តែបៃតង ជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាព ដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិរ៉ែសំខាន់ៗ រួមទាំងសារធាតុ polyphenols, Epigallocatechin Gallate (EGCG) និង catechins ដែលជួយព្យាបាលការរលាក, កម្ចាត់រ៉ាឌីកាល់សេរី, ទប់ស្កាត់ជំងឺមហារីក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែការទទួលទានវាខុសពេលក៏អាចជះឥទ្ធិពលមិនល្អផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់តែបៃតងរួចមកហើយ ប៉ុន្តែបើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏ប្រហែលមិនធ្លាប់ចាប់អារម្មណ៍ទេថាតើគួរទទួលទានវានៅពេលណាទើបអាចផ្ដល់នូវអត្ថប្រយោជន៍កាន់តែប្រសើរចំពោះសុខភាពបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីពេលវេលាល្អបំផុតដើម្បីទទួលទានតែបៃតងជៀសវាងផលប៉ះពាល់ និងការទទួលទានច្រើនលើសពេក ៖
- កុំទទួលទាននៅពេលព្រឹកព្រលឹមពោះទទេរ
ការទទួលទានតែបៃតងនៅពេលព្រឹកពោះទទេរ ឬមិនទាន់ញ៊ាំអ្វីផ្សេងសោះនោះ គឺមិនមែនជាគំនិតល្អឡើយ ដោយវាអាចនឹងជះឥទ្ធិពលដល់ថ្លើម និងការរំលាយអាហារ។
- យ៉ាងហោចណាស់ ២ ម៉ោងមុន ឬក្រោយពេលអាហារ
ការទទួលទានតែបៃតងចន្លោះពេលអាហារយ៉ាងហោចណាស់ ២ ម៉ោងមុន ឬក្រោយដើម្បីអាចអោយរាងកាយស្រូបយកសារធាតុចិញ្ចឹមពេញលេញ។ នោះក៏ព្រោះតែការទទួលទានតែបៃតងភ្លាមៗក្រោយអាហារអាចជះឥទ្ធិពលដល់ការរំលាយអាហារបានត្រឹមត្រូវ ហើយបញ្ហានេះនឹងធ្វើអោយរាងកាយមិនអាចទទួលបាននូវសារធាតុពេញលេញពីអាហារ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាខ្វះគ្រាប់ឈាមក្រហមត្រូវជៀសអោយផុតនូវការទទួលទានតែបៃតងរួមពេលគ្នាជាមួយអាហារ ក៏ព្រោះសារធាតុ catechins នៃតែបៃតងនឹងរារាំងការស្រូបយក និងរំលាយជាតិដែកពីអាហារ។
- យ៉ាងហោចណាស់ ១ ទៅ ២ ម៉ោងមុនពេលចូលគេង
តែបៃតងមិនមែនជាភេសជ្ជៈដ៏ប្រសើរសម្រាប់ទទួលទានមុនពេលចូលគេងឡើយ។ នោះក៏ព្រោះតែជាតិកាហ្វេអ៊ីន និងអាស៊ីតអាមីណូ L-theanine នៃតែបៃតងនឹងបង្កការរំខានដល់ដំណេកដែលធ្វើអោយអ្នកគេងមិនលក់ ឬគេងមិនស្កប់។
- គួរទទួលទានតែបៃតងប៉ុន្មានពែងក្នុងមួយថ្ងៃទើបប្រសើរ?
ពិតណាស់លុះត្រាតែអ្នកទទួលទានក្នុងកម្រិតមធ្យមទើបតែបៃតងមិនបង្កផលប៉ះពាល់ផ្សេងៗចំពោះសុខភាពរាងកាយ។ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland សហរដ្ឋ
អាមេរិក ដើម្បីជាការប្រសើរមនុស្សម្នាក់គួរកម្រិតការទទួលទានតែបៃតងត្រឹមពី ២ ទៅ ៣ ពែងក្នុង
មួយថ្ងៃបានហើយ៕