តាមការសិក្សាថ្មីមួយបានឲ្យដឹងថា ការរៀបការគឺជាវិធីសាស្រ្តមួយក្នុងការបន្ថែមការការពារអ្នកពីជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាច្រើនថែមទៀត។ អ្នកស្រាវជ្រាវបានវិភាគទៅលើទិន្នន័យដែលបានមកពីការសិក្សាចំនួន ៣៤ ដែលចុះផ្សាយនៅចន្លោះឆ្នាំ ១៩៦៣ និង ២០១៥។ ក្នុងនោះមានមនុស្សចូលរួមច្រើនជាង ២លាននាក់ឯណោះដែលមានអាយុពី ៤២ ទៅ ៧៧ឆ្នាំ ដែលមកពីតំបន់អាស៊ី អ៊ឺរ៉ុប តំបន់ខាងកើតកណ្តាល អាមេរិកខាងជើង និងScandinavia។ 

អ្នកស្រាវជ្រាវបានរកឃើញថា បើគេប្រៀបធៀបជាមួយអ្នកដែលរឿបការរួច អ្នកដែលមិនធ្លាប់រាប់ការសោះ លែងលះគ្នា ឬស្រ្តីមេមាយមានការប្រឈមនឹងជំងឺបេះដូងសរសៃឈាមខ្ពស់ជាង ៤២ភាគរយ ជំងឺសរសៃឈាមបេះដូងខ្ពស់ជាង ១៦ភាគរយ ការស្លាប់ដោយសារតែជំងឺសរសៃឈាមបេះដូងខ្ពស់ជាង ៤២ភាគរយ និងស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលខ្ពស់ជាង ៥៥ភាគរយឯណោះ។ 

អ្នកស្រាវជ្រាវជនជាតិអង់គ្លេសក៏បានរកឃើញថា ទាំងបុរស និងស្រ្តី ដែលលែងលះគ្នាមានជាប់ទាក់ទងគ្នានឹងការប្រឈមជំងឺបេះដូងខ្ពស់ជាង ៣៥ភាគរយ និងស្រ្តីមេមាយទំនងជាប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ១៦ភាគរយដែរ។ វាមិនមានអ្វីខុសគ្នាឡើយចំពោះការប្រឈមនឹងការស្លាប់ក្រោយពីកើតជំងឺដាច់សរសៃឈាមខួរក្បាលរវាងអ្នករៀបការ និងមិនរៀបការ។ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមិនធ្លាប់រៀបការសោះទំនងជាស្លាប់ក្រោយពីគាំងបេះដូងច្រើនជាងអ្នកដែលរៀបការរួច ៤២ភាគរយ។ ប៉ុន្តែការសិក្សានេះមិនបានអះអាងថា ការរៀបការធ្វើឲ្យការប្រឈមនឹងជំងឺបេះដូងថយចុះនោះឡើយល ការសិក្សានេះត្រូវបានចុះផ្សាយក្នុងប្រព័ន្ធអ៊ីនធើណេតក្នុងថ្ងៃទី ១៨ ខែមិថុនានេះ តាមរយៈសារព័ត៌មាន Heart៕