ផ្លែប៉ោមភាគច្រើនត្រូវបានអ្នកលក់លាបក្រមួនពីលើអោយមើលទៅឃើញភ្លឺៗទាក់ទាញចិត្តអ្នកទិញ និងអាចរក្សាទុកបានយូរជាងមុនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក្រមួនដែលយកមកប្រើប្រាស់នោះមិនល្អសោះឡើយចំពោះសុខភាព ដោយវាអាចបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភ។ ជាធម្មតាអ្នកអាចសម្គាល់មើលថាផ្លែប៉ោមនោះមានក្រមួនឬអត់តាមរយៈភាពភ្លឺលើសំបក។ ប៉ុន្តែក៏នៅមានវិធីផ្សេងទៀតដើម្បីបញ្ជាក់ពីវត្តមាននៃក្រមួនលើផ្លែប៉ោម។ ទី ១ នោះ គឺប្រើប្រាស់កាំបិតមកកោលលើសំបកនៃផ្លែប៉ោមថ្នមៗ ហើយអ្នកនឹងឃើញក្រមួនជាប់លើកាំបិត។
វីធីទី ២ នោះ គឺត្រដុសផ្លែប៉ោមនឹងបាតដៃរបស់អ្នក ហើយអ្នកនឹងឃើញម្ស៉ៅសៗលើបាតដៃ។ ម្ស៉ៅនេះហើយជាក្រមួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗដើម្បីសម្អាតក្រមួនចេញពីផ្លែប៉ោម ៖ 

១. ទឹកខ្មេះផ្លែប៉ោម

ប្រើប្រាស់ក្រណាត់ស្អាតមួយ ឬក្រដាសជូតមាត់ប្រភេទរឹងជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម រួចជូតវាសលើផ្លែប៉ោមអោយសព្វ។ បន្ទាប់មកលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

២. ម្ស៉ៅ Baking soda និងទឹកក្រូចឆ្មារស្រស់

លាយម្ស៉ៅ Baking soda និង ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយក្នុងទឹកធម្មតា។ កូរអោយសព្វ 
សឹមជ្រលក់ផ្លែប៉ោមក្នុងទឹកល្បាយ ហើយដុសសម្អាតចេញ។ ចុងក្រោយគ្រាន់តែលាងផ្លែប៉ោមម្ដងទៀតជាមួយនឹងទឹកធម្មតាជាការស្រេច។

៣. លាងជាមួយទឹកក្ដៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ផ្លែប៉ោមក្នុងទឹកក្ដៅសម្រាប់រយៈពេលប៉ុន្មានវិនាទី និងលាងសម្អាតចេញម្ដងទៀតជាមួយទឹកធម្មតាជាការស្រេច។

៤. ទឹកខ្មេះ

ដុសសម្អាតផ្លែប៉ោមជាមួយទឹកខ្មេះ រួចលាងសម្អាតចេញម្ដងទៀតជាមួយទឹកធម្មតាមុនពេលទទួលទាន។

មនុស្សមួយចំនួនជ្រើសរើសការចិតសំបកផ្លែប៉ោមចេញមុននឹងទទួលទាន ប៉ុន្តែវិធីនេះមិនត្រូវបានណែនាំឡើយខណៈដែលសំបកផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម។ ដូច្នេះដើម្បីជាការប្រសើរអ្នកអាចជ្រើសរើសវិធីណាមួយខាងលើសម្អាតក្រមួនចេញពីផ្លែប៉ោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង