ការចាក់ថ្នាំការពារស្បែកអ្នកមិនឲ្យមានមុននៅទីនេះ សំដៅដល់ការថែរក្សាស្បែកយ៉ាងណាមិនឲ្យមានមុន ព្រោះវាងាយស្រួលជាងការកើតរួច ទើបព្យាបាលក្រោយ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចការពារស្បែកមិនឲ្យមានមុនដ៏អាក្រក់មើលទាំងនោះទៅ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការថែរក្សាស្បែកមុខឲ្យបានល្អ។ តើមានចំនុចអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រយ័ត្នពីការលុបមុខ

អ្នកត្រូវតែលុបមុខមួយថ្ងៃពីរដង ព្រឹក និងយប់ ហើយត្រូវតែយកហ្វមលាងមុខដែលត្រូវនឹងស្បែករបស់ខ្លួនមកសម្អាតមុខ ព្រោះនៅពេលដែលអ្នកប្រើខុស នោះស្បែកអ្នកនឹងប្រតិកម្ម ហើយឡើងមុនពេញមុខទៀតផង។

អាហារ

អ្នកអាចបរិភោគអាហារដែលមានវីតាមីនC និងE ព្រោះពពួកវីតាមីនទាំង២ប្រភេទនេះអាចការពារ និងថែរក្សាស្បែកមុខអ្នកមិនឲ្យមានមុនឡើយ ម្យ៉ាងទៀតអ្នកមិនត្រូវបរិភោគអាហារដែលហិរ និងបំពងខ្លាញ់ច្រើននោះទេ វាសុទ្ធតែអាចបំផ្លាញស្បែកមុខអ្នកដូចគ្នា។

ជ្រើសរើសគ្រឿងសម្អាងដែលល្អ

ប្រសិនបើអ្នកជានារីដែលតែងតែផាត់មុខរាល់ថ្ងៃ វិធីដែលល្អក្នុងការការពារមុខអ្នកមិនឲ្យមានមុន នោះអ្នកត្រូវតែជ្រើសរើសគ្រឿងសម្អាងដែលល្អ ហើយត្រូវជាមួយស្បែកអ្នក នោះទើបវាមិនមានមុនលើមុខអ្នក។

ប្រយ័ត្ននូវអនាម័យ

ប្រសិនបើអ្នកចូលចិត្តដាក់សក់មកប៉ះនឹងមុខរបស់អ្នក នោះអ្នកត្រូវតែឧស្សាហ៍កក់សក់ ព្រោះបើសក់អ្នកមានធូលីច្រើន វានឹងធ្វើឲ្យមុខអ្នកមានមុនយ៉ាងងាយ ជាងនេះទៅទៀតអ្នកត្រូវតែងូតទឹកក្តៅមួយអាទិត្យ២ដង នោះវានឹងអាចជួយអ្នកឲ្យបញ្ចេញជាតិពុលមកក្រៅបាន នោះអ្នកនឹងមិនកើតមុនទៀតទេ។

លុបម្សៅលើមុខទាំងអស់

នៅក្រោយពេលដែលអ្នកលុបម្សៅលើមុខអស់ អ្នកត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ថាតើវាអស់ឬនៅ ព្រោះបើម្សៅបន្សល់ទុកលើមុខអ្នក ហើយលុបមិនអស់ វាងាយនឹងធ្វើឲ្យមុខអ្នកមានមុនណាស់។

រំងាប់អារម្មណ៍

អ្នកត្រូវតែចេះរំងាប់អារម្មណ៍របស់ខ្លួនដោយមិនត្រូវសប្បាយពេក និងពិបាកចិត្តខ្លាំងទេ​ ហើយមិនត្រូវបារម្ហច្រើន និងគិតច្រើននោះទេ ព្រោះវាសុទ្ធតែជាទង្វើដែលអាចធ្វើឲ្យអ្នកឡើងមុនលើមុខបាន។

គេងឲ្យគ្រប់

នៅពេលដែលអ្នកគេងមិនគ្រប់ ហើយតែងតែចូលគេងយប់ នោះមុខអ្នកនឹងមានមុនជាច្រើន តែបើអ្នកចូលគេងពីព្រលប់ អ្នកនឹងមិនងាយមានមុនលើមុខឡើយ ដូចនេះការចូលគេងពីព្រលប់គឺជាជំរើសដែលល្អបំផុត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)