ការជ្រុះសក់គឺជាបញ្ហាដែលកើតមានជាញឹកញាប់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែបើសិនជាការជ្រុះសក់នេះកើតឡើងច្រើនពេករហូតដល់មិនមានផាសុកភាពនោះ វាអាចជារឿងដែលត្រូវបារម្ភហើយ ព្រោះថាវាអាចជាអាការៈមួយនៃជំងឺណាមួយក្នុងរាងកាយដែលយើងមិនបានដឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញមានមូលហេតុច្រើនណាស់ដែលធ្វើឲ្យសក់ក្បាលអ្នកចេះតែជ្រុះច្រើនៗដូចជា៖
ស្រ្តេសរាងកាយ
ការជ្រុះសក់ដែលកើតឡើងដោយសារស្រ្តេសរាងកាយកើតឡើងដោយសារតែការវះកាត់ធំៗ មានផ្ទៃពោះ ស្រ្តេសខ្លួនឯងច្រើនជ្រុល ឬស្រកទម្ងន់លឿនពេក។ វាក៏ជាផលរំខានមួយនៃការលេបថ្នាំដែរ។ ការបន្ថយស្រ្តេសបានយ៉ាងល្អ វានឹងបន្ថយការជ្រុះសក់វិញហើយ។
ញ៉ាំវីតាមីន A ច្រើនពេក
ការញ៉ាំវីតាមីន A ច្រើនពេក ទាំងពីចំណីអាហារ ឬថ្នាំបំប៉នសុទ្ធសឹងតែធ្វើឲ្យជ្រុះសក់ទាំងអស់។ យ៉ាងណាមិញ តម្រូវការវីតាមីន A ប្រចាំថ្ងៃគួរតែ ៥០០០IU។ ថ្នាំបំប៉នខ្លះមានវីតាមីន A ខ្ពស់ជាងធម្មតា ដែលជាហេតុនាំឲ្យជ្រុះសក់បាន។
ជំងឺ Alopecia Areata
វាគឺជាជំងឺប្រព័ន្ធភាពស៊ាំមួយប្រភេទដែលប្រព័ន្ធភាពស៊ាំរបស់យើងបែរជាទៅសម្លាប់ ឬបំផ្លាញឬសសក់ក្បាល។ រឿងនេះយើងមិនដឹងថាមកពីអ្វីទេ តែគេជឿថា វាអាចបង្កឡើងដោយស្រ្តេស ឬជំងឺជាច្រើន។
ដំណរពូជ
ជំងឺដំណរពូជមួយប្រភេទឈ្មោះថា Androgenetic Alopecia គឺជាការទំពែកក្បាលមួយប្រភេទដែលកើតឡើងលើស្រ្តី។ បើសិនជាអ្នកមានប្រវត្តគ្រួសារកើតជំងឺនេះ អ្នកពិតជាប្រឈមខ្ពស់នឹងជំងឺនេះក្នុងវ័យដូចគ្នាដែរ។ ស្រ្តីដែលមានជំងឺនេះគឺជ្រុះសក់ច្រើនៗរហូតដល់ទំពែកតែម្តង។
លេងស្តាយសក់ច្រើនពេក
ការកក់សក់ច្រើន លាបថ្នាំសក់ច្រើន និងលេងស្តាយសក់ច្រើនពេក សុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពសក់ច្រើនជាងល្អ។ ការដែលសរសៃសក់ប៉ះនឹងភាពក្តៅ ព្រមទាំងសារធាតុគីមីច្រើនអាចធ្វើឲ្យវាទៅជាពុកផុយ និងងាយបែកចុងណាស់។ ករណីធ្ងន់ធ្ងរ នឹងធ្វើឲ្យជ្រុះសក់បាន។
ស្រ្តេសផ្លូវចិត្ត
មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យមានបញ្ហាផ្លូវចិត្តដូចជា ការលែងលះគ្នា សមាជិកគ្រួសារស្លាប់ ឬផ្សេងៗទៀត។ ថ្វីបើស្រ្តេសផ្លូវចិត្តប្រហែលជាមិនធ្វើឲ្យសក់ជ្រុះដោយខ្លួនឯងក៏ដោយ តែវាអាចធ្វើឲ្យបញ្ហានេះកាន់តែខ្លាំងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងករណីដែលអ្នកជួបបញ្ហានេះជាប់រហូត និងមិនអាចរកដំណោះស្រាយដោយខ្លួនឯងបាន អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញហើយ៕