ពិតណាស់ការបោះបង់ ឬបញ្ឈប់នូវរាល់ទម្លាប់ដែលមិនល្អ គឺជាអ្វីដែលអ្នកគួរធ្វើ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា មិនមែនទម្លាប់មិនល្អទាំងអស់សុទ្ធតែផ្ដល់ផលប៉ះពាល់ចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់អាក្រក់ ប៉ុន្តែតាមពិតទៅល្អចំពោះអ្នកទៅវិញ ៖

១. នោមពេលងូតទឹក

វាហាក់ដូចជាមិនសមនៅពេលនិយាយដល់ការនោមនៅពេលងូតទឹក ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនបាន
រកឃើញថា ប្រមាណ ៧៥ ភាគរយនៃមនុស្សទាំងអស់ គឺសុទ្ធតែបានធ្វើវាយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេ។ តាមពិតទៅវាគ្មានអ្វីគួរឱ្យខ្មាស់ឡើយ ជាតិអាស៊ីតអ៊ុយរិកនិងអាម៉ូញាក់នៅក្នុងទឹកនោម គឺអាចជួយទប់ស្កាត់ការឆ្លងមេរោគផ្សិតលើក្រចកជើងបានយ៉ាងប្រសើរ។ 

២. ការទំពារស្ករកៅស៊ូ

អ្វីដែលធ្វើឱ្យការទំពារស្ករកៅស៊ូបែរជាមានប្រយោជន៍នោះគឺ វាជួយជម្រុញបង្កើនការផលិតទឹកមាត់ ដើម្បីលាងជម្រះបាក់តេរីចេញពីធ្មេញរបស់អ្នក។ វាក៏ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លានិងជួយអោយអ្នកអាចធ្វើការផ្ដោតអារម្មណ៍បានល្អជាងមុនផងដែរ។

៣. ការទទួលទានកាហ្វេ

អ្នកប្រហែលជាធ្លាប់បានឭថា កាហ្វេ គឺមិនល្អសម្រាប់សុខភាពឡើយ ដោយវាអាចធ្វើឱ្យអ្នកកើតជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗទៀតបាន។ ពិតណាស់នោះ ក៏ព្រោះតែអ្នកទទួលទានវាលើសកម្រិត។ តាមពិតទៅកាហ្វេ គឺល្អណាស់សម្រាប់សុខភាព ប្រសិនបើអ្នកទទួលទានវាត្រឹម ២ ឬ ៣ ពែងក្នុងមួយថ្ងៃដោយសារកាហ្វេមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។

៤. ការភើរ

វាជាការពិតដែលការភើរនៅទីសាធារណៈហាក់ដូចជាមិនសម។ ទោះជាយ៉ាងណាក៏ដោយវាគ្មានហេតុផលណាមួយដែលអ្នកត្រូវទប់ភើរឡើយ ក៏ព្រោះការបញ្ចេញជាតិហ្គាសតាមរយៈមាត់ គឺល្អចំពោះបំពង់រំលាយអាហារ។ បើមិនដូច្នោះទេជាតិហ្គាសច្រើនលើសក្នុងពោះអាចបណ្ដាលឲ្យកើតមានបញ្ហាច្រាលអាស៊ីតក្រពះ។

៥. ផោម

ការផោម គឺល្អចំពោះសុខភាពដូចភើរអញ្ចឹងដែរ។ ជាធម្មតា ជាតិហ្គាសនៅក្នុងពោះវៀន បណ្ដាលមកពីការលេបខ្យល់ចូល ខណៈពេលទទួលទានអាហារភេសជ្ជៈផ្សេងៗ។ ជាតិហ្គាសក៏ត្រូវបានផលិតឡើងដោយសកម្មនៃបាក់តេរីក្នុងពោះវៀនលើអាហារផងដែរ។ ប្រសិនបើអ្នកមិនបញ្ចេញវាទេនោះ វានឹងបង្កផលវិបាកដល់ពោះវៀនដែលធ្វើឱ្យអ្នកមិនស្រួលក្នុងខ្លួន ហើយឈឺចាប់ក្នុងពោះ។

៦. ទទួលទានសូកូឡា

ការឡើង ឬលើសជាតិស្ករនិងបញ្ហាពុកធ្មេញ ជាមូលហេតុដែលធ្វើឲ្យគេនិយាយថាការទទួលទានសូកូឡា គឺមិនល្អ។ តាមពិតទៅសូកូឡាធ្វើមកពីកាកាវនិងរួមផ្សំជាមួយសមាសធាតុច្រើនទៀតដែលល្អចំពោះសុខភាព។ ទោះជាយ៉ាងណាដើម្បីជៀសឆ្ងាយពីបញ្ហាមិនល្អផ្សេងៗ ចូរធ្វើការជ្រើសរើសទទួលទាននូវសូកូឡាប្រភេទណាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ។

៧. មិនងូតទឹកជាប្រចាំ

អ្នកមិនចាំបាច់ត្រូវងូតទឹករាល់ថ្ងៃ ឬញឹកញាប់ឡើយ ក៏ព្រោះការងូតទឹកច្រើនពេកអាចបណ្ដាលឱ្យស្បែកប្រែជាស្ងួតខ្លាំងពិសេសនៅពេលអ្នកងូតទឹកក្ដៅនិងប្រើប្រាស់សាប៊ូមានជាតិគីមីខ្លាំង។ លើសពីនេះទៅទៀត ការងូតទឹកច្រើនអាចកម្ចាត់នូវបាក់តេរីល្អៗចេញពីស្បែកដែលជាហេតុបង្កឱ្យកើតមានបញ្ហាស្បែកផ្សេងៗ។

៨. ការគេងសំដិលថ្ងៃ

មូលហេតុចម្បងដែលធ្វើឱ្យការគេងហាលថ្ងៃត្រូវបានគេនិយាយថា ជាទម្លាប់អាក្រក់បំផុតនោះគឺវាអាចបង្កឱ្យកើតមានជំងឺមហារីកស្បែកនិងសញ្ញនៃភាពចាស់មុនអាយុ។ ប៉ុន្តែទម្លាប់នៃការគេងសំដិលថ្ងៃ គឺនឹងប្រែជាល្អប្រសើរ ប្រសិនបើអ្នកចេះជ្រើសរើសពេលវេលាបានត្រឹមត្រូវ។ ពេលវេលាដ៏ល្អដើម្បីទទួលបានផលប្រយោជន៍ពីការគេងសំដិលថ្ងៃ ឬការកម្ដៅស្បែកក្រោមពន្លឺព្រះទិត្យ គឺម៉ោង ១០ ព្រឹក និងម៉ោង ៤ ល្ងាច។ ក្រៅពីផ្ដល់ឱ្យអ្នកនូវស្បែកដែលមានសុខភាពល្អហើយនោះ ការគេងសំដិលថ្ងៃក៏ផលិតនូវវីតាមីន D ដែលជួយលើកអារម្មណ៍របស់អ្នកនិងជម្រុញការស្រូបជាតិកាល់ស្យូមដោយឆ្អឹងផងដែរ៕