ការបែកញើសហួសប្រមាណ និងក្លិនខ្លួនមិនល្អ មិនត្រឹមតែធ្វើយយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន និងគន្លឹះបែបធម្មជាតិងាយៗដើម្បីទប់ស្កាត់កាត់បន្ថយបញ្ហាក្លិនខ្លួនមិនល្អឆាប់រហ័ស ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ទឹកខ្មេះផ្លែប៉ោមជូតក្រោមក្លៀកអោយបាន ២ ដងក្នុងមួយថ្ងៃជាការស្រេច។ នោះក៏ព្រោះតែទឹកខ្មេះផ្លែប៉ោមមានផ្ទុកជាតិអាស៊ីតធម្មជាតិ និងលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីដែលបង្កក្លិនមិនល្អ។ 

២. ប្រេងដូង

ប្រេងដូង ជាផលិតផលបែបធម្មជាតិដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយដែលផ្ដល់ឱ្យរាងកាយនូវក្លិនក្រអូប។ វាមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ហើយរារាំងការលូតលាស់នៃបាក់តេរី ខណៈដែលអាស៊ីត lauric នៃប្រេងដូងកម្ចាត់ក្លិនឈួលមិនល្អនៃរាងកាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងត្រង់ក្លៀកឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃ ក្រោយពេលងូតទឹករួច។ ហើយក៏កុំភ្លេចទទួលទានរួមជាមួយនឹងអាហារដើម្បីកម្ចាត់បញ្ហាក្លិនមាត់មិនល្អ។

៣. ជីវ៉ាន់ស៊ុយ

មានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ជីវ៉ាន់ស៊ុយ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។

៤. ជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានជីអង្កាមស្រស់ ឬស្ងួតនិងប្រើប្រាស់ប្រេងជីអង្កាមលាបក្លៀក ឬបាតជើងជាការស្រេច។

៥. បន្លែភ្លៅកង្កែប

ក៏ព្រោះតែលក្ខណៈសម្បត្តិជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ បន្លែភ្លៅកង្កែបជួយបំបាត់ក្លិនខ្លួនមិនល្អដោយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយតាមរយៈទឹកនោម។

៦. ក្រូច

ក្រូចមានក្លិនឈ្ងុយស្រស់ស្អាត ហើយងាយនឹងស្រូបយកបានដោយរាងកាយ។ លើសពីនេះទៅទៀត ក្រូច និងក្រូចឆ្មារ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិពុលផ្សេងៗដែលបង្កបញ្ហាក្លិនខ្លួនមិនល្អចេញពីប្រព័ន្ធរាងកាយ។ ដូច្នេះដើម្បីជៀសផុតបញ្ហាក្លិនខ្លួនមិនល្អ ចូរព្យាយាមទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ជាប្រចាំ។ រីឯការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក ក៏អាចជួយដោះស្រាយបញ្ហាក្លិនមាត់បានយ៉ាងឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។

៧. តែបៃតង

ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tannin ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៨. ប៉េងប៉ោះ

ប៉េងប៉ោះ ជួយក្នុងការកម្ចាត់នូវពពួកបាក់តេរីដែលបង្កបញ្ហាក្លិនខ្លួនបានយ៉ាងឆាប់រហ័សតាមរយៈលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីពីធម្មជាតិដែលវាមានផ្ទុក។ ការទទួលទានទឹកប៉េងប៉ោះស្រស់ត្រឹមតែ ១ ពែង ជួយកាត់បន្ថយសីតុណ្ហភាពនៃរាងកាយដែលនឹងធ្វើឱ្យការបែកញើសថយចុះតាមនោះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង