មនុស្សម្នាក់ៗ គឺគេងក្នុងទីតាំងបែបផ្សេងៗពីគ្នា។ ជាធម្មតា យើងជ្រើសរើសគេងទីតាំងណាដែលផ្ដល់ឲ្យយើងនូវអារម្មណ៍សុខស្រួលមានផាសុកភាព ឬងាយគេង។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះជាយ៉ាងណា ប្រហែលជាអ្នកមិនបានដឹងអំពីរឿងនេះទេមើលទៅ ប៉ុន្តែប្រសិនបើអ្នកគេងបែរ ឬផ្អៀងទៅខាងឆ្វេងនោះ អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍អស្ចារ្យគួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាព! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការគេងផ្អៀងបែរទៅខាងឆ្វេង ៖

១. ល្អចំពោះសុខភាពបេះដូង

ផ្នែកខាងឆ្វេងនៃបេះដូងបូមឈាមឆ្ពោះទៅកាន់រាងកាយ។ នេះហើយជាមូលហេតុសមស្របមួយដែលអ្នកគួរគេងបែរទៅខាងឆ្វេង ដើម្បីផ្ដល់ភាពងាយស្រួលដល់បេះដូងក្នុងការដំណើរការមុខងារដោយប្រក្រតីទោះបីជាកំឡុងពេលអ្នកកំពុងគេង។  លើសពីនេះទៅទៀត ការគេងក្នុងទីតាំងបែបនេះក៏អាចជួយអោយប្រព័ន្ធឈាមរត់ប្រើប្រាស់ទំនាញជាប្រយោជន៍សម្រាលបន្ទុកបូមឈាមនៃបេះដូងផងដែរ 

២. អត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ

គ្មានអ្វីខុសទេ ប្រសិនបើអ្នកសម្រេចចិត្តគេងបែរទៅខាងស្ដាំកំឡុងពេលមានផ្ទៃពោះនោះ។ ប៉ុន្តែប្រសិនបើអ្នកគេងបែរទៅខាងឆ្វេង អ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនបន្ថែម ជាពិសេសកំឡុងត្រីមាសចុងក្រោយ។ អត្ថប្រយោជន៍នោះ គឺវាអាចជួយធ្វើឲ្យចរន្តឈាមរត់មានលក្ខណៈកាន់តែល្អប្រសើរឡើង និងសង្គ្រោះថ្លើមពីទម្ងន់ដែលលើស ដោយការអនុញ្ញាតឲ្យថ្លើមដំណើរការមុខងារផ្សេងទៀតរបស់វា។ នោះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនណែនាំអោយស្ត្រីមានផ្ទៃពោះគេងផ្អៀងទៅខាងឆ្វេង។ បើទោះជាអ្នកគ្មានផ្ទៃពោះ ប៉ុន្តែការគេងផ្អៀងទៅឆ្វេងក៏ជួយកាត់បន្ថយសម្ពាធចេញពីបេះដូងគួរអោយកត់សម្គាល់។

៣. បង្កើនភាពល្អប្រសើរនៃប្រព័ន្ធទឹករងៃ

ប្រព័ន្ធទឹករងៃ គឺបញ្ចេញភាពកខ្វក់ និងជាតិពុលផ្សេងៗចេញពីរាងកាយ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា ប្រព័ន្ធទឹករងៃហូរចូលទៅក្នុងសសៃឈាម thoracic duct ដែលមានទីតាំងនៅខាងឆ្វេង។ នេះហើយជាមូលហេតុដែលអ្នកនឹងទទួលបានប្រយោជន៍ពីការគេងផ្អៀងទៅខាងឆ្វេង ដោយសារតែក្នុងការគេងរបៀបនេះជួយពន្លឿន និងសម្រួលដល់ដំណើរការនៃការកម្ចាត់ជាតិពុលចេញពីរាងកាយ។ លើសពីនេះទៅទៀត ប្រព័ន្ធទឹករងៃប្រមូលផ្ដុំប្រូតេអ៊ីនដែលគេចចេញពីកោសិកា។ ប្រសិនបើអ្នកគេងផ្អៀងទៅខាងឆ្វេង អ្នកនឹងអាចនាំប្រូតេអ៊ីនទាំងអស់នោះទៅកាន់កន្លែងដែលវាគួរនៅវិញបាន។

៤. ទប់ស្កាត់ការកកស្ទះឈាមក្នុងថ្លើម

ថ្លើម គឺមានទីតាំងនៅខាងស្ដាំនៃរាងកាយ ហើយវាអាចនឹងស្ទះកកឈាមប្រសិនបើអ្នកចំណាយពេលរាប់ម៉ោងគេងបែរទៅខាងស្ដាំជាប់រហូត។ ការគេងផ្អៀងទៅឆ្វេង គឺដើម្បីរក្សាសារធាតុមិនល្អផ្សេងៗ រួមទាំងជាតិពុលអោយទទួលបានការបន្សាបដោយថ្លើម នៅមុនពេលបញ្ចេញទៅក្រៅរាងកាយ ឬប្រមូលផ្ដុំក្នុងថ្លើម។

៥. បង្កើនមុខងារនៃផាល (Spleen)

ផាល គឺជាសរីរាង្គក្នុងរាងកាយដែលជាផ្នែកមួយនៃប្រព័ន្ធទឹករងៃ។ វាមានទីតាំងនៅផ្នែកខាងឆ្វេងនៃរាងកាយ ហើយប្រសិនបើអ្នកគេងផ្អៀងទៅខាងឆ្វេងដែលនោះ អ្នកនឹងអាចជួយឲ្យផាលដំណើរការមុខងារបានកាន់តែប្រសើរឡើង។ អ្វីដែលកើតឡើង គឺទំនាញជួយបង្កើនលំហូរឈាមទៅកាន់ផាល និងអនុញ្ញាតឲ្យវាច្រោះភាពកខ្វក់ក្នុងពេលជាមួយគ្នាផងដែរ។

៦. ទប់ស្កាត់បញ្ហាក្រហាយទ្រូងនៅពេលយប់

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺច្រាលទឹកអាស៊ីតក្រពះនោះ អ្នកគួរគេងផ្អៀងទៅខាងឆ្វេងទើបប្រសើរ។ នៅពេលអ្នកគេងក្នុងទីតាំងបែបនេះ ក្រពះ គឺនឹងស្ថិតនៅក្រោមបំពង់អាហារ។ ដូច្នេះទឹកអាស៊ីតក្រពះមិនអាចច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារវិញបានឡើយ។

៧. សម្រាលអាការៈឈឺខ្នង

អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។
នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង៕