្ពស់ផងមុននឹងយកមកទទួលទាន។ អ្វីដែលអ្នកត្រូវចាំនោះគឺញ៉ាំវាក្នុងកម្រិតមធ្យម៕