សណ្ដែកខ្មៅមិនត្រឹមតែជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុកសម្បូរទៅសារធាតុចិញ្ចឹមចាំបាច់ល្អសម្រាប់រក្សាសុខភាពរឹងមាំប្រសើរទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានសណ្ដែកខ្មៅចំពោះសុខភាពរបស់ពួកគេឡើយ។ ប៉ុន្តែត្រូវចាំផងដែរថាចំពោះសណ្ដែកខ្មៅកំប៉ុងមុននឹងយកមកទទួលទានត្រូវលាងចេញសិន ដើម្បីកាត់បន្ថយកម្រិតនៃជាតិសូដ្យូម។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានសណ្ដែកខ្មៅ ៖

១. ទប់ស្កាត់ជំងឺមហារីក 

សណ្ដែកខ្មៅ មានផ្ទុកសារធាតុ Phytochemical និង flavonoid  ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់ការរលាកដ៏មានឥទ្ធិពលជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ។

២. សុខភាពបេះដូង 

ការបន្ថែមសណ្ដែកខ្មៅក្នុងរបបអាហារប្រចាំថ្ងៃ ឬរាល់អាទិត្យ គឺល្អប្រសើរណាស់ចំពោះសុខភាព
បេះដូង។ នោះក៏ព្រោះតែសណ្ដែកខ្មៅមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយ, អាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ដែលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ហើយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង, ជំងឺសសៃឈាមបេះដូង, ជំងឺលើសឈាម ក៏ដូចជាជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ ដូចដែលធ្លាប់បានដឹងហើយថា កម្រិតខ្ពស់នៃជាតិកូឡេស្តេរ៉ូលមិនល្អ គឺជាសត្រូវដ៏ធំបំផុតនៃសុខភាពបេះដូង ដោយវាអាចបង្កឲ្យកើតមានបញ្ហាស្ទះសសៃឈាម។

៣. ជួយឱ្យស្រកទម្ងន់ 

សណ្ដែកខ្មៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ Dietary fiber ដែលចាំបាច់ក្នុងការគ្រប់គ្រងទម្ងន់ និងជួយឲ្យស្រកទម្ងន់ ដោយសម្រួលដំណើរការនៃការរំលាយអាហារ ក៏ដូចជាធ្វើឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង។ លើសពីនេះទៅទៀត ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសសៃ គឺជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត និងកាត់បន្ថយចំណង់អាហារ ដោយធ្វើឲ្យឆ្អែតបានយូរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានអាហារប្រភេទដូចជាសណ្ដែកខ្មៅបានច្រើនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម, ជំងឺធាត់ជ្រុល និងជំងឺបេះដូង ប៉ុន្តែពង្រឹងការលូតលាស់នៃសសៃសក់, ជួយឲ្យស្រកទម្ងន់ និងបង្កើនថាមពល។​

៤. បញ្ចុះសម្ពាធឈាម

ការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់ គឺបង្កើនហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ សណ្ដែកខ្មៅជាប្រភេទនៃអាហារដែលមានផ្ទុកជាតិសូដ្យូមទាប ប៉ុន្តែសម្បូរទៅដោយជាតិកាល់ស្យូម
ប៉ូតាស្យូម និងម៉ង់កាណែសដែលជួយកាត់បន្ថយកម្រិតនៃសម្ពាធឈាមខ្ពស់តាមបែបធម្មជាតិ។

៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ

មិនត្រឹមតែងាយរំលាយប៉ុណ្ណោះទេ ប៉ុន្តែដោយសារវត្តមាននៃជាតិសសៃ និងប្រូតេអ៊ីនខ្ពស់ទៀតផងនោះបានធ្វើឲ្យ សណ្ដែកខ្មៅ ក្លាយជាអាហារដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រង ក៏ដូចជាទប់ស្កាត់បញ្ហាផ្សេងៗទាក់ទងនឹងការរំលាយអាហារ។ លើសពីនេះទៅទៀត សណ្ដែកខ្មៅ ក៏អាចជួយក្នុងការសម្អាតកាកសំណល់ពីក្នុងប្រព័ន្ធរំលាយអាហារ ហើយទប់ស្កាត់មិនអោយអ្នកទទួលទានលើសកម្រិតផងដែរ។

៦. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

នោះក៏ព្រោះតែសណ្ដែកខ្មៅមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ជាតិសសៃជួយពន្យឺតការស្រូបយកជាតិស្កររបស់រាងកាយ ហើយក៏ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមនឹងត្រូវបានកាត់បន្ថយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង