ជីវិតរបស់មនុស្សយើង ប្រៀបដូចជាវិញ្ញាសាចំនួន ៤ខ ដែលវិញ្ញាសាទាំងនេះគឺជាអ្វីដែលយើងត្រូវប្រឡងឲ្យជាប់ ឬឆ្លងកាត់ដោយជោគជ័យ។ សាកល្បងអានខាងក្រោមនេះ ថាតើអ្នកបានឆ្លងផុតប៉ុន្មានវិញ្ញាសាហើយ?
១. រាងកាយរឹងមាំ
មូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងជីវិតមនុស្សយើងគឺការមានសុខភាពរឹងមាំ សុខភាពល្អ ដែលយើងអាចរកបានដោយការហាត់ប្រាណយ៉ាងទៀងទាត់ វិន័យក្នុងការញ៉ាំអាហារ និងការរក្សាផ្លូវចិត្ត។
២. មានមនុស្សល្អក្បែរខ្លួន
មនុស្សក្បែរខ្លួនអាចសំដៅលើគូជីវិត ឬមិត្តភ័ក្ដិ ដែលជាមនុស្សល្អ អាចនាំយើងទៅរកភាពចម្រើន។ ជ្រើសរើសគូជីវិតគឺត្រូវជ្រើសរើសឲ្យបានល្អ ហើយបើរើសបានអ្នកល្អហើយ យើងត្រូវថែរក្សាគេឲ្យបានល្អបំផុត មិនមែនជ្រើសរើសគេហើយក៏បណ្ដែតបណ្ដោយមិនខ្វល់ខ្វាយពីគេនោះទេ។
មនុស្សភាគច្រើនមិនបានថ្នាក់ថ្នមមនុស្សនៅក្បែរខ្លួនបានល្អ តែបែរជាធ្វើឲ្យគេខកចិត្ត បាត់បង់ក្ដីស្រលាញ់។ បែបនេះគឺចាត់ទុកថាប្រលងធ្លាក់។
ជាមួយមិត្តភ័ក្ដិក៏ដូចគ្នា បើគេជាមិត្តល្អនឹងយើង យើងត្រូវថែរក្សាគេឲ្យបានល្អដែរ។ មនុស្សភាគច្រើន ជ្រើសរើសសេពគប់មិត្តដែលមានឋានៈខ្ពង់ខ្ពស់ និងគិតពីផលប្រយោជន៍។ ការជ្រើសរើសបែបនេះ គឺចាត់ទុកថាប្រលងធ្លាក់ដូចគ្នា ព្រោះមិត្តពិតប្រាកដមិនមែនស្ថិតលើសម្បកក្រៅ ប៉ុន្តែស្ថិតនៅនឹងចិត្តរបស់យើង។
៣. មានលុយចាយ
ចំណុចនេះគិតថាគ្រប់គ្នាអាចយល់ច្បាស់។ មានលុយចាយមិនមែនមានន័យថាត្រូវមានទ្រព្យស្ដុកស្ដម្ភទេ ប៉ុន្តែមានន័យថាមានលុយសមល្មម និងមានភាពគង់វង្សផ្នែកហិរញ្ញវត្ថុ។ និយាយឲ្យខ្លី ធ្វើយ៉ាងណាឲ្យលុយដែលហូរចេញ គឺតិចជាងលុយដែលហូរចូលជានិច្ច។
៤. មានចិត្តល្អ ខ្ពង់ខ្ពស់បែបមនុស្សចាស់ទុំ
ការដែលមនុស្សយើងមានចិត្តល្អ ខ្ពង់ខ្ពស់បែបចាស់ទុំគឺត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ៖
៤.១. មានមេត្តាករុណា ចេះគិតដល់មនុស្សដែលលំបាកជាងខ្លួន
៤.២. មានសតិសម្បជញ្ញៈ មិនបណ្ដោយឲ្យភាពអវិជ្ជមានគ្រប់សង្កត់ខ្លួន
៤.៣. មើលឃើញគុណតម្លៃនៃការងារដែលខ្លួនធ្វើ
៤.៤. ចេះរៀនសូត្រ អភិវឌ្ឍខ្លួនជានិច្ច ៕
ប្រភព៖sabay.com.kh