នៅវេលាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អគ្គស្នងការនគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ។
នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានរៀបរាប់មូលហេតុបណ្ដាលឲ្យកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះថា រថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ 2-9667 ជារថយន្តឈ្នួលដឹកជញ្ជូនអ្នកដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ បើកបរដោយឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះសីហនុ ហើយបានដឹកអ្នកដំណើរចំនួន៦នាក់។
លោកឧត្ដមសេនីយ៍រៀបរាប់បន្តថា ការផ្ទុកអ្នកដំណើរចំនួន៦នាក់នេះ គឺជាការផ្ទុកលើសចំនួនកំណត់ ហើយការផ្ទុកចំនួនលើសកំណត់នេះ ក៏ជាមូលហេតុចម្បងមួយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ក្នុងការធ្វើដំណើរនោះ អ្នកបើកបរឈ្មោះ ម៉ិល សារ៉េត បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយមកដល់កន្លែងកើតហេតុអ្នករត់តាក់ស៊ីនោះ បានជែងជាមួយរថយន្ត Lexus RX 300 មួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ក្នុងឱកាសវ៉ាជែងនោះ ក្បួនព្រះទីនាំង របស់សម្ដេចក្រុមព្រះបានក៏មកដល់ទីនោះដែរ ធ្វើឲ្យឈ្មោះ ម៉ិល សារ៉េត កាន់តែបន្ថែមល្បឿនលឿន ហើយគេចចូលទៅខាងស្ដាំដៃ ហើយក៏គេចមកឆ្វេងដៃវិញ ហើយទៅបុកជាមួយរថយន្តសម្ដេចក្រុមព្រះ ដែលកំពុងតែធ្វើដំណើរទល់មុខគ្នាយ៉ាងពេញទំហឹង។
ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បន្ថែមទៀតថា ចំណុចនេះ ស្ដែងឲ្យឃើញថា មានបញ្ហា២ ដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ទី១ ការបើកបរលើសល្បឿនកំណត់ និង ទី២ គឺការដឹកអ្នកដំណើរលើសចំនួនកំណត់ ដែលធ្វើឲ្យការបញ្ជាលើការបើកបរមានការលំបាក។ ក្នុងនោះ គឺលំបាកក្នុងការកាច់ចង្កូត និងលំបាកក្នុងការជាន់ហ្វ្រាំង ហើយក៏បានបុកយ៉ាងពេញទំហឹងបែបនេះតែម្ដង។
តាមការណ៍ស៊ើបអង្កេត អគ្គស្នងការរងនគរបាលជាតិ សន្មតថា ករណីនេះ គឺជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយឈ្មោះ ម៉ិល សារ៉េត ហើយត្រូវបានស្នងការនគរបាលឃាត់ខ្លួន និងសាកសួរចម្លើយ ហើយជនបង្កក៏បានឆ្លើយសារភាពដូចអ្វីដែលសមត្ថកិច្ចបានស៊ើបអង្កេត។ លោកថា ផ្អែកតាមការស៊ើបអង្កេត សមត្ថកិច្ចបានវាយតម្លៃថា ករណីនេះ គឺជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយឈ្មោះ ម៉ិល សារ៉េត បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។ បច្ចុប្បន្នជនបង្កត្រូវបានចៅក្រម សាលាដំបូង ខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន ហើយត្រូវរង់ចាំការស៊ើបអង្កេតជាបន្តទៀត ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា តើការបុកនោះ ជាចេតនារបស់តៃកុងរថយន្តនោះ ឬយ៉ាងណា? លោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបំភ្លឺថា តាមការស៊ើបអង្កេតគឺពិតជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ពិតមែន ដោយសារម្ចាស់រថយន្តបង្កគ្រោះថ្នាក់នោះ ជារត់តាក់ស៊ីហើយបើកបរក្នុងល្បឿនលឿន ព្រោះចង់ចំណេញ ចង់បានម៉ូយច្រើន ទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តរបស់សម្ដេចក្រុមព្រះតែម្ដង។
គួរឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពេលដែលសម្ដេចក្រុមព្រះ យាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្នុងហេតុការណ៍នោះបណ្ដាលឲ្យ អ្នកម្នាង អ៊ុក ផល្លា បាត់បង់ជីវិត ហើយទើបតែបូជាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។ ចំណែកឯសម្ដេចក្រុមព្រះ កំពុងព្យាបាលព្រះកាយនៅឯមន្ទីរពេទ្យ៕
ប្រភព៖ sabay.com.kh