គ្រប់​សរីរាង្គ​ទាំងអស់​ក្នុង​រាងកាយ គឺ​សុទ្ធតែ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់យ៉ាងចាំបាច់ ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​និងជៀសផុតពីបញ្ហា​សុខភាព​ផ្សេងៗ​។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិតណាស់គ្មាននរណាម្នាក់អាចរស់រានមានជីវិតបានយូរថ្ងៃដោយមិនទទួលទានទឹកឡើយ! បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែដឹងរួចហើយថា ការទទួលទានទឹកមិនបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណ ការបែកញើស
ហួសប្រមាណ ការក្អួត និងរាគ ជាមូលហេតុទូទៅបំផុតនៃបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថា ការទទួលអាហារមួយចំនួនក៏អាចធ្វើអោយរាងកាយខ្សោះជាតិទឹកផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារ ព្រមទាំងភេសជ្ជៈមួយចំនួនដែលអាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖ 

១. អាហារប្រៃ

ក្រៅពីបណ្ដាលអោយសម្ពាធឈាមឡើងខ្ពស់ហើយនោះ ការទទួលទានអាហារប្រៃៗក៏បង្កបញ្ហាខ្សោះជាតិទឹកផងដែរ។ នោះក៏ព្រោះតែជាតិអំបិល ឬសូដ្យូមទាញជាតិទឹកចេញពីរាល់កោសិកាទៅប្រមូលផ្ដុំត្រង់ផ្នែកណាមួយក្នុងរាងកាយវិញដែលបង្កជាអាការៈហើម។

២. អាហារផ្អែម

អ្នកចូលចិត្តទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនមែនទេ? បើមែននោះអ្នកកំពុងប្រឈមមុខនឹង
ហានិភ័យខ្ពស់នៃបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយហើយ! នៅពេលរាងកាយចាប់បានថាកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ វានឹងធ្វើអោយអ្នកនោមញឹក ឬនោមច្រើនជាងធម្មតា។ នេះក៏ជាមូលហេតុដែលអ្នកមានជំងឺទឹកនោមផ្អែមជួបប្រទះអាការៈនោមញឹកនិងមានអារម្មណ៍ស្រេកទឹកសឹងគ្រប់ពេល។

៣. អាហារកែច្នៃ

មិនត្រឹមតែមិនល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយអ្នកខ្សោះជាតិទឹកផងដែរ។ នោះក៏ព្រោះតែរាងកាយបង្កើនការផលិតទឹកនោមធ្វើអោយអ្នកនោមញឹកជាងមុនដើម្បីកម្ចាត់ជាតិពុលនៃអាហារកែច្នៃចេញពីរាងកាយ។ ជាពិសេសនោះ គឺអាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិលនិងស្ករដែលបង្កបញ្ហាខ្សោះជាតិទឹកគួរអោយកត់សម្គាល់។

៤. ទំពាំងបារាំង

នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសារធាតុ asparagine ដែលបណ្ដាលអោយតម្រងនោមផលិតទឹកនោមកាន់តែច្រើន។ 

៥. ប្រូតេអ៊ីន

ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនច្រើនក៏អាចបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ នោះក៏ព្រោះតែរាងកាយទាមទារជាតិទឹកច្រើនដើម្បីដំណើរការបំបែកនិងប្រើប្រាស់ជាតិប្រូតេអ៊ីនប្រកបដោយប្រសិទ្ធភាព។

៦. កាហ្វេ

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមធ្វើអោយអ្នកនោមញឹកជាងមុន ហើយបាត់បង់ជាតិទឹកច្រើនចេញពីរាងកាយ។ ការទទួលទានកាហ្វេត្រឹមមួយពែងនឹងមិនធ្វើអោយអ្នកខ្សោះជាតិទឹកឡើយ ប៉ុន្តែពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃអាចបង្កបញ្ហាខ្សោះជាតិទឹកគួរអោយបារម្ភ។

៧. គ្រឿងស្រវឹង

ក៏មិនខុសពីកាហ្វេដែរ គ្រឿងស្រវឹងក៏មានលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដូចគ្នា។ ការទទួលទានគ្រឿងស្រវឹងច្រើននឹងធ្វើអោយអ្នកខ្សោះជាតិទឹក។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានត្រឹមកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង