ជាធម្មតាការស្លៀកពាក់ក្រាស់ៗ ហើយស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាក្ដៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែប្រសិនបើអ្នកមិនបានស្លៀកពាក់ច្រើនជាន់និងមិនស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអ្វីផងក៏នៅតែមានអារម្មណ៍ក្ដៅដែរនោះវាប្រាកដជាបណ្ដាលមកពីបញ្ហាណាមួយមិនខាន។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុអាចទៅរួចដែលនាំអោយអ្នកមានអារម្មណ៍ក្ដៅសឹងតែគ្រប់ពេល ៖
១. ឆ្លងមេរោគ
នៅរាល់ពេលអ្នកឆ្លងមេរោគណាមួយដូចជំងឺផ្ដាសាយ នោះរាងកាយនឹងបង្កើនសីតុណ្ហភាពស្នូលដើម្បី
ជួយកោសិកាប្រព័ន្ធភាពស៊ាំកម្ចាត់ពពួកមេរោគបាក់តេរីដែលចូលមកឈ្លានពាកក្នុងរាងកាយ។ ហើយការបង្កើនសីតុណ្ហភាពស្នូលនេះហើយដែលធ្វើអោយអ្នកមានអារម្មណ៍ក្ដៅ។ គ្រុនក្ដៅដោយសារការឆ្លងមេរោគណាមួយអាចមានរយៈពេលយូរពី ២ ឬ ៣ ថ្ងៃដល់មួយសប្តាហ៍។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យដោយមិនបង្អង់ពេល ប្រសិនបើក្ដៅខ្លួនខ្លាំង ឬអាការៈក្ដៅខ្លួនមិនបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃក្រោយ។
២. ការអស់រដូវ
អារម្មណ៍ក្ដៅភាយៗពីមួយពេលទៅមួយពេលមិនមែនជារឿងប្លែកអ្វីឡើយសម្រាប់ស្ត្រីដែលមានវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ នោះក៏ព្រោះតែបញ្ហានេះផ្សារភ្ជាប់នឹងការអស់រដូវ ឬជារោគសញ្ញាមុនពេលអស់រដូវដែលអាចកើតឡើងរយៈពេល ២ ទៅ ៣ ឆ្នាំមុនពេលអស់រដូវតែម្ដង។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា អាការៈក្ដៅភាយៗនេះអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន។
៣. ជំងឺខ្វះជាតិស្ករក្នុងឈាម
ជំងឺខ្វះជាតិស្ករក្នុងឈាម គឺកើតឡើងនៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទៅៗ។ ហើយខណៈនេះរាងកាយនឹងបង្កើតអ័រម៉ូន adrenaline ដើម្បីទប់ទល់នឹងបញ្ហាដែលនាំអោយអ្នកមានអារម្មណ៍ក្ដៅ។ ក្រៅពីមានអារម្មណ៍ក្ដៅ ជំងឺខ្វះជាតិស្ករក្នុងឈាមក៏អមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជា
ឃ្លាន ញ័រដៃ បែកញើសហួសប្រមាណ វិលមុខ ឈឺក្បាល ឆាប់ខឹង និងថប់បារម្ភ។
៤. ថប់បារម្ភ
បញ្ហាថប់អារម្មណ៍អាចបង្កអាការៈមួយចំនួនដូចជាអត្រានៃចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ និងតឹងសាច់ដុំដែលនាំអោយសីតុណ្ហភាពស្នូលនៃរាងកាយកើនឡើង។
៥. ការប្រើប្រាស់ថ្នាំមួយចំនួន
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ថ្នាំពេទ្យទាំងអស់សុទ្ធតែអាចជះផលប៉ះពាល់ខុសគ្នាត្រង់តិចនិងច្រើនប៉ុណ្ណោះ។ ហើយថ្នាំមួយចំនួន ជាពិេសសថ្នាំបំបាត់ការឈឺចាប់និងថ្នាំបំបាត់អារម្មណ៍តានតឹង គឺអាចធ្វើអោយអ្នកមានអារម្មណ៍ក្ដៅក្រោយពេលទទួលទានដែលនេះជាឥទ្ធិពលអវិជ្ជមានមួយនៃថ្នាំ។ វាមិនមែនជាគំនិតល្អឡើយក្នុងការឈប់ប្រើប្រាស់ថ្នាំតាមចិត្តខ្លួនឯងតែម្ដង ជាពិសេសប្រសិនបើថ្នាំទាំងនេះបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតរបស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីផលប៉ះពាល់នៃថ្នាំ៕