បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កអោយរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផង
ដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង, ចង្អោរចង់ក្អួត, វិលមុខ, ក្អួត, ភើរ និងក្អកដែលបង្កការរំខានគួរឲ្យព្រួយបារម្ភ។ ការទទួលទានអាហារមិនត្រឹមត្រូវអាចជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរជៀសវាងប្រសិនបើកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ៖
១. អាហារ Fast Food
អាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ឬប្រេងដែលអាចធ្វើអោយអាការៈនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះកាន់តែធ្ងន់ធ្ងរ។
២. អាហារហិរ
អាហារមានរសជាតិហិរគ្រប់ប្រភេទអាចបណ្ដាលអោយក្រពះផលិតជាតិអាស៊ីតកាន់តែច្រើនឡើងបង្កអាការៈក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ។ ការច្រាលទឹកអាស៊ីតក្រពះក៏អាចបង្កបញ្ហាដំបៅក្រពះគួរអោយព្រួយបារម្ភផងដែរ។ ប្រសិនបើអ្នកកំពុងមានបញ្ហាដំបៅក្រពះនោះការទទួលទានអាហារហិរអាចបង្កការ
លាកបន្ថែមដែលនឹងធ្វើអោយមានអារម្មណ៍ឈឺចាប់។
៣. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ។
៤. កាហ្វេ
ក៏មិនខុសពីគ្រឿងស្រវឹងដែរ ការទទួលទានកាហ្វេអាចបង្កការរលាកស្រទាប់ក្នុងនៃក្រពះ។ នេះហើយជាមូលហេតុដែលអ្នកមិនគួរទទួលកាហ្វេកំឡុងពេលទប់ទល់នឹងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ កាហ្វេក៏ជាភេសជ្ជៈដែលអាចបង្កអាការៈក្រហាយទ្រូងដែលជារោគសញ្ញាគួរអោយរំខានបំផុតមួយនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះផងដែរ។
៥. ទឹកផ្លែឈើស្រស់
នោះក៏ព្រោះតែវីតាមីន C នៃទឹកផ្លែឈើស្រស់បង្កើនការផលិតជាតិអាស៊ីតក្នុងក្រពះ ហើយក៏បង្ករោគសញ្ញាផ្សេងទៀតពាក់ព័ន្ធប្រព័ន្ធរំលាយអាហារដែលនឹងធ្វើអោយបញ្ហានៃការច្រាលទឹកអាស៊ីតក្រពះកាន់តែអាក្រក់ឡើងគួរអោយបារម្ភ៕