បើសិនជាអ្នកគិតថា ភ្នែករបស់អ្នកកាន់តែខ្មៅៗទៅហើយ មានន័យថា អ្នកប្រហែលជាមិនអាចគេងគ្រប់ ៧ ទៅ ៩ម៉ោងក្នុងមួយយប់ឡើយ ឬអាចមានការរំខាននៃការគេងច្រើនណាស់ហើយ។ អ្នកជំនាញនិយាយថា កាលណាអ្នកគេងមិនបានគ្រប់គ្រាន់ក្នុងមួយយប់ៗ អ្នកអាចនឹងជួបបញ្ហាសុខភាពធ្ងន់ធ្ងរបំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីចង់ដឹងថា បញ្ហាសុខភាពទាំងនោះជាអ្វីខ្លះ សូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
ខ្សោយការផ្ចង់អារម្មណ៍
ការគេងមិនគ្រប់អាចជះឥទ្ធិពលអវិជ្ជមានច្រើនដល់ខួរក្បាល។ អ្នកប្រហែលជាពិបាកក្នុងការផ្ចង់អារម្មណ៍លើអ្វីមួយ ហើយក៏ប្រហែលជាខ្សោយការចងចាំថែមទៀតផង។ រឿងនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលការងារអ្នក ហើយក៏អាចបង្កគ្រោះថ្នាក់ថែមទៀតផង។
អារម្មណ៍មិនល្អ
ការដែលគេងមិនបានគ្រប់ អាចប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំង។ វាទំនងជាធ្វើឲ្យអ្នកមានបញ្ហាបាក់ទឹកចិត្ត ឬថប់អារម្មណ៍។ បើសិនជាអ្នកត្រូវបានគេរកឃើញថាមានជំងឺផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬថប់អារម្មណ៍ទៀត យកល្អគួរតែដោះស្រាយការគេងមិនគ្រប់គ្រាន់ឲ្យបានកាន់លឿនដើម្បីកុំឲ្យអាការៈជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។
លើសសម្ពាធឈាម
ការញ៉ាំប្រៃៗមិនមែនជាមូលហេតុតែមួយគត់នាំឲ្យលើសសម្ពាធឈាមទេ តែមានរឿងច្រើនណាស់ដែលនាំឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ដែរ ហើយមួយក្នុងនោះគឺការគេងមិនបានគ្រប់គ្រាន់ផង។ ការលើសសម្ពាធឈាមមិនមែនជារឿងល្អសម្រាប់សរីរាង្គក្នុងខ្លួនទេ គឺវាអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើនថែមទៀត ជាពិសេសជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។
ឡើងទម្ងន់
ការគេងមិនលក់អាចធ្វើឲ្យអតុល្យភាពអ័រម៉ូន រហូតដល់ប៉ះពាល់ដល់សុខភាពជាច្រើនបាន។ រឿងមួយក្នុងចំណោមនោះគឺការធាត់ឡើងទម្ងន់តែមត្ង ដោយសារតែអ័រម៉ូនជាច្រើនប្រាប់ខួរក្បាល ថាក្រពេះថាត្រូវការញ៉ាំអាហារបន្ថែមទៀត ទោះបីជាឆ្អែតហើយក៏ដោយ។ រឿងនេះក៏នាំឲ្យអ្នកចេះតែចូលចិត្តញ៉ាំអាហារមិនផ្តល់សុខភាពថែមទៀតដែរ។
ជំងឺទឹកនោមផ្អែម
ការដែលអតុល្យភាពអ័រម៉ូនដែលបណ្តាលមកពីការមិនបានគេងឆ្អែត ក៏អាចប៉ះពាល់ដល់ការផលិតរបស់អាំងស៊ុយលីន ដែលជាសារធាតុគីមីសម្រាប់ជួយឲ្យជាតិស្ករក្នុងឈាមថយចុះ។ អ្វីដែលជាបញ្ហានោះគឺថា អាំងស៊ុយលីនអាចនៅតែធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដដែល រហូតដល់កើតជំងឺទឹកនោមផ្អែម។
ឧស្សាហ៍មានការបង្ករោគ
អ្នកប្រហែលជាយល់ថាខ្លួនឯងឧស្សាហ៍កើតជំងឺផ្តាសាយណាស់ហើយគ្រប់ពេលដែលគេងមិនបានឆ្អែតម្តងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំងក្រោយពីរាងកាយមិនមានបានសម្រាកដើម្បីបញ្ចូលថាមពល ហើយរឿងនេះមិនខុសគ្នានឹងទូរស័ព្ទដែលចេះតែប្រើរហូត មិនបានសាកបញ្ចូលថ្មឲ្យពេញវិញនោះទេ៕