ប៉ូតាស្យូមដើរតួនាទីយ៉ាងសំខាន់បំផុតមួយនៅក្នុងរាងកាយ។ វាជួយគ្រប់គ្រងសារធាតុរាវ សម្ពាធ
ឈាម ភាពរួញនៃសាច់ដុំ ការកន្ត្រាក់នៃសាច់ដុំ និងតុល្យភាពនៃជាតិរ៉ែ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) លើសពីនេះទៅទៀតប៉ូតាស្យូមក៏បន្ថយឥទ្ធិពលនៃការទទួលទានជាតិសូដ្យូមច្រើនពេកផងដែរ។ ដូច្នេះកង្វះនៃជាតិប៉ូតាស្យូមអាចបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះសុខភាពរាងកាយ។ ប៉ុន្តែថាតើយើងអាចដឹងថាខ្លួនឯងកំពុងខ្វះជាតិប៉ូតាស្យូមបានយ៉ាងណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈមួយចំនួនដែលលេចឡើងនៅពេលរាងកាយខ្វះជាតិប៉ូតាស្យូម ៖
១. ឧស្សាហ៍ទល់លាមក
កម្រិតនៃជាតិប៉ូតាស្យូមទាបអាចពន្យឺតមុខងារនៃសរីរាង្គដទៃទៀត រួមទាំងប្រព័ន្ធរំលាយអាហារដែលនឹងធ្វើអោយអ្នកទល់លាមកញឹកញាប់។ អាការៈឈឺរមួលនិងហើមពោះក៏អាចកើតមានអមមកជាមួយ
ផងដែរ។
២. អស់កម្លាំង
ភាពខ្សោយអស់កម្លាំងជាប្រចាំទោះមិនបានធ្វើសកម្មភាពអ្វីសោះ គឺជាអាការៈទូទៅបំផុតមួយនៃបញ្ហាខ្វះជាតិប៉ូតាស្យូមក្នុងរាងកាយ។ រាល់កោសិកាទាំងអស់ក្នុងរាងកាយត្រូវការជាតិប៉ូតាស្យូមគ្រប់គ្រាន់ដើម្បីដំណើរការមុខងារ ដូច្នេះហើយទើបកង្វះជាតិរ៉ែនេះអាចជះឥទ្ធិពលគួរអោយបារម្ភដល់មុខងារនៃសរីរាង្គនិងកោសិកា។ កង្វះជាតិប៉ូតាស្យូមអាចបណ្ដាលអោយខ្សោយកម្លាំងល្ហិតល្ហៃដោយគ្មានមូលហេតុ។ អ្នកក៏គួរព្យាយាមធ្វើលំហាត់ប្រាណបែបស្រាលៗជាប្រចាំផងដែរ ប្រសិនបើកំពុងប្រឈមមុខនឹងបញ្ហាខ្វះជាតិប៉ូតាស្យូម។ ទោះជាយ៉ាងណា អាការៈអស់កម្លាំងល្ហិតល្ហៃក៏អាចបណ្ដាលមកពីបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យស្វែង
រកមូលហេតុពិតប្រាកដ។
៣. សម្ពាធឈាមឡើងខ្ពស់
ប៉ូតាស្យូមមានប្រសិទ្ធិភាពកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូម។ ហើយភាគច្រើននៃពួកយើងបានដឹង
ថា ជាតិសូដ្យូមលើសកម្រិតក្នុងរាងកាយអាចបង្កផលប៉ះពាល់មិនល្អចំពោះសម្ពាធឈាម។ ដូច្នេះការរក្សាបាននូវជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងសម្ពាធឈាមមិនអោយឡើងខ្ពស់ខុសប្រក្រតី។
៤. ញ័រទ្រូង
កង្វះជាតិប៉ូតាស្យូមក៏អាចជះឥទ្ធិពលដល់សុខភាពបេះដូងផងដែរ។ អាការៈញ័រទ្រូងនិងបញ្ហាចង្វាក់
បេះដូងលោតខុសប្រក្រតីអាចនឹងកើតឡើងដោយសារកង្វះជាតិប៉ូតាស្យូមជះឥទ្ធិពលដល់ការកន្ត្រាក់នៃសាច់ដុំបេះដូង។
៥. ឈឺរមួលនិងកន្ត្រាក់សាច់ដុំភ្លាមៗ
ជាធម្មតាអាការៈរមួលក្រពើភ្លាមៗដោយមានអមមកជាមួយនូវការកន្ត្រាក់សាច់ដុំគ្រប់គ្រងមិនបាន គឺតែងកើតឡើងនៅពេលជាតិប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។ នៅក្នុងកោសិកាសាច់ដុំ គឺប៉ូតាស្យូម
ជួយបញ្ជូនសញ្ញាពីខួរក្បាលដែលរំញោចការកន្ត្រាក់។ វាក៏ជួយបញ្ឈប់ការកន្ត្រាក់ដោយការផ្លាស់ចេញពីកោសិកាសាច់ដុំ។ នៅពេលកម្រិតនៃជាតិប៉ូតាស្យូមក្នុងឈាមមានកម្រិតទាបនោះខួរក្បាលមិនអាចបញ្ជូនសញ្ញាប្រកបដោយប្រសិទ្ធិភាពទៀតឡើយ។ ជាលទ្ធផលបណ្ដាលអោយមានការកន្ត្រាក់សាច់ដុំរយៈពេលយូររហូលដល់រមួលសាច់ដុំ។
៦. ឈឺឆៀបៗនិងស្ពឹក
ប៉ូតាស្យូមជួយរក្សាសុខភាពប្រព័ន្ធប្រសាទ។ ប្រសិនបើគ្មានជាតិប៉ូតាស្យូម ឬប៉ូតាស្យូមមានកម្រិតទាបពេកនោះបញ្ហាឈឺឆៀបៗនិងស្ពឹកប្រាកដជាកើតមានឡើង៕