តើអ្នកធ្លាប់មានអារម្មណ៍ញ័រដើមទ្រូងភ្លាមៗក្រោយពីញ៉ាំអាហាររួចដែរទេ? បើសិនជាមាន គឺមិនបាច់បារម្ភទេ ព្រោះថា វាមានហេតុផលខុសៗគ្នាច្រើនណាស់ចំពោះរឿងនេះ។ បើសិនជាវាកើតឡើងជាលើកដំបូង យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីប្រាកដថា វាមិនមានអ្វីធ្ងន់ធ្ងរកើតឡើងទេ។ ករណីភាគច្រើនគឺមិនមានគ្រោះថ្នាក់អ្វីទេ ថ្វីបើមានមូលហេតុខ្លះទាក់ទងនឹងជំងឺគ្នុងខ្លួនក៏ដោយ។ 

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលគួរស្វែងយល់អំពីការញ័រដើមទ្រូងក្រោយបាយរួច៖

ប្រព័ន្ធរំលាយអាហារត្រូវការឈាមកាន់តែច្រើន

ក្រោយពីញ៉ាំអាហាររួច ដំណើរការនៃការរំលាយអាហារនឹងចាប់ផ្តើម។ រាល់ជីវជាតិទាំងអស់របស់អាហារនឹងត្រូវបញ្ជូនទៅក្នុងឈាម និងចែកចាយទៅគ្រប់កន្លែងនៃរាងកាយ។ ដើម្បីធ្វើបែបនេះបាន ប្រព័ន្ធរំលាយអាហារត្រូវការឈាមកាន់តែច្រើនដើម្បីដឹកជញ្ជូន ដូច្នេះបេះដូងក៏ត្រូវច្របាច់កាន់តែញ៉ាប់ និងធ្វើឲ្យទៅជាញ័រដើមទ្រូងដែរ។ ការញ័រដើមទ្រូងដោយសារតែការរំលាយអាហារអាចចាប់ផ្តើមប្រហែល ២០នាទីក្រោយពីបាយរួច ហើយវាអាចមានរយៈពេលយូរដល់ ៤០នាទីឯណោះ។ 

ញ៉ាំអាហារច្រើនៗពេក

ការញ័រដើមទ្រូងមិនទំនងជាកើតឡើងក្រោយពីញ៉ាំអាហារតិចៗឡើយ។ ហេតុផលគឺស្រដៀងគ្នានឹងខាងលើដែរ គឺបេះដូងត្រូវការឈាមច្រើនដើម្បីច្របាច់ទៅឲ្យប្រព័ន្ធរំលាយអាហារ។ ដូច្នេះវាមិនមែនជាបញ្ហាដែលអ្នកត្រូវភ័យក្នុងពេលញ័រដើមទ្រូងក្រោយពីញ៉ាំអាហារច្រើនៗទៀតឡើយ។ 

កំពុងតែមានជំងឺច្រាលទឹកអាស៊ីតក្រពះ

មានរោគសញ្ញាខុសៗគ្នាច្រើនណាស់នៃការច្រាលទឹកអាស៊ីតក្រពះ ដោយមានចាប់ពី មានរសជាតិដែកៗក្នុងមាត់ រហូតដល់ផោមច្រើន។ រឿងដែលមិនផ្តល់ផាសុកភាព និងគួរឲ្យខ្លាចបំផុតនោះគឺវាអាចធ្វើឲ្យញ័រដើមទ្រូងដែរ។ ប៉ុន្តែដើម្បីចៀសវាងរឿងនេះកើតឡើយ យកល្អគួរតែចៀសវាអាហារណាដែលធ្វើឲ្យច្រាលអាស៊ីតក្នុងក្រពះដូចចា អាហារហិរ និងហ្គាសជាដើម។ អ្នកក៏គួរតែកុំស្លៀកពាក់រឹបតឹងៗពេកដែរខណៈពេលកំពុងតែញ៉ាំអាហារ និងចៀសវាងការគេងភ្លាមក្រោយញ៉ាំរួច។ 

ញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់

កាលណាអាហារទាំងនេះចូលទៅក្នុងរាងកាយកាន់តែលឿន វានឹងបំលែងទៅជាជាតិស្ករ។ កាលណាជាតិស្ករក្នុងឈាមមានកាន់តេច្រើន វានឹងធ្វើឲ្យបេះដូងកាន់តែលោតញ៉ាប់ និងបញ្ហាផ្សេងៗទៀត។ ដូច្នេះចូរចៀសវាងការញ៉ាំអាហារណាមានជាតិផ្អែមសិប្បនិមិត្តដោយសារតែវាភាគច្រើនគឺជាកាបូអ៊ីដ្រាត។ 

ញ៉ាំតែ ឬកាហ្វេ

មនុស្សភាគច្រើនចូលចិត្តញ៉ាំតែ ឬកាហ្វេណាស់ ជាពិសេសក្រោយពីញ៉ាំអាហាររួចតែម្តង។ មែនហើយ រឿងនេះក៏អាចធ្វើឲ្យអ្នកញ័រដើមទ្រូងបានដែរ ដោយសារតែជាតិកាហ្វេអ៊ីន។ 

អាឡែហ្ស៊ីនឹងអាហារ

តើអ្នកធ្លាប់សម្គាល់ឃើញទេថា អ្នកធ្លាប់ញ័រដើមទ្រូងក្រោយពីញ៉ាំអាហារណាមួយដែរទេ? ដូច្នេះវាអាចដែរបើសិនជាអាហារនោះអ្នកកំពុងតែមានប្រតិកម្មអាឡែហ្ស៊ីជាមួយរួច។ អាហារដែលច្រើនតែមានប្រតិកម្មជាងគេនោះច្រើនតែជាអាហារធ្វើពីទឹកដោះគោតែម្តង។ ដូច្នេះបើអាចចៀសបានគួរតែចៀស៕